ភ្នំពេញៈ សន្និសីទ និងពិព័រណ៍មិត្តរបស់ប្រាសាទ ព្រះវិហារ គ្រោងនឹងរៀបចំឡើងនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ខាងមុខ ដើម្បីទទួលបានការ ចូលរួមពីគ្រប់មជ្ឈដ្ឋាន ប្រជាពលរដ្ឋជាតិ និងអន្តរជាតិ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៥ ខែកក្កដា ថា យើងទាំងអស់គ្នាក៏ដូចជា សាធារណជនទូទៅអាចធ្វើជាមិត្តរបស់ប្រាសាទព្រះវិហារគ្រប់គ្នា តាមរយៈការដាក់រូបថត ដែលខ្លួនមាន ឯកសារ សោតទស្សន៍ កំណាព្យ ចម្រៀង ឬសម្ភារៈផ្សេងៗទៀត ដែលពាក់ព័ន្ធនិងប្រាសាទព្រះវិហារក្នុងពិព័រណ៍នោះ។

លោក ផៃ ស៊ីផាន បានហៅពិព័រណ៍នេះថា «ជាវេទិកាមួយដែលប្រមូលឯកសារពីម្នាក់ៗ ដែលចូលរួម និង ជាការដាស់តឿនរំលឹកឲ្យយើងទាំងអស់គ្នានឹកឃើញប្រាសាទព្រះវិហារស្ថិតក្នុងអារម្មណ៍យើងគ្រប់គ្នា»។

ដោយឡែកលោក ហង្ស សុត អនុប្រធានអាជ្ញាធរជាតិព្រះវិហារ ដែលបានចូលរួមផ្តល់បទសម្ភាសន៍ដែរ នោះ បានអំពាវឱ្យមតិពិភពលោក ដែលស្នេហាវប្បធម៌មនុស្សជាតិ និងវប្បធម៌ ពិភពលោកជួយជ្រោម ជ្រែងប្រាសាទព្រះវិហារ ដែលជាសម្បត្តិតបេតិភណ្ឌពិភពលោក កំពុងទ្រុឌទ្រោមដោយសារកត្តាធម្មជាតិ និងកំពុងរងការវាយប្រហារពីទាហានថៃផង។

ចំណែក លោក រស់ ចន្ទ្រាបុត្រ បណ្ឌិតសភាចារ្យនៅរាជបណ្ឌិត្យកម្ពុជា និងជាប្រវត្តិវិទូផងនោះ បាន បញ្ជាក់ថា តាមសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ បានសម្រេចថា ប្រាសាទព្រះវិហារជារបស់ខ្មែរស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ ផ្អែកលើផែនទី ដែលបានគូសរាប់រយឆ្នាំមកហើយ មិនតែប៉ុណ្ណោះថៃខ្លួនឯង ក៏បានទទួលស្គាល់ផែនទីនោះផងដែរ រួមជា មួយហេតុផលជាច្រើនទៀត ដូច្នេះអាចបញ្ជាក់បានថា ព្រះវិហារជារបស់ខ្មែរពិតប្រាកដ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការមិត្តរបស់ប្រសាទព្រះវិហារបានឱ្យដឹងថា ទិស ដៅនៃពិព័រណ៍ចង់ពង្រឹង និងពង្រីក នៃការយល់ដឹងជាសាធារណៈ ដែលផ្តល់ពីគ្រប់មជ្ឈដ្ឋាន ព្រមទាំង រួមគ្នា ការពារអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងប្រសិទ្ធិភាព។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សាធារណជនអាចចូលរួមដោយប្រយោលក្នុងការដាក់់តាំងរាល់ រូបភាព ឬឯកសារដទៃទៀត ដែលជាបំណងរបស់ឯកជននីមួយៗផ្ទាល់ក្នុង Website ,Facebook, Social Media, Social Network, ផ្ទាល់របស់ខ្លួនដោយគ្រាន់តែផ្ញើ អាស័យដ្ឋានរបស់ខ្លួនជូនដល់ គណៈកម្មាធិការដើម្បីសម្រួលដល់សាធារណៈជន អាចចូលរួមទទួលព័ត៌មាននោះបានដោយសេរី ពីអាស័យដ្ឋានរបស់អស់លោកអ្នក៕

Photo by DAP-NEWS

ដោយៈ គង់ សិរីរ័ត្ន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]