រាជ​ធានី​ភ្នំពេញ​​​ ៖ ស្ត្រី​ខ្មែរ​រូប​ស្រស់​ម្នាក់​​​ និង​បុរស​​ជន​ជាតិ​​កូរ៉េ​​ម្នាក់​ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​​​ទន្លេ​បាសាក់​​សហការ​ជាមួយ​​​ការិយា​ល័យ​​ចរាចរ​​ខណ្ឌ​ និង​នគរ​បាល​​ការិយា​ល័យ​​​​ចរាចរ​​​ផ្លូវ​គោក​​រាជ​ធានី​ភ្នំពេញ​​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​​ពី​ពួក​គេ​​ជិះ​រថយន្ត​​ម៉ាក​​តា​កូម៉ា ពណ៌​​ទឹក​ប្រាក់​ ​ពាក់​ស្លាក​លេខ​​កំពង់​ស្ពឺ ​២A-៣០២៧​ ដោយ​ស្ត្រី​​ជា​អ្នក​​​កាន់​​ចង្កូត​​បាន​បើក​​បុក​​រៈ​​ម៉ូតូ​កង់​បី​ដែល​ចត​​ស្ងៀម​​ រួច​រថយន្ត​​ក៏​ជ្រុល​ទៅ​បុក​​​បង់​អង្គុយ​លេង​​ និង​មនុស្ស​​​៤នាក់​​ដែល​អង្គុយ​​នៅ​លើ​​​សួន​ច្បារ​​ បណ្តាល​ឱ្យ​រង​​របួស​​មនុស្ស​​២នាក់​​ កាល​ពី​​វេលា​ម៉ោង​​៣​ទៀប​ភ្លឺ​​​​ថ្ងៃ​ទី​៥ កក្ក​ដា នៅ ចំណុច​សួន​ច្បារ​​សម្តេច​​ហ៊ុន​ សែន ​ស្ថិត​ក្នុង​​សង្កាត់​ទន្លេ​​បាសាក់​ ខណ្ឌ​ចំកា​រ​មន ។

ស្ត្រី​​ខ្មែរ​ស្រស់​​ស្អាត​​ម្នាក់​គួរ​​ឱ្យ​​​កញ្ឆក់​អារម្មណ៍​​ និង​បុរស​ជន​ជាតិ​បរ​ទេស​ខាងលើ​​នេះ​មិន​ទាន់​ត្រូវ​បាន​​សមត្ថ​កិច្ច​​បង្ហើប​​ឱ្យ​ស្គាល់​អត្តសញ្ញាណ​​នៅ​ឡើយ​ទេ ប៉ុន្តែ​​​​ប្រភព​ព័ត៌​មាន​​ក្រៅ​ផ្លូវ​ការ​​ថា នារី​បើក​រថយន្ត​​ខាង​លើ​នេះ​​ជា​​​ប្អូន​មន្ត្រី​​ប៉ូលិស​​​ម្នាក់​នៅ​​ខេត្ត​កំពង់​ស្ពឺ​ ។ ចំណែក​​​​ឯ​​អ្នក​អង្គុយ​​​លេង​​នៅ​លើ​សួន​ច្បារ​​៤​នាក់​​ក្នុង​នោះ​មាន​​ក្មេង​ប្រុស​​២នាក់​​រង​របួស​​ដោយ​សារ​រថយន្ត​ជ្រុល​ទៅ​បុក​​ក៏​ត្រូវ​បញ្ជូន​​​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ។

តាម​ប្រភព​​ព័ត៌​មាន​​ពី​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ គេ​បាន​​ឃើញ​រថយន្ត​​ខាង​លើ​​ដែល​នារី​ម្នាក់​​​ជាអ្នក​បើក​​​ចុះ​ពី​លើ​ស្ពាន​​កោះ​ពេជ្រ​​​ ក្នុង​ទិ​ស​ដៅ​​ពី​កើត​ទៅលិច​ ។ លុះ​បើក​បរ​​មក​ដល់​​មុខ​​​សួន​កម្សាន្ត​​ឌ្រីម​​លែន ​​ក៏​បុក​ម៉ូតូ​​កង់​​៣​​ដែល​ឈប់​​​ចត​ស្ងៀម​​នៅ​ក្បែរ​​ចិញ្ចើម​​ផ្លូវ បណ្តាល​​ឱ្យ​ម៉ូតូ​​កង​់​៣​​​ខ្ទាត​ផ្លោង​​ទៅ​ធ្លាក់​នៅ​លើ​​សួន​ច្បារ​​​​ណាហ្គា​វើល​ ហើយ​រថយន្ត​ក៏​ជ្រុល​ទៅ​​​បុក​បង់​អង្គុយ​​េលង​នៅ​​​លើ​សួន​​ និង​ជ្រុល​​ល្បឿន​ទៅ​បុក​មនុស្ស​​អង្គុយ​លេង​​ និង​អ្ន​ក​​លក់​ដូរ​​នៅ​លើ​សួន​​ច្បារ​​បណ្តាល​​​ឱ្យ​រង​របួស​​ក្មេង​ប្រុស​២​នាក់ ។

ករណី​ខាង​លើ​នេះ​​ ប៉ូលិស​សន្និ​ដ្ឋាន​​ថា បណ្តាល​​​មក​ពី​អ្នក​​បើក​បរ​ស្រវឹង ប្រហែល​​ទើប​ចេញ​​មក​​ពី​ផឹក​ស៊ី​​នៅ​ហាង​ណា​​មួយ​​​​​ហើយ​ ​បើក​​រថយន្ត​ក្នុង​ល្បឿន​លឿន​​ ទើប​បង្ក​គ្រោះ​​ថ្នាក់​​ធ្ងន់​ធ្ងរ​កើ​តឡើង​ រហូត​ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​​​ទាំង​២​នាក់​​បញ្ជូន​​ទៅ​ស្នង​ការ​​​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​ភ្នំពេញ​​​ទាំង​យប់​ ។ ក្រោយ​​ពេល​​គ្រោះ​ថ្នាក់​​កើ​តឡើង​ យើង​​បាន​​សង្កេត​​ឃើញ​បុរស​​​ស្ត្រី​ទាំង​​២​នាក់ ​ទំនង​​ភិត​ភ័យ​​ស្ទើរ​គ្មាន​​ព្រលឹង​​ បាន​ស្ទុះ​​ឱប​គ្នា​​យំ​សំដែង​​នូវ​ភាព​​​ស្និទ្ធ​​​បំផុត​​ និង​រន្ធត់​​ណាស់​​​នៅ​ក្នុង​រថយន្ត​ បញ្ជាក់​ពី​​ការ​ស្តាយ​មិន​គួរ​​កើត​មាន​​ ។ គេ​នៅ​​មិ​នដឹង​​ថា​​ នារី​​ខ្មែរ​ និង​​បុរស​ជន​​ជាតិ​កូរ៉េ​​ម្នាក់​​​នេះ​ត្រូវ​ជាអ្វី​​នឹង​គ្នា​​នោះ​ទេ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]