ខេត្ត​​តា​កែវ​​ ៖ ដើម​ចេកចម្លែក​មួយ​ដើម​​ចេញ​ផ្លែ​​ដោយ​គ្មាន​ត្រយូង​​ និង​មាន​កូន​​តូច​​ៗ​​ជា​ច្រើន​​ដុះ​ជុំ​វិញ​​​​​ ​​​នៅ​​វត្ត​​បព្វ​​តា​​​សត្ថា​រាម​ ហៅ​​វត្ត​ត្រពាំង​​​ត្រាវ​​ខាង​ត្បូង​​ ស្ថិត​ក្នុ​ង​​ឃុំ​​ភ្នំ​​ជិន​​​ ស្រុក​​គិរី​​វង់​ ។ ភាព​ចម្លែក​នេះ​​​ធ្វើ​​ឱ្យ​​​ពុទ្ធ​​​បរិស័ទ​​​ចំណុះ​​ជើង​​​វត្ត​ និង​​អ្នក​ទៅ​​​ពីទី​ឆ្ងាយ​​​​ជឿថា ​មាន​​ប្ញទ្ធិ​បារមី​​​​ ក៏​​ទៅ​អុជ​ធូប​​​បួង​សួង​​សុំ​សេច​​ក្តីសុខ​​​ចម្រើន​ ។​

​ព្រះ​​​ចៅ​អធិការ​​​វត្ត​ត្រពាំង​​ត្រាវ​ ព្រះ​នាម​​ កែវ សេង​ម៉ុស​ មាន​សង្ឃ​​ដីកា​ថា ​នៅ​ក្នុង​វត្ត​មានដាំ​ដើម​​​ចេក​​ជា​ច្រើន​​ដើម​ ហើយ​​ការ​ដាំ​នោះ​​​មាន​៣​​ដំណាក់​​​កាល​​ ។ ពី​ដំបូង​​​​ដាំ​ចេក​១០០​ស្និត​ បន្ទាប់​មក​ដាំ​​​ចេក​​តឿ​ និង​​​ចុង​ក្រោយ​​​ដាំ​ចេក​ដំរី​ ។ ការ​​​ដាំ​​ចេក​ក្នុង​វត្ត​នេះ​​​​​​​​រយៈ​ពេល​​​១​ឆ្នាំ​មក​ហើយ​​ ។

ព្រះ​ចៅ​អធិការ​វត្ត​​​បន្ត​ថា ​​នៅ​ថ្ងៃ​ទី​​៤ មិថុនា ឆ្នាំ​២០១២​​​​ ត្រូវ​នឹង​​​ថ្ងៃ​​១៥​កើត​​​នា​ពេល​យប់​​ស្រាប់​តែ​​ឮសំឡេង​​គ្រាំង​​នៅ​​ ម្តុំ​ដើម​ចេក​ចម្លែក​នោះ​ តែ​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​​មិន​​ចាប់​អារម្មណ៍​​ទេ។ ពេល​ភ្លឺ​ឡើង​​​ទៅ​ពិនិត្យ​​មើល​​​​ដើម​ចេក​​ដំរី​នោះ​ក៏​ឃើញ​មាន​ចេញ​​ដូច​ ជា​ក្បាល​ត្រយូង​។ ​​បន្ទាប់​មក​​​នៅ​ថ្ងៃទី​​​៧​ មិថុនា ​វេលា​ព្រឹក​​​ស្រាប់​តែ​​​ដើម​ចេក​​​ដំរី​​​ចេញ​ផ្លែ​​ដ៏​ចម្លែក​​​​​​​ ចំនួន​៩ផ្លែ​​​ដោយ​គ្មាន​​ត្រយូង​ទេ​ ។ ផ្លែ​​​ចេក​ទាំង​​៩​​នេះ មា​ន​ទំហំ​​​ធំ​ខុស​ពី​ផ្លែ​ចេក​ធម្ម​តា​ ។ ភាព​ចម្លែក​​​នេះធ្វើ​ឱ្យ​​​ប្រជា​ពល​រដ្ឋ​​​​ដែល​មាន​ជំនឿ​​នៅ​​ទី​ជិត​​ ឆ្ងាយនាំ​គ្នា​​​​ទៅ​មើល​​​ និង​អុជ​​ធូប​​សុំ​សេច​ក្តី​សុខ​​​គ្រាប់​ៗ​គ្នា​​ ។ មិន​តែ​ប៉ុណ្ណោះ​​នៅ​ជុំ​វិញ​​​ដើម​​ចេក​​ចម្លែក​​​​នោះ​មាន​​​ដុះ​កូន​​​ តូច​ៗ​​ព័ទ្ធ​​​​ជុំ​​វិញ​​​ប្រមាណ​​២៩​ដើម​​​​ ធ្វើ​ឱ្យ​​​​កាន់​តែ​ចម្លែក​​​ថែម​មួយ​កម្រិត​​ទៀត​​ ។ រឿង​​​នេះ​នរ​ណា​ក៏​​​មាន​ការ​​ភ្ញាក់​​ផ្អើល​​ដែរពេល​​​បាន​ឃើញ​​ ។

