តើប្រិយមិត្ត ធ្លាប់មានអារម្មណ៍ថា មានក្លិនមាត់មិនល្អ ក្រោយពីទទួល ទានអាហារ ហើយដែរឬទេ? ពិតណាស់ មនុស្សភាគច្រើន តែងតែ មានក្លិនមាត់ មិនល្អ ក្រោយពេលទទួលទានហើយ ទោះបីជាបាន ទំពារស្ករកៅស៊ូ ឫ ក៏បានដុសធ្មេញ រួចហើយក៏ដោយ។ ការមានក្លិនមាត់ មិនល្អនេះ ទៀតសោត បានធ្វើឲ្យមនុស្សជាច្រើន មានការលំបាក ប្រាស្រ័យទាក់ទង ជាមួយមិត្តភក្តិ ឫ ក៏គូស្នេហ៍របស់ខ្លួន។ 

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត នឹងនាំយក អាហារទាំង ១២ ប្រភេទ ដែលអាចជួយកំចាត់ ក្លិនមាត់មិនល្អបាន យ៉ាងមានប្រសិទ្ធភាព ដូចខាងក្រោម ៖

១. ទឹក ៖ ការទទួលទឹក ក្រោយពេលញ៉ាំ អាហារអាចជួយ ឲ្យប្រព័ន្ធរំលាយអាហារ របស់លោកអ្នក មានដំនើរការល្អ និង ជួយកំចាត់ កាកសំណល់អាហារ ដែលជាប់នៅក្នុងធ្មេញ និងលើអណ្តាត ឲ្យបានស្អាតផងដែរ ។ ពីព្រោះកាកសំណល់អាហារ ដែលជាប់នៅក្នុងមាត់ គឺជាមូលហេតុ ចំបង ដែលធ្វើឲ្យមាត់ របស់អ្នកមាន ក្លិនមិនល្អ ដូច្នេះ លោកអ្នក គួរតែទទួលទានទឹក ឲ្យបានច្រើន បន្ទាប់ពីទទួលទាន អាហាររួច ដើម្បី កំចាត់ក្លិន មាត់មិនល្អ។

២.ផ្លែប៉ោម ៖ ទទួលទានផ្លែប៉ោម មួយផ្លែ ជារៀងរាល់ថ្ងៃ នឹងអាចជួយ កំចាត់ក្លិនមាត់ មិនល្អបាន យ៉ាងមានប្រសិទ្ធភាព។ យោងទៅតាម ការសិក្សា ស្រាវជ្រាវធ្វើឡើង ដោយសាស្រ្តាចារ្យ សាកលវិទ្យាល័យ Ohio ផ្នែកអាហារ , វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា បានឲ្យដឹងថា មូលហេតុ ដែលធ្វើឲ្យផ្លែប៉ោម គឺជាថ្នាំ បំបាត់ក្លិនមាត់មិនល្អ ដ៏មានប្រសិទ្ធភាពនេះ គឺបណ្តាលមកពី ផ្លែប៉ោម សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម polyphenols និងជាតិ អាស៊ីដ។

៣.តែបៃតង ៖ តើលោកអ្នកដឹងទេថា តែបៃតងសំបូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម មួយប្រភេទ ឈ្មោះ polyphenol ដែលជាសារធាតុ ដ៏សំខាន់បំផុត ក្នុងការកំចាត់ ក្លិនមាត់មិនល្អ និង ការពារ ជំងឺពុកធ្មេញ បានយ៉ាងមានប្រសិទ្ធភាព។ អ្វីដែលជាលក្ខណៈពិសេស របស់តែបៃតង នេះទៀត គឺវាអាចជួយការពារ មិនឲ្យកើតជំងឺមហារីក មាត់បានទៀតផង។

៤.ផ្លែឆឺរី ៖ ផ្លែឆឺរី មិនត្រឹមតែ ជាផ្លែឈើ ដែលមាន រសជាតិ ឆ្ងាញ់ពិសា ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកំចាត់ ហ្គាសមួយប្រភេទ ដែលជាភ្នាក់ងារ បង្កក្លិនមិនល្អ ក្នុងមាត់ បានយ៉ាង មានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះទេ ផ្លែឆឺរី ក៏អាចជួយ ឲ្យ ប្រព័ន្ធរំលាយអាហារ មានដំនើរការល្អ ទៀតផង។ ការធ្វើឲ្យប្រព័ន្ធ រំលាយអាហារ មានដំនើរការល្អ នេះទៀតសោត ក៏អាចជួយ កំចាត់ក្លិនមិនល្អ ទៅតាមនោះផងដែរ។

៥. តាំងអោ ៖ តាំងអោ គឺជាបន្លែ មួយប្រភេទ ដែលអាចជួយ កំចាត់ក្លិន មិនល្អ ចេញពីក្នុងមាត់ លោកអ្នកបាន យ៉ាងមានប្រសិទ្ធភាព ។ ពីព្រោះ តាំងអោ សំបូរទៅ ដោយ ជាតិពណ៌បៃតង ដែលអាច ជួយកំចាត់បាក់តេរី ដែលបង្ករ ឲ្យក្លិនមាត់មិនល្អ។ មិនតែប៉ុណោះទេ យោងទៅតាម ការសិក្សា ស្រាវជ្រាវ បានឲ្យដឹងថា សារធាតុប្រឆាំង បាក់តេរី ដែលមាននៅក្នុង តាំងអោ អាចជួយសំលាប់ សារធាតុស្ពាន់ធ័រ ដែលជាភ្នាក់ងារ បង្កក្លិន មិនល្អក្នុងមាត់បានទៀតផង។

