ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ឪពុកនិង​កូន​ស្រី អាយុ​១៣ឆ្នាំ បានលង់​ទឹក​ស្លាប់​ ខណៈ​ពេល​ជិះ​ទូក​ម៉ាស៊ីន​ត្រឡប់​ពីចម្ការ​​​វិញ​​ជួប​នឹង​ខ្យល់​ព្យុះ កាលពី​រសៀល​ថ្ងៃទី​៣០ មិថុនា និង​មាន​ការ​ភ្ញាក់​ផ្អើល​​នៅ​រសៀល​ថ្ងៃទី​១ កក្កដា ខណៈក្រុមអ្នក​ច្រូតស្មៅ​​ប្រទះ​ឃើញ​ទូក​ជន​រងគ្រោះ​អណ្តែត​កណ្តាល​​ទន្លេ ​​។

ដោយ​​មាន​ការ​សង្ស័យ​ក៏នាំ​គ្នា​​តាម​រក ទើប​ប្រទះ​ឃើញ​សព​ជនរងគ្រោះ​អណ្តែត​ទឹក​​នៅ​ចម្ងាយ​​ប្រមាណ​៥០​ម៉ែត្រពីគ្នា ​នៅ​ចំណុក​ក្បាល​កោះ​ក្របី​ ​មាត់​បឹង​ទន្លេ​សាប ​ស្ថិតក្នុង​ភូមិ​ត្រពាំ​ងចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ។ ជនរងគ្រោះ​​មាន​ទីលំនៅ​​ក្នុងភូមិ​​ ត្រពាំង​​ចាន់ ​ឃុំ​ត្រពាំង​ចាន់ ។

តាម​ស្ត្រី​ឈ្មោះ ទិត្យ មុំ អាយុ​៣១ឆ្នាំ ​ដែល​ត្រូ​វ​ជា​ប្រពន្ធ​​ជនរងគ្រោះ​​និយាយថា ​ប្តី​គាត់​ឈ្មោះ ភួន ភន ​អាយុ​៣៣ឆ្នាំ ចំណែកកូន​ស្រី​ដែល​លង់ទឹក​ស្លាប់ជា​មួយ​ឪពុក​​​នោះ​ឈ្មោះ ភួន សុភ័ក្រ្ត អាយុ​១៣ឆ្នាំ ​ជាកូនទី៣ ក្នុង​ចំណោម​កូន​៦នាក់ ។ ​កាលពីព្រឹក​ថ្ងៃទី​៣០ មិថុនា ប្តីគាត់​​និង​កូន​ស្រី​បាន​ជិះទូក​ម៉ាស៊ីន​ទៅចម្ការ​​ដូច​សព្វ​​ដង ​ដើម្បី​បេះផ្លែ​ល្ពៅ​ ​ប៉ុន្តែ​នៅល្ងាច​ថ្ងៃ​ដដែល​​នោះ ​មិន​បាន​ត្រឡប់មក​ផ្ទះ​វិញទេ ​ឯ​គាត់ក៏មិន​បាន​ចាប់​អារម្មណ៍ដែរ ​ព្រោះ​ជា​ទម្លាប់​ជួន​​​កាល​ប្តីគាត់​ធ្លាប់​ដេក​នៅ​ចម្ការ​មួយយប់​​ ឬ​ពីរយប់​ក៏​មាន។​

