ខេត្ត​កំពង់​ចាម​​ ៖ បុរស​ម្នាក់​ឈ្មោះ ហិន ស៊ាប អាយុ​៤០​ឆ្នាំ រស់​នៅ​ភូមិ​​សន្ទៃ​ទី​១ ឃុំ​កក់ ស្រុកពញា​ក្រែក ​ត្រូវ​បាន​ប្រពន្ធ​កាប់​​១​កាំ​បិត​​ផ្គាក់​ចំ​ក​ផ្នែក​ខាង​ឆ្វេងរយះ​ ប្រវែង​ប្រហែល​១២​សង្ទី​ម៉ែត្រ​ ដាច់​សរសៃ​ឈាម​ដូច​គេ​អារ​.កមាន់​លិច​ជម្រៅ​​១​ថ្នាំង​ដៃ ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​​​កាល​ពី​ល្ងាច​​ថ្ងៃ​ទី ​​៦ កក្កដា ​ត្រូវ​បាន​ក្រុម​សាច់​ញាតិ​​​ដឹក​យក​ទៅ​សង្គ្រោះ​​​ជា​បន្ទាន់​​នៅ​មន្ទីរ​ ពេទ្យ​ខេត្ត ។ នៅ​ក្នុង​មន្ទីរ​ពេទ្យ​បុរស​រង​គ្រោះ​​ឈ្មោះ ស៊ាប បា​ន​ប្រាប់​​ឱ្យ​ដឹង​ថា រូប​គាត់​និង​ប្រពន្ធ​​ឈ្មោះ មឿន តិ អាយុ​៣៩​ឆ្នាំ បាន​នាំ​គ្នា​ផឹក​ស្រា​​នៅ​ផ្ទះ​តៀម​លក់​ស្រាមួយ​កន្លែង​​ក្នុង​ភូមិ ​អស់​ស្រា​ថ្នាំ​ជាង​១​លីត្រ​ ជា​ហេតុ​បណ្តាល​​ឱ្យ​ស្រវឹង​​ទាំង​២​នាក់ ហើយ​បាន​នាំ​គ្នា​ដើរ​​ត្រឡប់​មក​ផ្ទះ​វិញ ។

បុរស​រង​គ្រោះ​ដោយ​ប្រពន្ធ​កាប់ បាន​ប្រាប់​បន្ត​​ថា ក្នុង​ពេល​ដែល​ចូល​មក​ដល់​ក្រោម​ផ្ទះ គាត់​បាន​និយាយ​ដំណាល​រឿង​ប្អូន​ស្រី​ជី​ដូន​មួយ​ជា​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ ឈ្មោះ​ សំ ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ អ៊ុក រស់​នៅ​​ភូមិ​ឃុំ​ជា​មួយស្រឡាញ់​គ្នា ។ ​ ក្នុង​ពេល​នោះប្រពន្ធ​របស់​ខ្លួន​​ដែល​ស្រវឹង​ស្រា​​ទំនង​​ជា​ស្តាប់​ឮ​​មិន ​សូវ​ច្បាស់​​ បែរ​ជា​កើត​​រោគ​ប្រចណ្ឌ​មក​លើ​គាត់​​ជា​ប្តី​ ក៏​កើត​ទៅ​ជា​រឿង​ឈ្លោះ​ប្រកែក​គ្នា ទៅ​វិញ​ទៅ​មក​តឹង​សរសៃ​ក ។ បន្ទាប់​មក​គាត់​បាន​ដើរ​ទៅ​ប្រាស​ខ្លួន​ដេក​នៅ​លើ​គ្រែ ដោយ​យក​ជើង​ម្ខាង​​ទៅ​ប៉ះ​នឹង​ធុង​ស្តេ​ត្រូ​ដាក់​អង្ករ​ជា​ហេតុ​បណ្តាល​ឱ្យ ​ដួល​កំពប់ ​ខ្ចាយ​ អស់ ។ ពេល​នោះ​ប្រពន្ធ​​ដែល​មាន​ជម្លោះ​មិន​ទាន់​ថយ​កម្តៅ​ផង​រឹត​តែ​​ឆេះ​ដុំ​​ ខឹង​​សម្បារ​យ៉ាង​ខ្លាំង​​ស្ទុះ​ទៅ​យក​កាំ​បិត​ផ្គាក់​​នៅ​ខាង​ក្រោម​ផ្ទះ​​ មក​កាប់​សំដៅ​​.ក​ប៉ង​សម្លាប់​​ផ្តាច់​ជីវិត តែ​សំណាង​ល្អ​ត្រូវ​បាន​គាត់​​គេច​ផុត​​បន្តិច ​បណ្តាល​ឱ្យ​ត្រូវ​ត្រង់​ក​ផ្នែក​ខាង​ឆ្វេង​១​កាំ​បិត​ដាច់​សាច់​រយះ​ជិត​ មួយ​ចង្អាម ឈាម​ហូរ​បាញ់​ស្រោច​ពេញ​ខ្លួន​ប្រាណ​​បណ្តាល​ឱ្យ​​រង​របួស​​ធ្ងន់ ។

