ខេត្ត​សៀម​រាប ៖ ភ្លើងព្រៃ​បាន​បើក​ការ​វាយប្រហារ​យ៉ាង​សន្ធោសន្ធៅ​ទៅ​លើ​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​សា​ជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី៩ កុម្ភៈ ឆ្នាំ ២០១២ នេះដោយ​បាន​​​បណ្ដាល​ឱ្យ​ព្រៃ​ និងវាលស្មៅ​ដែល​កំពុង​តែ​ហួតហែង​នា​រដូវប្រាំង​សរុប​ជិត២០ ហិ​កតា ត្រូវ​បាន​បំផ្លាញ ​។ បុ៉​ន្ដែ​មិនបាន​បង្ក​ឱ្យ​មានការ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​និង​ទ្រព្យសម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ៗ​នោះ​ទេ គ្រាន់តែ ដឹង​ថា​មាន​ចម្ការ​​ដំណាំ​ហូបផ្លែ​តិចតួច​ត្រូវ​បាន​បំផ្លាញ ​។

ក្រុម​មន្ដ្រី​អាជ្ញា​ធរអប្សរា​បាន​ថ្លែង​ថា  ​នេះ​ជា​ការ​ឆេះ​ព្រៃ​មាន​ទ្រង់​​ទ្រាយ​ធំ​ដោយ​មាន​រយៈ​ពេល​រហូត​ជាង៣ម៉ោង ដែល​ករណី​ឆេះ​នេះ​ជា​លើក​ទី២ ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែល​គ្រប់គ្រង​ដោយអាជ្ញា​ធរអប្សរាសម្រាប់​ដើម​ឆ្នាំ២០១២ នេះ ។ ឆេះលើក​ទី​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី១៩ មក​រា កន្លង​ទៅដោយ​កាល​ណោះ​បាន​ឆក់​យក​ដី​ព្រៃ​ និង​វាលស្មៅ​អស់​ជាង១០ហិ​កតា ស្ថិត​ក្នុង​បរិ​វេណ​បុរី​ស​ណ្ឋាគារ​វប្ប​ធ​ម៌និង​ទេស​ចរ​ណ៍ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

អគ្គ​នាយក​រង​អាជ្ញាធរ​អប្សរា លោកសុខ លក្ខណា ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ បាន​មាន​ប្រសាសន៍​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី៩ ​កុម្ភៈ ​ថា ​ភ្លើង​បាន​ចាប់ផ្ដើម​វាយប្រហារ​មក​លើ​វាលស្មៅ​ និង​ព្រៃ​ខាងលើ​អស់​រយៈពេល​ជិត ៣ម៉ោង​ គឺ​ចាប់​ផ្ដើ​ង​ឆេះ​តាំងពី​វេលា​ម៉ោង១ រសៀល និង​បាន​រលត់​ទៅ​វិញ​នៅវេលា​ម៉ោង​ប្រមាណ​ជិត៤​រសៀល​ ។ ប​ន្ទា​ប់​ពី​មានការ​ចុះ​អន្ដរាគមន៍​ពី​សំ​ណាក់​អាជ្ញាធរ​មូលដ្ឋានក៏​ដូច​ជា​អង្គភាព​ការិយាល័យ​នគរបាល​ពន្លត់​និង​បង្ការ​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​​ខេត្ដ​និងអង្គភាព​បរិស្ថាន​​ការពារ​តំបន់​ទេសភាព​សៀមរាប​-​អង្គរ ដោយ​យើង​បាន​ប្រើប្រាស់​រថយន្ដ​ពន្ល​ត់​អគ្គិភ័យ​រហូត​ដល់​៩គ្រឿង ​។

    ​លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​ឆេះ​មាន​បណ្ដោយ​ប្រហែល១គីឡូម៉ែត្រ និង​ទទឹង​ប្រហែលជាង​មួយ​រយម៉ែត្រ គឺ​ជិត២០ហិ​កតា ចាប់​ពី​ចំណុច​លើ​តំ​បន់​អញ្ចាញទៅ​ជើងក្នុងភូមិ​អញ្ចាញ សង្កាត់នគរធំ ក្រុង​សៀមរាប ក្នុង​តំបន់​ការពារ​ដោយ​អាជ្ញាធរ​អប្សរា ។ ក្នុង​តំបន​់​នោះ​សុទ្ធ​សឹង​ជា​ព្រៃ​រេច​រឹល​ និង​វាលស្មៅ ប៉ុន្ដែ​ក៏មាន​ចម្ការដំណាំ​ហូប​ផ្លែ ដូច​ជា​ស្វាយ ខ្នុ​រ​ជាដើម ។
ទោះជា​យ៉ាងណា​រហូត​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​នោះ​នៅឡើយ​ទេ​គ្រាន់តែ​មានការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ​ទំនងជា​មានការ​ចោល​កន្ទុយបារី​ឬ​ក្រុម​ក្មេង​ឃ្វាលគោ​-​ក្របី​នាំ​គ្នា​ដុត​លេង ។

គួរ​កត់​សម្គាល់ថា នៅ​ក្នុង​តំបន់​ព្រៃ​នៃ​ឧទ្យាន​អង្គរ ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា គេ​បានឃើញ​អាជ្ញាធរ​​រៀ​ប​ចំ​ប្រ​ព័​ន្ធការពារ​ភ្លើង​ឆេះ​ព្រៃ​ដែរ ដោយ​មានការ​ឈូស​ដី​ព័​ទ្ធ​ជុំ​វិញ​តំបន់​ព្រៃ​ទាំងនោះ ។ ក៏ប៉ុន្ដែ​គេ​តែងតែ​ឃើញ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ​កើត​ឡើង​ជា​ពិសេស​នៅ​ពេល​រដូវ​ប្រាំងក្ដៅ​ហួត​ហែង​តែ​ម្ដង​៕

ដោយប្រុសកោះ

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]