លុះ​ស្អែកឡើង​ថ្ងៃទី​​១ កក្កដា ​ស្រាប់​តែ​មាន​ក្រុម​អ្នក​ភូមិជាមួយ​​គ្នា ដែល​ចេញ​ទៅ​ច្រូត​ស្មៅ​ប្រទះ​ឃើញ​ទូក​របស់ប្តីគាត់​​​អណ្តែត​ទឹក​​នៅ​ចុង​ ក្បាល​កោះ​ក្របី ក៏មាន​ការសង្ស័យ​​និងបាន​ទូរស័ព្ទ​មក​ប្រាប់​គាត់ ។ ភ្លាម​នោះ​​ក៏​បាន​ប្រកាស​​​ឱ្យ​អ្នក​ភូមិ​ជាមួយគ្នា ​​ដែល​មាន​ទូក​កាណូត​ចេញ​​ជួយតាម​រកប្តី​គាត់ ហើយ​ក៏​បាន​ប្រទះ​ឃើញ​សព​ប្តីនិងកូនស្រី​គាត់​​​អណ្តែត​ទឹក​នៅចម្ងាយ​ប្រមាណ ​៥០ម៉ែត្រ​ពីគ្នា​ទើបនាំ​សព​ទាំង​ពីរនាក់​​ឪពុក​និង​កូន​​​មក​លំនៅ​ឋាន​ ដើម្បី​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

មន្ត្រី​ប៉ូលិស​ស្រុក​ដែល​ចុះ​ធ្វើ​កោសល្យ​វិច័យ​​សព​ និយាយថា ជន​រងគ្រោះ​ពិត​ជា​​ស្លាប់​ដោយ​សារ​លង់ទឹក​ប្រាកដ​ែមន និង​ធ្វើ​ការ​សន្និដ្ឋាន​ថា នៅ​ល្ងាច​ថ្ងៃទី​៣០ មិថុនា ​មាន​ភ្លៀង ន​ិង​ខ្យល់​ព្យុះ​ខ្លាំង ​ហើយ​ស្របពេល​ដែល​ជន​រងគ្រោះ​២នាក់​​​​ឪពុក​និងកូន​ជិះ​ទូក​ម៉ាស៊ីនត្រឡប់មក ​ផ្ទះ​វិញ​ក៏​​ជួប​​ភ្លៀង​​និង​ខ្យល់​ព្យុះ​ ។ ​​ពេលនោះ​​កូន​ស្រី​ដែល​អង្គុយ​នៅក្បាល​ទូកត្រូវ​ខ្យល់​បោក​ធ្លាក់​ពីលើទូក​ ​ ឯ​ឪពុក​​ឃើញកូនស្រី​ធ្លាក់​ទឹក​​​ក៏​ហក់​ទៅតាម​ស្រង់​​​​ ប៉ុន្តែ​​ខណៈ​នោះ​ទូក​មិន​បាន​នៅនឹង​មួយកន្លែង​​ទេ គឺ​វាអណ្តែត​តាម​ទឹក​ដែល​ហូរ​តាម​កម្លាំង​ខ្យល់​ ម៉្លោះ​ហើយ​នៅ​ពេល​ដែល​ស្រង់​កូន​បាន​​​ពិត​មែន​ ប៉ុន្តែ​​ទូក​អណ្តែត​ទៅឆ្ងាយ ធ្វើ​ឱ្យ​​ការ​ហែល​ទឹក​​របស់ឪពុក​អស់កម្លាំង​​មិន​អាច​ទៅរួចក៏​លង់​ស្លាប់​ ទាំង​ពីរនាក់​ឪពុក​និងកូន​តែម្តងទៅ ។​

​លោក មែន យីន ប្រធានភូមិ​​ត្រពាំង​ចាន់ ​និយាយថា ​គ្រួសារ​នេះ​ក្រីក្រ​ខ្លាំង​ណាស់ ​ចាប់​តាំង​​ពី​រៀបការ​មក​​បាន​កូន​​​​ដល់​ទៅ​៦នាក់​ គ្មាន​ផ្ទះ​​​សម្បែង​នៅទេ ​នៅតែជាមួយ​ម្តាយ​ខាង​ស្រី សូម្បី​តែលុយ​១រៀល​​​ធ្វើ​បុណ្យ​ក៏គ្មាន​ដែរ ។ អ្នក​ភូមិ​បាន​រៃ​ប្រាក់​​គ្នា​មក​ជួយ​ទិញ​ក្តារ​ធ្វើ​មឈូស​បាន​ពីរ​ដាក់​​​ សព​២នាក់​​ឪពុកនិងកូន​​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]