ចំពោះ​ទង្វើ​របស់​ប្រពន្ធ​​ដែល​បាន​បង្ក​ហិង្សា​មក​លើ ​រូប​គាត់​ជា​ប្តី​​មិន​ទាន់​សម្រេច​ចិត្ត​ប្តឹង​ប្រពន្ធ​ ឬ​យ៉ាង​ណា​នោះ​ទេ​​ រង់​ចាំ​​ពិភាក្សា​​ជា​មួយ​នឹង​បង​ប្អូន​សិន ។ ស្ត្រី​ឈ្មោះ អុិត​ សា​វឿន អាយុ​៤២​ឆ្នាំ​ ត្រូវ​ជា​បង​ថ្លៃ​​បុរស​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា ​ហិង្សា​នេះ​គឺ​​ផ្តើម​ចេញ​ពី​ស្រវឹង​ស្រា​ដូច​គ្នា​ក្រោយ​ពី​ប្អូន​ថ្លៃ​​​ ឈ្មោះ ស៊ាប ត្រូវ​របួស​​១​កាំ​បិត​​ត្រង់​ក ពេល​ដែល​ដឹង​រឿង​នេះ​​ក៏​ប្រញាប់​មក​នាំ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​​ ខេត្ត​ជា​បន្ទាន់​​ផង​ដែរ។

លោក វរសេនីយ៍​ត្រី ប្រាក់ ​ប៊ុន​ណុន ​អធិការ​នគរ​បាល​​ស្រុក​ពញា​ក្រែក​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ​អំពើ​​ហិង្សា​ខាង​លើ​នេះ​រូប​លោក​មិន​បាន​ដឹង​នោះ​ទេ ​ដោយ​សារ​តែ​ផ្ទះ​ពីរ​នាក់​ប្តី​-ប្រពន្ធ​នេះ​នៅ​ឆ្ងាយ​​ដាច់​ពី​គេ​​ ជា​កន្លែង​​ស៊ី​ឈ្នួល​ចាំ​ចម្ការ​​ឱ្យ​គេ​ ហើយ​ក៏​មិន​មាន​អ្នក​ណា​ប្តឹង​​មក​សមត្ថកិច្ច​ដែរ លុះ​ហេតុការណ៍​កើត​ឡើង​ហើយ​ទើប​ដឹង ។
តាម​ព័ត៌មាន​ថា​ ទោះ​បី​ខ្លួន​​ជា​ជន​ដៃ​ដល់​ ក៏​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​​រត់​ទៅ​ណាដែរ​ ។ ​ប្តី​-ប្រពន្ធ​នេះ​មាន​កូន​៥​នាក់​ក្នុង​បន្ទុក​ដែល​ទំនង​​បែប​ប្តី​មិន​ ប្តឹង​ផ្តល់​ទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]