ភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមុន នេះបន្តិចថា លោក ស៊ីន ច័ន្ទឆាយា កូនប្រុសបង្កើតអធិរាជ សំឡេងមាស លោក ស៊ីន ស៊ីសាមុត បានទទួលមរ ណភាព នៅម៉ោងជាង ១១ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០១៥នេះ ដោយសារ កើតខ្យល់គរ ដួល បោកក្បាល  នៅក្នុងផ្ទះរបស់លោក។

លោក សុះ ម៉ាច បន្តថា មុនកើតហេតុ លោក ស៊ីន ច័ន្ទឆាយា បានអញ្ជើញទៅផឹកកាហ្វេ នៅក្បែរ ផ្ទះដូច សព្វមួយ ដង។ ក្រោយត្រឡប់ ពីផឹកកាហ្វេចូលដល់ក្នុងផ្ទះ ស្រាប់តែរអិលជើងដួល បោកក្បាល ដាច់សរសៃ ឈាមស្លាប់តែ ម្តង។

បច្ចុប្បន្នសពរបស់លោក ស៊ីន ច័ន្ទឆាយា ត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុងគេហដ្ឋានស្ថិតក្នុងសង្កាត់ ទឹកល្អក់ទឹកទី  ៣ ខណ្ឌ ទួលគោក។

សូមបញ្ជាក់ថា លោក ស៊ីន ច័ន្ទឆាយា រួមនិងម្តាយរបស់លោក នៅពេលថ្មីៗនេះ ទើបតែបានទាមទារកម្ម សិទ្ធិបញ្ញា លើចម្រៀង ឪពុករបស់លោក ចំនួន ៧៣បទ ដើម្បីកុំឲ្យមានថតចម្លង ឬលួច ទំនុកច្រៀង ទៅធ្វើអាជីវកម្មបន្ត។

លោក ស៊ីន ច័ន្ទឆាយា កើតនៅថ្ងៃច័ន្ទទី០២ ខែមិថុនា ឆ្នាំ១៩៥៨ ក្នុងសង្កាត់លេខ៣ ក្នុងរាជ ធានីភ្នំពេញ។  លោកជាកូន ទី២ របស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ខាវ ថងញ៉ុត។

ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ លោក ស៊ីន ច័ន្ទឆាយា រស់នៅ និងធ្វើការនៅខេត្តក្រចេះ រួចផ្លាស់ មកធ្វើការ នៅរាជ ធានីភ្នំពេញ នាឆ្នាំ១៩៨៩ ។ លោកចាប់ផ្ដើមចូលថតចម្រៀង ឲ្យផលិតកម្មខ្មែរក្រៅ ស្រុក មួយ ចំនួន ពេលចូលមក  រស់នៅក្នុង រាជធានីភ្នំពេញ។ បន្ទាប់មកលោក ក៏បានផ្អាក ដោយសារ លោក មានជំងឺហើម បំពង់សំឡេង នាឆ្នាំ១៩  ៩៣ ដោយទទួលការ ណែនាំ ពីវេជ្ជបណ្ឌិតឲ្យលោក ឈប់ច្រៀងជា បណ្ដោះអាសន្ន។

ថ្វីត្បិតតែលោក ស៊ីន ច័ន្ទឆាយា មិនបានទទួលការណែនាំបង្ហាត់បង្រៀននូវបទពិសោធន៍ល្អៗ ក្នុងការ ច្រៀងពី ឪពុក លោកមែន ប៉ុន្តែមរតក ឈាមជ័រសិល្បៈ ដែលលោក ឆាយា បានមកពី លោក ស៊ីន ស៊ីសាមុត ជាឪពុក គួប ផ្សំ ជាមួយទេព កោសល្យផ្ទាល់ខ្លួន ពីកំណើត លោក ស៊ីន ច័ន្ទឆាយា ក៏ចេះច្រៀង ពីរោះម៉្យាង ទៅតាមសំឡេង ធម្មជាតិរបស់លោក។

លោក ស៊ីន ច័ន្ទឆាយា បានរៀបការជាមួយអ្នកស្រី សំ សាន។ ភរិយារបស់លោក ស៊ីន ច័ន្ទឆាយា ក៏បម្រើការ  ងារក្នុង សិល្បៈចម្រៀងដែរ ក្នុងឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩។ អ្នកទាំងពីរមានកូន ៣នាក់ គឺកូនប្រុស ២នាក់ និង កូនស្រីម្នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]