៦. ទឹកដោះគោ ៖ យោងទៅតាម ការសិក្សា ស្រាវជ្រាវ បានឲ្យដឹងថា ទឹកដោះគោ អាចជួយកាត់បន្ថយ ក្លិនមិនល្អ ចេញពីក្នុងមាត់ របស់អ្នកបាន យ៉ាងមានប្រសិទ្ធភាព។ មូលហេតុ ដែលធ្វើឲ្យទឹកដោះគោ ដើរតួជាភ្នាក់ងារ កំចាត់ក្លិនមិនល្អ ចេញពីក្នុងមាត់នោះ ដោយសារតែវា សំបូរទៅដោយ សារធាតុខ្លាញ់។

៧. ស្ពៃខ្មៅ ៖ ស្ពៃខ្មៅ ក៏ជាបន្លែ មួយប្រភេទ ដែលអាចជួយ កំចាត់ក្លិនមិនល្អ ចេញពីក្នុងមាត់ របស់លោកអ្នកបានដែរ ដោយសារតែវា សំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម ឈ្មោះ polyphenols។ មិនតែប៉ុណ្ណោះទេ វាមិនត្រឹមតែ ជួយកំចាត់ក្លិន មិនល្អទេ ថែមទាំងជួយ ឲ្យលោកអ្នក មានខ្យល់ ដង្ហើមស្រស់ថ្លា ទៀតផង។

៨. សាឡាដ ៖ យោងទៅតាម ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថាសាឡាដ អាចជួយកាត់បន្ថយ ក្លិនមិនល្អក្នុងមាត់ បង្កដោយ ហ្គាសមួយប្រភេទ។ ដូច្នេះ លោកអ្នកអាច ទទួលទាន សាឡាដ ជាមួយនឹងអាហារ ផ្សេងទៀត ដើម្បីកាត់បន្ថយ ក្លិនមាត់មិនល្អ។

៩.ជីអង្កាម ៖ សារធាតុពណ៌បៃតង នៃជីអង្កាម សំបូរទៅដោយ សារធាតុ ក្លរ៉លភីល ក្នុងការជួយ ឲ្យលោកអ្នក មានខ្យល់ដង្ហើមស្រស់ថ្លា។ មិនតែបុណ្ណោះទេ យោងទៅតាម ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ទោះបីជាអ្នក មានក្លិនមាត់ មិនល្អ យ៉ាងណាក៏ដោយ ក៏ជីអង្គាម អាចជួយ កំចាត់ក្លិនមិនល្អទាំងនោះបាន។

១០.ទឹកដោះគោជូរ ៖ ទឹកដោះគោជូរ ត្រូវបានអ្នកស្រាវជ្រាវ ចាត់ទុកថា គឺជាអាហារ ដ៏មានសក្តានុពល ក្នុងការកំចាត់ ក្លិនមិនល្អចេញពីក្នុងមាត់ របស់លោកអ្នក បានយ៉ាងមានប្រសិទ្ធភាព។ មូលហេតុដែលធ្វើ ឲ្យ ទឹកដោះគោជូរ ជាភ្នាក់ងារ កំចាត់ក្លិនមិនល្អ បានយ៉ាង មានប្រសិទ្ធភាព ដូច្នេះគឺបណ្តាលមកពី វាមានសារធាតុ កម្មមួយចំនួន ដូចជា Lactobacillus , bulgaricus និង Streptococcus thermophilu។

១១. ផ្លែក្រូច ៖ ផ្លែក្រូច ,ទំពាំយបាយជូ , ក្រូចឆ្មារ សុទ្ធតែជា ផ្លែឈើ សំបូរទៅដោយ វីតាមីន C ខ្ពស់ ដែលជាហេតុធ្វើឲ្យ ពួកវា អាចកំចាត់ បាក់តេរី ដែលនៅក្នុងមាត់ បានយ៉ាង មានប្រសិទ្ធភាព។ ដូច្នេះ គ្រាន់តែទទួលទាន ផ្លែឈើទាំងនេះ ជារៀងរាល់ថ្ងៃ វានឹងអាចជួយ ឲ្យលោកអ្នក មានខ្យល់ ដង្ហើមស្រស់ថ្លា។

១២. ជីនាងវង ៖ លោកអ្នកមិនចាំបាច់ ពីបញ្ហាក្លិនមាត់ មិនល្អទៀតទេ ប្រសិនបើលោកអ្នក មានជីនាងវង នៅក្នុងដៃនោះ។ អ្វីដែលធ្វើឲ្យ ជីនាងវង ក្លាយជាភ្នាក់ងារដ៏ ខ្លាំងក្លា ក្នុងការកំចាត់ ក្លិនមាត់មិនល្អនោះ គឺដោយសារតែវា សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម polyphenols។

ទាំងនេះ គឺជាអាហារ ទាំង ១២ ប្រភេទសំខាន់ៗ ដែលអាចជួយកំចាត់ ក្លិនមាត់មិនល្អ របស់លោកអ្នក បានយ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ activebeat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]