ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ចិត្ត​ខ្លាំង​​ម្នាក់​ព្រោះ​តែ​ខឹង​​​ប្តី​​ជន​ជាតិ​​ឥណ្ឌា​ពូកែ​​ ប្រចណ្ឌ​​ពេក​ក៏​ផ្ទុះ​កំហឹង​ទាញ​កាំបិត​ប៉័ង​តោ​កាប់​ទៅ​លើ​ប្តី​ បណ្តាល​ឱ្យ​របួស​ដៃ​ខាង​ឆ្វេង ត្រូវ​​​កម្លាំង​​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​ចាប់​ឃាត់ខ្លួន​​ កាលពី​វេលា​ម៉ោង​​៩យប់​ ថ្ងៃទី​៣០ មិថុនា នៅ​ភូមិគីឡូ​ម៉ែ​ត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ ។

លោក​វរ​សេ​នីយ៍​ត្រី​ អ៊ុំ សុផល អធិការ​នគរ​បាល​​​ក្រុង​​ប៉ោយប៉ែតបាន​ឱ្យ​ដឹងថា ស្ត្រី​ដៃឆើត​ដែល​កាប់​ប្តី​នោះ​​​ឈ្មោះ​ អម​ វណ្ណា​ អាយុ​​២៥ឆ្នាំ  កាល​​ពី​​វេលា​​​​ម៉ោង​៩​យប់​​ថ្ងៃទី​៣០ មិថុនា ស្ត្រី​រូប​នេះ​​បាន​យក​កាំបិត​​ប៉័ង​តោមក​កាប់​ប្តី​ឈ្មោះ យូ​ កូល អាយុ​៣៧ឆ្នាំ ជន​​ជាតិ​ឥណ្ឌាត្រូវ​​១កាំបិត បណ្តាល​រយះ​​ដៃ​ឆ្វេង​យ៉ាង​ដំណំ ក្រោយ​​ពេល​​​ធ្វើសកម្មភាព​​​ត្រូវ​បាន​​​ចាប់​​ខ្លួន​​យក​មក​សួរ​នាំ ។

លោក​អធិការ​នគរ​បាល​ក្រុង​​បាន​បន្ត​ថា ​​​ នៅ​​ចំពោះ​មុខ​សមត្ថកិច្ច​ ស្ត្រីរូប​​នោះបាន​សារ​ភាព​ថា ​មូល​ហេតុ​​ដែល​រូប​នាង​​ឈាន​​ដល់​​​​ប្រើ​អំពើ​ហិង្សា​នេះ ក៏​ព្រោះ​តែ​​ខឹ​ង​​នឹង​ប្តី​ជន​ជាតិ​ឥណ្ឌា​​នេះ ពូកែ​ប្រចណ្ឌ​ពេក​ពេល​ឃើញ​​​នាង​ផឹក​ស៊ី​ជាមួយ​បុរស​ផ្សេងធ្វើ​ឱ្យ​នាង​ អត់​ទ្រាំ​មិន​បាន​ក៏​យក​​កាំបិត​ប័ុង​តោ​កាប់​​​តែម្តង​ទៅ ដើម្បី​ជា​ការ​ព្រមាន ។ ស្ត្រី​រូប​នេះបញ្ជាក់​ថា​ នាង​​បាន​ប្តី​ជាបុរស​ឥណ្ឌា​នេះ​រស់​នៅ​ជាមួយគ្នា​រយៈ​​ពេល​២​-​៣​ឆ្នាំ​មក​ ហើយ ។

លោកអធិការ​បាន​បញ្ជាក់​ថា​ ទាក់​ទិន​នឹង​​អំពើ​ហិង្សាប្រពន្ធ​កាប់​ប្តី​នេះ បុរស​ជា​ប្តី​មិន​បាន​​ប្តឹង​​ប្តល់​នោះ​ទេ​ សូម​ឱ្យ​​​សមត្ថកិច្ច​​អប់​រំ​ និង​ធ្វើ​កិច្ច​​សន្យា​មិន​ឱ្យ​កើត​មាន​​ជា​លើក​ទី​២​​តែ​ប៉ុណ្ណោះ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]