រាជធានី​ភ្នំពេញ ៖​​ ​ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជី​វិត​ភ្លាម​ៗ​ និង​ម្នាក់​ទៀត​នៅ​រស់​រាន​មាន​ជីវិត​ដោយ​សារ​​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល បន្ទាប់​ពី​ពួក​គេ​លេង​ទាត់​បាល់​រួច​ចុះ​ទៅ​ងូត​ទឹក​​លេង​នៅ​ក្នុង​រណ្តៅ​ ដី​មួយ​កន្លែង​ រួច​ក៏​លង់​កាល​ពី​វេ​លា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី៨ កក្កដា​ ឆ្នាំ​២០១២ ។ ​

រណ្តៅ​ដី​ដ៏​ជ្រៅ​មួយ​នោះ​មាន​ទី​តាំង​ស្ថិត​នៅ​មុខ​ វត្ត​គោក​​ចំបក់ ស្ថិត​ក្នុង​ភូមិ​​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ជាប់​ព្រំ​ព្រទល់​ភូមិ​គោក​ចំបក់ សង្កាត់​ចោ​ម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​​២​នាក់​នោះ​ភ្លាមៗ​​មិន​ទាន់​ត្រូវ​បាន​គេ​ ស្គាល់​អត្ត​សញ្ញា​ណ​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​មាន​អា​យុ​ប្រហែល​ជាង​១០​ឆ្នាំ និង​មាន​ទី​លំ​នៅ​ម្តុំ​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ ក្មេង​ប្រុស​រង​គ្រោះ​​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​លេង​ទាត់​បាល់​នៅ​ក្បែរ ​ចំណុច​កើត​ហេតុជា​មួយ​​នឹង​ក្មេង​ៗ​ជា​ច្រើន​ទៀត ផង​ដែរ ។ ​ក្រោយ​ពេល​ទាត់​បាល់​​បែក​ញើស​ក្តៅ​ពេក ​ពួក​គេ​បាន​​នាំ​​គ្នា​ឈប់​សម្រាក​បន្តិច​​ បន្ទាប់​មក​បាន​នាំ​គ្នា​ចុះ​ទៅ​ងូត​ទឹក​ និង​ហែល​លេង​នៅ​ក្នុង​រណ្តៅ​ដី​ខាងលើ​ដែល​មាន​ជម្រៅ​យ៉ាង​ជ្រៅ​ និង​ទឹក​ពេញ​ព្រៀប​រួច​ក៏​លង់​ទាំង​២​នាក់​តែ​ម្តង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ប្រជា​ពល​រដ្ឋ​​នៅ​ជិត​នោះ​ប្រទះ​ឃើញ​ក៏​បាន​នាំ​​គ្នា​​ចុះ​ទៅ ​ស្រង់​បាន​ម្នាក់​ភ្លាម​ៗ​ រួច​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ទើប​មិន​ស្លាប់ ចំណែក​ឯ​ម្នាក់​ទៀត​លិច​បាត់​ទៅ​ក្នុង​ទឹក​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​​រាវ​រក​ រយៈ​ពេល​យូរ​ទើប​ប្រទះ​ឃើញ​ពេល​​ស្រង់​ឡើង​មក​គេ​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រជា​ពល​រដ្ឋ​​បាន​និយាយ​ថា រណ្តៅ​មួយ​នេះគឺ​​ឈ្មួញ​ជីក​ដី​លក់​ក្នុង​ពេល​កន្លង​មក​វា​មាន​ជម្រៅ​ជ្រៅ​ ណាស់ សូម្បី​មនុស្ស​ចាស់ៗ​​មិន​សូវ​ហ៊ាន​ចុះ​ងូត​ផង​ ប៉ុន្តែ​​ក្មេង​ប្រុស​ទាំង​២​​នាក់​មិន​ដឹង​ទើប​នាំ​គ្នា​ចុះ​ងូត​ហើយ​ហែល​ លេង​មួយ​សន្ទុះ​ក្រោយ​មក​ក៏​បាន​លង់​ស្លាប់​ម្នាក់​ ​ឯម្នាក់​​ទៀត​​​ត្រូវ​គេ​ជួយ​​​សង្គ្រោះទាន់​ពេល​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]