រាជធានីភ្នំពេញ ៖ ចរន្តអគ្គិសនីស្ទើរទូទាំងរាជធានីភ្នំពេញ បានដាច់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ កុម្ភៈ ដែលនេះបណ្តាលមកពីរថយន្តបាញ់បេតុងម៉ាក FUSO ពណ៌ខៀវលាយស មានស្លាកលេខភ្នំពេញ 5A-0374 មួយគ្រឿង បានលើកប្រមោយឡើងលើបាញ់បេតុងចាក់ក្រាលស្ថាបនាស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតនៅវិថីបណ្ឌិតម៉ុង ឫទ្ធី នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទៅប៉ះខ្សែកាប្លិ៍មេតង់ស្យុងខ្ពស់កម្លាំង115KV ។
នៅក្នុងហេតុការណ៍នេះដែរ ដោយសារកម្លាំងភ្លើងទុស្សេឆ្លងបានផ្ទុះដូចគ្រាប់បែក បណ្តាលឱ្យអ្នកបើកបររថយន្តលាយបេតុងម្នាក់ និងកម្មករម្នាក់ទៀតបានដួលសន្លប់ស្តូកស្តឹងត្រូវបានគេនាំគ្នាជួយរឹតរហូតបានដឹងខ្លួនឡើងវិញ ។ បន្ទាប់ពីកើតមានហេតុការណ៍នេះមន្ត្រីអគ្គិសនីកម្ពុជា និងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំរថយន្តបាញ់បេតុងបង្កនោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
តាមមន្ត្រីអគ្គិសនីកម្ពុជាបានឱ្យដឹងថា ភ្លើងអគ្គិសនីបានរលត់ស្ទើរទូទាំងរាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ កុម្ភៈ ។ មន្ត្រីអគ្គិសនីកម្ពុជានិយាយថា ឧប្បត្តិហេតុនេះ បណ្តាលឱ្យភ្លើងរលត់នៅក្នុងខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌទួលគោក, ៧មករា, ដូនពេញ និងមួយចំនួនទៀតនៅខណ្ឌចំការមន និងខណ្ឌដង្កោ ។ មន្ត្រីអគ្គិសនីរូបនោះបន្តទៀតថា ខ្សែមេតង់ស្យុងខ្ពស់កម្លាំង 115KV ដែលនាំភ្លើងចែកចាយមកពីប្រទេសវៀតណាម គិរីរម្យ និងភ្នំពេញ តភ្ជាប់ស្ថានីយអគ្គិសនីទី១ នៅសង្កាត់ទួលសង្កែ ស្ថានីយអគ្គិសនីទី៣ អូរបែកក្អម ។ ទោះបីជាយ៉ាងណា ទាក់ទិនការបង្កឱ្យដាច់ភ្លើងនេះ គេពុំដឹងថា ខាងអគ្គិសនីកម្ពុជាដាក់ពាក្យបណ្តឹង ឬយ៉ាងណានោះទេ ។
អ្នកបើកបររថយន្តលាយបេតុងឈ្មោះហែល ហាយ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនកំពុងឈរក្បែររថយន្តបាញ់បេតុង ស្រាប់តែរថយន្តនោះលើកប្រមោយទៅប៉ះខ្សែភ្លើងផ្ទុះចេញផ្កាភ្លើង និងលាន់ដូចគ្រាប់ផ្ទុះ បណ្តាលឱ្យខ្លួនដួលសន្លប់តែម្តង ។
តាមព័ត៌មានបន្តទៀតថា បន្ទាប់ពីដួលសន្លប់កម្មករផ្សេងទៀតបាននាំគ្នាជួយរឹត ខ្លះយកទឹកចាក់ស្រោចពីលើ ដើម្បីសង្គ្រោះ ហើយបានដឹងខ្លួនវិញ ។ នៅក្នុងហេតុការណ៍នោះដែរ ទុយោចាក់បេតុង និងកង់រថយន្តត្រូវភ្លើងឆេះរោលខ្មៅផងដែរ ព្រោះឆ្លងចរន្ត ។
គួរកត់សម្គាល់ថា នៅពេលដែលរថយន្តបាញ់បេតុងធ្វើឱ្យដាច់ចរន្តស្ទើរមួយរាជធានីភ្នំពេញ នោះ ចំពេលដែលសម្តេចតេជោ កំពុងថ្លែងការ ក្នុងពិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ចរន្តអគ្គិសនីបានបង្អាក់ពន្លឺភ្លឹបភ្លេតបន្តិចនៅក្នុងពិធី ប៉ុន្តែត្រូវបានអ្នកឯកទេសអគ្គិសនីចាប់ផ្តើមប្តូរចរន្តថ្មីភ្លាម ព្រោះជារឿងចៃដន្យ ដែលបានត្រៀមទុកជាមុន ។
ខាងក្រោមនេះជាសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីវិធានការ ការពារសុវត្ថិភាពមូលដ្ឋានគ្រឹះ នៃប្រពន្ធផ្គត់ផ្គង់អគ្គិសនី ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលការិយាល័យនិពន្ធយើងសម្រេចថតចម្លងទាំងស្រុងមកផ្សព្វផ្សាយ៕
ដកស្រង់ពី គេហទំព័រកោះសន្តិភាព
សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]