ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋដែលធ្លាប់ឃើញគេដឹកជ្រូកងាប់តាមម៉ូតូ និងរថយន្ត ក្នុងគោលដៅយកទៅលក់នៅផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង បាននាំគ្នារិះគន់អាជ្ញាធរ និងសមត្ថកិច្ចជំនាញថា បណ្តែតបណ្តោយឱ្យគេដាក់លក់សាច់ជ្រូកឈឺងាប់តាមទំនើងចិត្តដោយ មិនគិតដល់សុខភាពប្រជាពលរដ្ឋ ។
លោក សុវណ្ណ រស់នៅឃុំសំបូរ ស្រុកសំរោងទង និយាយថា គាត់ឃើញគេដឹកជញ្ជូនជ្រូកឈឺងាប់ស្ទើររាល់ថ្ងៃ តាមម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៥១ សំដៅទៅផ្សារថ្នល់ទទឹង ជួនកាលឃើញឈ្មួញដឹកពី៤ទៅ៦ក្បាលក៏មានដែរ ។ ចំណែកអ្នកស្រី យា ដែលមកទិញអីវ៉ាន់នៅផ្សារថ្នល់ទទឹងរាល់ព្រឹកនិយាយថា គាត់មកទិញត្រីសាច់យកទៅលក់នៅតាមភូមិមិនដែលហ៊ានទិញ សាច់ជ្រូកក្លាស្សេទៅលក់ទេ ទោះបីថោកជាងគ្នាពាក់កណ្តាលក៏ដោយ ។ សាច់ជ្រូកស្រស់ល្អមួយគីឡូក្រាម ថ្លៃ ១៥.០០០រៀលទៅ ១៨.០០០រៀល ឯសាច់ជ្រូកមានសភាពស្លេកស្លាំង មួយគីឡូក្រាម ថ្លៃតែ ៨.០០០រៀល ប៉ុណ្ណោះ ។
សម្រាប់អ្នកទិញសាច់ជ្រូកនោះយកទៅធ្វើម្ហូប និងស្លច្រកថង់លក់គេកម្រយកសាច់ជ្រូកល្អស្លលក់ណាស់ ព្រោះអត់ចំណេញ ។
ចំណែកអាជីវករកាប់ជ្រូកលក់នៅផ្សារថ្នល់ទទឹង ខាងលិច ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា មានជ្រូកងាប់ត្រូវបានដឹកជញ្ជូនតាមម៉ូតូ ឬរថយន្ត មកធ្វើយកសាច់លក់ ដោយពុំមានឃើញបោះត្រាពីមន្ត្រីបសុសត្វប្រចាំនៅទីនោះឡើយ ។ ចំណុចនេះហើយដែលធ្វើឱ្យអាជីវករលក់សាច់ជ្រូកស្រស់ល្អមាន ការពិបាកលក់ដូរ ដោយសារសាច់ជ្រូកឈឺងាប់ទាំងនោះមានតម្លៃថោកជាង រហូតជាងពាក់កណ្តាល ។
ប្រភពដដែលបានឱ្យដឹងទៀតថា គេទិញជ្រូកឈឺងាប់នោះតែ១គីឡូក្រាមតម្លៃ ៣.០០០រៀល តែសម្រាប់ជ្រូករស់តម្លៃ ១គីឡូក្រាម ចាប់ពី ៨.០០០រៀល ទៅ ៩.០០០រៀល តាមប្រភេទសាច់ល្អ ឬសាច់អន់ ។ ទាក់ទងនឹងបញ្ហានេះ លោក ស៊ឹម មន្ត្រីបសុសត្វប្រចាំការត្រួតពិនិត្យសាច់ជ្រូកដាក់លក់ក្នុង ផ្សារថ្នល់ទទឹង និងលោកប្រធានការិយាល័យបសុព្យាបាលសត្វខេត្ត អ្នកយកព័ត៌មានយើងមិនទាន់អាចសូមការបំភ្លឺបាននៅឡើយទេ ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]