ភ្នំពេញ៖ កាលពីប៉ុន្មាន ថ្ងៃមុននេះ ប្រិយមិត្តអ្នកលេង ហ្វេសប៊ុកជាច្រើន ហាក់ដូចជា ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលប្រទះឃើញ រថយន្ត Porsche 918 Spyder ដែលមាន តម្លៃជិត មួយលានដុល្លារអាមេរិក លេចវត្តមាននៅស្រុកខ្មែរ រហូតដល់ ទំព័រហ្វេសប៊ុក របស់បរទេស បានបង្ហោះផងដែរ។

រថយន្តនេះ ផលិតឡើងដោយក្រុមហ៊ុន Porsche របស់អាឡឺម៉ង់ ហើយវាមាន ពីរប្រភេទខុសៗគ្នា ដោយចែកជា ប្រភេទស្ព័រ Spyder និងប្រភេទប្រណាំង RSR ដែលជាសមិទ្ធិផល របស់អ្នកច្នៃម៉ូដរថយន្ត ជនជាតិអាឡឺម៉ង់ Michael Mauer។  ក្រុមហ៊ុន Porsche បានផលិតរថយន្ត ប្រភេទ 918 Spyder ម៉ូដែលឆ្នាំ ២០១៤ នេះ តែ ៩១៨ គ្រឿងប៉ុណ្ណោះ ក្នុងចន្លោះពីឆ្នាំ ២០១៣ - ២០១៤ ដែលធ្វើឲ្យរថយន្តនេះ ក្លាយទៅជាទំនិញ ដែលមានចំនួនកំណត់ (Limited Edition) មិនមែនចេះតែ ងាយទិញ បាននោះទេ។

រថយន្ត Porsche 918 Spyder ដែលលេចវត្តមាន នៅខ្មែរ គឺជាប្រភេទរថយន្ត Hybrid ប្រើប្រាស់ ទាំងម៉ាស៊ីន (នៅកណ្តាល) និងទាំងអាគុយ ទំហំ ៦.៨ គីឡូវ៉ាត់ម៉ោង។ ទំហំម៉ាស៊ីន ដែលមាន ៨ ម៉ាស៊ីន ចំណុះ ៤.៦ លីត្រ អាចបង្កើតបាន កម្លាំង ៦០៨ សេះ បូកផ្សំ ជាមួយកម្លាំងបន្ថែម ២៧៩ សេះ ពីម៉ូទ័រអេឡិចត្រូនិច ដែលបង្កប់ នៅក្រឡេខាងមុខ-ក្រោយ របស់រថយន្តមួយគ្រឿងនេះ ធ្វើឲ្យវា មានកម្លាំងសរុប ៨៨៧ សេះឯណោះ និង មានល្បឿន អតិបរិមា ៣៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ អ្វីដែលជាចំណុចទាក់ទាញ របស់រថយន្តមួយគ្រឿងនេះ គឺវាអាចបង្កើនល្បឿន ពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយប្រើប្រាស់ ថេរវេលា ២.៦ វិនាទី ខណៈ ៧.២ វិនាទី ពី ០ ទៅ ២០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងចុងក្រោយ ១៩.៩ វិនាទី ប៉ុណ្ណោះ ពី ០ ទៅ ៣០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ក្នុងនោះដែរ ជាមួយនឹងការ ចាក់ប្រេងឥន្ទនៈពេញ និង ថាមពលអាគុយពេញទៀតនោះ អ្នកបើកបរ នឹងអាចរីករាយ ជាមួយនឹង រថយន្តមួយគ្រឿងនេះ ក្នុងរយៈចម្ងាយ អតិបរមា បានរហូតដល់ទៅ ៦៨០ គីឡូម៉ែត្រ ដោយមិនចាំបាច់ ខ្វល់ខ្វាយពីបញ្ហា អ្វីទាំងអស់។

គួរបញ្ជាក់ផងដែរថា រថយន្ត 918 Spyder របស់ Porsche មួយគ្រឿងនេះ គឺមានតម្លៃ នៅលើទីផ្សារអន្តរជាតិ ប្រមាណជា ៨៤៥,០០០ ដុល្លារអាមេរិក ខណៈតម្លៃនៅខ្មែរ មិនទាន់ត្រូវបាន បង្ហើប ឲ្យដឹងនៅឡើយទេ។

ទោះជាយ៉ាងណា ក៏ដោយ នេះគ្រាន់តែជា ការស្រាវជ្រាវ ខ្លះៗពីសំណាក់ ក្រុមការងារខ្មែរឡូត តែប៉ុណ្ណោះ។ ប្រិយមិត្ត ក៏អាចចង្អុលបង្ហាញ នូវកំហុសឆ្គង សម្រាប់កែសម្រួលផងដែរ៕

រូបភាព Porsche 918 ប្រភេទស្ព័រ Spyder៖


រូបភាព Porsche 918 ប្រភេទប្រណាំង RSR៖


ប្រភព៖ Wikipedia | TopSpeed

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]