​ប្រជា​ពល​រដ្ឋ​​​រស់​នៅ​​​ក្បែរ​វត្ត​​បព្វ​​តា​ សត្ថា​​​រាម​​ ហៅ​​ត្រពាំង​​ត្រាវ​​ ដែល​ទៅ​​អុជ​​ធូប​​​សុំ​សេច​ក្តីសុខ​​​ពី​ដើម​​​ចេក​ច​ម្លែក​​​​នោះ​បាន​ និយាយ​ថា ​«យើង​​ទាំង​​អស់​គ្នា​​​កាន់​សាស​​នា​ព្រះ​ពុទ្ធ​​ មាន​ជំនឿ​​ទៅលើ​ដើម​​​ចេក​​ចម្លែក​​​មួយ​នេះ​​ ព្រោះ​​យល់​ថា​​ការ​ផុស​​ចេញ​ចេក​ចម្លែក​​នេះ​​​​ គឺ​នាំ​​​ឱ្យ​​ប្រទេស​ជាតិ​​​ ឬ​ស្រុក​​​​យើង​​​មាន​សេច​ក្តី​​​សុខ​​ ប្រជា​ពល​រដ្ឋ​​​​រក​ស៊ី​មាន​​​បាន​ ធ្វើ​អ្វី​​ៗ​ក៏​​​សម​​ប្រកប​​តា​ម​​សេច​ក្តី​​​ត្រូវ​ការ​​​ជា​​និច្ច​​ ទាំង​ការ​ងារ​​​​រស់​នៅ​ប្រកប​​របរ​រក​ស៊ីទាំង​ការ​ងារ​​ធ្វើ​ស្រែ​ចម្ការ​» ។ ​

ផ្ទុយ​​ទៅវិញ​បុរ​សម្នាក់​​​នៅជិត​​​វត្ត​នោះ​​ដែល​ មិន​មាន​​ជំនឿ​​យល់​ថា​នោះ​គ្រាន់​តែ​​​​ជា​បាតុ​​​ភូត​​នៃ​ធម្ម​ជាតិ​​​ ប៉ុណ្ណោះ​ មិ​ន​ខុស​​អីពី​​មនុស្ស​​កើត​បាន​កូន​ភ្លោះ​​​បី​ទេ ។ ​លោក​មិន​​​ជឿ​ថា​ ដើម​​ចេក​ចម្លែក​​នោះ​​មាន​​ប្ញទ្ធិ​បារមី​​ទេ ។ ​កន្លង​​​មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាតុ​ភូត​​ ចម្លែក​​កើត​មាន​ជា​​រឿយ​ៗ​ដូច​ជា​កូន​ជ្រូក​ក្បាល​ដំរី​ ចេក​ចេញ​ត្រយូង​​​នៅ​​​គល់​ជា​ដើម​ ។ចំពោះ​ចេកចម្លែក​​នៅ​ស្រុក​​គិរី​វង់​​​នោះ​​​ ខ្លះ​​ជឿ​​​ថា​​មាន​ប្ញ​ទ្ធិ​បារមី​​ ខ្លះ​ថា​​ជា​បាតុ​ភូត​​ធម្ម​ជាតិ​​ វា​ជា​រឿង​​​ធម្ម​តា​​នៃ​ការ​​យល់​ឃើញ​​របស់​មនុស្ស​៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]