ខេត្ត​ព្រះវិហារ​ ៖ ​​កាល​ពីថ្ងៃទី២៥ មិថុនា កន្លងទៅ​​​នេះ​ បុរស​​អគតិម្នាក់​ឈ្មោះ​ហង្ស ហឿន អាយុ​៥០​ឆ្នាំ បានប្រើ​​ហិង្សា​ទាំង​កំរោល​​ ​ដោយ​វាយ​​ប្រពន្ធ​ឈ្មោះ​យុំ ស្រី អាយុ៤៤ឆ្នាំ មួយអង្រែ​បុក​គ្រឿង ​ហើយកាប់​ថែមមួយកាំបិត​​ទៀត​បម្រុង​ផ្តាច់​ជីវិត ​រួច​រត់​គេចចេញ​ពីផ្ទះបាត់​ទៅ។ ចំណែក​ស្ត្រី​ជាប្រពន្ធ​​រង​របួស​រហូត​សន្លប់​លុះ​កូន​តូចមក​ពី​សាលារៀនវិញ​ ​​​ឃើញ​ម្តាយ​ជោក​ជាំ​ទៅ​ដោយ​ឈាម​នៅ​លើ​ផ្ទះ​ក៏ស្រែក​ហៅ​អ្នកជិត​ខាងឱ្យជួយ​ សង្រ្គោះ ។

អំពើ​ហិង្សា​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង​១២ថ្ងៃត្រង់នៅ​​​ក្នុង​ភូមិ​បឹង ឃុំរអាង ស្រុកសង្គមថ្មី ​ហើយ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​ដឹក​មក​​​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​ បង្អែក​១៦​មករា​ ក្រុងព្រះ​វិហារ ​។ បើ​តាម​ស្ត្រី​រងគ្រោះ​រៀប​រាប់​ថា នៅថ្ងៃ​កើត​​ហេតុ​នោះ​ ខណៈរូប​គាត់​និង​ប្តី​​​ឡើង​មក​ពី​ស្រែ​​នៅវេលា​ម៉ោង​ប្រហែល១២ថ្ងៃត្រង់​​ ហើយ​រូបគាត់​​​កំពុង​ធ្វើ​បាយ​ម្ហូប​ ប្តី​គាត់ក៏​បានសុំលុយ​​ទៅ​ផឹក​ស្រា លុះត្រឡប់​មកវិញ​​ដោយ​ស្ថិត​ក្នុង​ភាព​ស្រវឹង​​ផង​ក៏​បាន​សម្លុត​​ថាបាត់​ លុយ​អស់​តើ​យក​​ទៅ​ណា។ ពេលនោះ​រូប​គាត់​ក៏​តប​ថា មិន​ដឹងទេ​ បើបាត់​លុយ​មានតែឯង​យកទៅ​ផឹក​ស្រា​អស់ ទើប​បាន​​ជា​​មក​​រករឿង។ ​

ស្ត្រីជាប្រពន្ធ​រៀប​រាប់​ទៀត​ថា​ គ្រាន់់តែ​ឆ្លើយ​ប៉ុណ្ណោះ​ ប្តី​គាត់​ក៏​ទាញ​អង្រែបុក​គ្រឿង​វាយ​រូប​គាត់​ ដែល​កំពុង​ធ្វើ​ម្ហូប​​ រួច​ទាញ​កាំបិត​​ព្រាកាប់​ចំ​​ក្បាល​គាត់​​​ទៀត​មុត​រយះ​ប្រវែង​ប្រហែល​ កន្លះ​​តឹក​ បណ្តាល​ឱ្យ​​ហូរឈាម​ហូរ​ជោក​​ខ្លួន​​រួច​ក៏​​​សន្លប់​បាត់​ស្មារតី​ ទៅ​ ។  ពេល​នោះ​កូនតូច​របស់​គាត់​​មក​ពី​សា​លា​​រៀន​ដែល​តាម​​​ប្រាប់​ថា​ ដោយ​ឃើញ​រូប​គាត់​ជាម្តាយ​​សន្លប់បាត់​ស្មារតី និងមាន​ឈាម​ស្រោច​ខ្លួន ក៏រត់ទៅ​ហៅអ្នក​ស្រុក​​​ឱ្យជួយ​​យក​រូប​គាត់​មក​​សង្រ្គោះ​​នៅ​មណ្ឌល​​សុខ​​ ភាព​​ស្រុក​សង្គមថ្មី​​គ្រូ​ពេទ្យ​ ដេរជាង២០​ថ្នេរ។

លុះ​បាន​រយៈពេល​៣​ថ្ងៃ ដោយ​សា​រ​តែរបួស​ក្បាល​របស់​គាត់​​មាន​​សភាព​​ធ្ងន់​ពេក​​ឈាមហូរមិនបាត់​ ទើប​មណ្ឌល​សុខភាព​ស្រុក​ បញ្ជូន​បន្តមក​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​១៦​មករា ក្រុងព្រះ​វិហារ​ទៀត​។ មក​ដល់​ពេល​នេះ​​ បន្ទាប់ពីក្រុម​គ្រូពេទ្យ​បង្អែក​​​ព្យា​បាលយ៉ាងយក​ចិត្តទុកដាក់ របួស​​​បាន​ធូរ​ស្រាល​បន្តិច​ហើយ​​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]