រាជធានីភ្នំពេញ​​ ៖ បុរស​ម្នាក់​​ក្រោយ​ពេល​​​​​​​​​​ជិះ​ម៉ូតូ​បត់​​ផ្លូវ​កែង​​​ក៏​រអិល​​ដួល​ ច្រងាប់​ច្រងិលម្នាក់​ឯង​​សន្លប់​​​១០​នាទី​​ទើប​​ដឹង​ខ្លួន​​ ហើយ​នៅ​ពេល​អ្នក​កាសែត​​ទៅ​ថត​​​​យក​ព័ត៌មាន​ បាន​ប្រាប់​​​ថា​ខ្លួន​ទើប​តែ​ផឹក​អស់​១​កេស​​​ប៉ុណ្ណោះ ​មិន​​ទាន់​ស្រវឹង​ទេ ​ទើប​តែ​ស្រឿង​ៗ តែ​ចង់​ឱ្យ​អ្នក​កា​សែត​ថត យក​ទៅ​​ដាក់​ទំព័រ​​មុខផង​​​ព្រោះ​ចង់​​ល្បី ​។

ហេតុការណ៍​​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេ​លា​ម៉ោង​១​ និង​៤០​នាទី​រំលង​អ​ធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​២ កក្កដា ​​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហនុ ក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូន​ពេញ ។ អ្នក​រ​ងគ្រោះ​​​ឈ្មោះ ចិត្រ​ អាយុ​២៥​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង ​ខណ្ឌ​ចំការ​មន ​រង​របួស​​ដាច់​កូន​ជើង​ ។

ប្រភព​​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ​​​បុរស​ខាង​លើ​បាន​ជិះ​ម៉ូតូ​​ម៉ាក​វី​វ៉ា ​ពណ៌​ខ្មៅ តាម​ប​ណ្តោយ​មហាវិថី​ព្រះ​សីហនុ ពី​កើត​​ទៅ​​លិច​ក្នុង​ល្បឿន​លឿន​​ពេល​មក​ដល់​ចំណុច​​​ផ្លូវ​កែង​ បាន​​ជាន់​ហ្វ្រាំងទាំង​ប្រថុច​​ញ៉ុច​ ក៏​​ដួល​បោក​ទៅ​លើ​ទ្រូង​​ផ្លូវ​​តែ​ម្នាក់​ឯង សន្លប់​ប្រមាណ​១០​នាទី​​ទើប​ដឹង​ខ្លួន។

ពេល​​ងើប​ពី​សន្លប់​​ក៏​និយាយ​ជា​មួយ​អ្នក​កាសែត​​​​ ថា ជួយ​ថតឱ្យ​បាន​​​ច្រើន​​ប៉ុស្តិ៍ និង​ឱ្យ​ច្បាស់ៗ ​ហើយ​​មេត្តា​​​ជួយ​ចុះ​ផ្សាយ​​ដាក់​នៅ​ទំព័រ​​មុខ​ផង​ ព្រោះ​​ខ្លួន​​ចង់​​ល្បី និង​ចង់​​ឱ្យ​​​អ្នក​ផ្ទះ​​​បាន​ឃើញ​​​ រួច​​បាន​លើក​ម៉ូតូ​​ជិះ​ទៅ​​ផ្ទះ​ដោយ​ខ្លួន​ឯង៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]