អាហ្សង់ទីន៖ សួនសត្វមួយកន្លែង នៅប្រទេសអាហ្សង់ទីន ប្រឈមមុខនឹងការ បិទដំណើរការ ខណៈត្រូវ បានសាធារណជន ចោទប្រកាន់ថា សួនសត្វនេះប្រើថ្នាំ សន្តំដាក់សត្វ តោ ឲ្យវា មានចរិត ស្លូតដើម្បីអាចឲ្យ ភ្ញៀវទេសចរ ចូលទៅថតរូបនៅក្បែរវា ដល់ខាងក្នុងទ្រុង ដោយគ្មាន គ្រោះថ្នាក់ អ្វីទាំងអស់។

អ្នកទស្សនា ត្រូវចំណាយ ៣៩ ដុល្លារអាមេរិក បើសិនជា ពួកគេចង់ទៅ អង្គុយនៅកៀក និងថតរូបជាមួយ សត្វតោ ដល់ក្នុងទ្រុងដោយផ្ទាល់ ក៏ប៉ុន្តែ ទង្វើរបស់សួនសត្វ ដែលមានឈ្មោះថា Lujan Zoo នោះ ត្រូវបានក្រុមសកម្មជន ដើម្បីសត្វព្រៃ ធ្វើការរិះគន់ ចោទថា ដាក់ថ្នាំលើសត្វតោ ហើយ ក្រុមសកម្មជន ដើម្បីសត្វព្រៃ បានបញ្ជូនរូបថត លើបណ្តាញសង្គម របស់ពួកគេ ឲ្យទៅរដ្ឋាភិបាល។ តាមរយៈរបាយការណ៍ដែល ផ្សាយ ជាសាធារណៈ បានឲ្យដឹងថា សួនសត្វនោះគួរ តែត្រូវពិន័យ ឬបិទទ្វារតែម្តង ព្រោះតែ បើតាមច្បាប់អាហ្សន់ទីន ក៏មាន ច្បាប់ហាម មិនឲ្យ មនុស្សប៉ះពាល់ ដោយផ្ទាល់ជាមួយ សត្វព្រៃផងដែរ។

ភាគី សួនសត្វ Lujan Zoo ឯណេះវិញ បានអះអាងថា ទីនោះមានចិញ្ចឹម សត្វព្រៃប្រមាណ ៤០០ ក្បាល ហើយសត្វ ទាំងនោះទទួលការ បង្វឹកពិសេស ដើម្បីអាចឲ្យ អ្នកទេសចរ ប្រលែងលេង អង្អែល ឳបរឹត ឬក៏អង្គុយលើសត្វ តោ ខ្លា និងខ្លាឃ្មុំ ពណ៌ត្នោត បានដោយគ្មាន បញ្ហា អ្វីទាំងអស់ ហើយនេះ គឺជាការបង្វឹក មិនមែនដាក់ថ្នាំ សណ្តំសត្វនោះទេ។

លោក Neyen Rivero Longoria អ្នកនាំពាក្យសួនសត្វ បានបកស្រាយថា៖ “សត្វព្រៃនៅទីនេះ គឺវា ស្លូតជាងសត្វឆ្កែ ដែលគេចិញ្ចឹមនៅ តាម ផ្ទះទៅទៀត ដោយសារតែពួកយើង មានបច្ចេកទេស បង្វឹកពួកវា។ ទីនេះគឺជាសួនសត្វ តែមួយគត់លើលោក ដែលមានបច្ចេកទេស បង្វឹក សត្វឲ្យស្លូតបូត”។ ទោះជា យ៉ាងណាក៏ដោយ អ្នកទេសចរ ម្នាក់ដែលសុំមិនបញ្ចេញ ឈ្មោះបានប្រាប់ថា តោទាំងនោះ ហាក់ដូចជា គ្មាន វិញ្ញាណនៅក្នុងខ្លួន ចំណែកឯអ្នកទេសចរ មួយរូបទៀត បានប្រាប់ថា តោទាំងនោះហាក់ដូចជា ត្រូវថ្នាំ ដែលធ្វើឲ្យវា នៅមួយកន្លែង ដូចរូបសំណាក៕

សត្វតោដេកស្ងៀមឲ្យអ្នកទេសចរ ថតរូបជាមួយ


អ្នកទេសចរមួយរូបកំពុងប្រលែងលេងជាមួយតោ ញីឈ្មោលមួយគូ


សួនសត្វនេះត្រូវបាន គេចោទថាដាក់ថ្នាំសណ្តំតោ ឲ្យស្លូត


សត្វព្រៃនៅសួនសត្វ Lujan Zoo មានសរុបទាំងអស់ប្រមាណ ៤០០ ក្បាល


អ្នកនាំពាក្យសួនសត្វប្រាប់ថា ពួកគាត់បង្វឹកសត្វតោឲ្យស្លូត មិនមែនដាក់ថ្នាំនោះទេ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]