រាជធានីភ្នំពេញ​​ ៖ ក្រៅ​ពី​​សម្បូរ​វោ​ហា​​រ​កំប្លែង​​ និង​ភាព​ក្រមិច​ក្រមើម​ក្នុង​ការ​សម្តែង​​នោះ នាង​​ម៉ក់ សុគន្ធ​​ស្រី​និច ​ហៅ​ប្រិម​ប្រិយ​ត្រូវ​គេ​​មើល​ឃើញ​ថា ​រូប​សម្រស់​របស់​នាង​​ក៏​មាន​​​​ភាព​ទាក់​ទាញ​​បុរស​ៗ​​មួយ​ច​ំនួន​ដែរ ​បើ​ទោះ​បី​ជា​នាង​ជាប់​ឈ្មោះ​​ជាស្ត្រី​​មេ​ម៉ាយ​កូន​មួយ​ក៏​ដោយ ។តា​រា​កំប្លែង​ដែល​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​រូប​នេះ​ទទួល​ស្គាល់ថា សព្វ​ថ្ងៃ​​នាង​ពិត​ជា​​​មាន​អ្នក​តាម​ស្រលាញ់​ច្រើន តែ​នៅ​មិន​ទាន់​មាន​បុរស​ណា​មួយ​ត្រូវ​​ចិត្ត​ដែល​នាង​ប្រា​ថ្នា​​សម្រាប់​ ជា​គូ​អនាគត​ទេ​ ។

តា​រា​កំប្លែង​​ដែល​មាន​ដើម​កំណើត​​នៅ​ខេត្ត​កំពត​ រូបនេះ​​​បញ្ជាក់ថា ​បុរស​ដែល​​អាច​ឱ្យ​នាង​​​យក​មក​ធ្វើ​ជា​គូ​កៀក​កើយ​បាន​នោះ លុះ​ត្រា​តែ​​​មាន​ការ​​ទទួល​ខុស​ត្រូវ​ខ​្ពស់ ចេះ​ដឹង​ខុស​​ត្រូវ និង​ចេះ​​បែង​ចែក​ពេល​វេ​លា ជា​ពិសេស​​នោះ​គឺ​ជា​មនុស្ស​​ដែល​មាន​​ហេតុ​ផល​​ច្បាស់​លាស់ ហើយ​មាន​អាយុ​ចាប់​ពី​​ជាង​៣០​ឆ្នាំ​ឡើង​ទៅ​ ។ដោយ​សារ​តែ​នាង​​ធ្លាប់​មាន​ឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​នោះ ហេតុ​ដូច​នេះ​​រាល់​បុរស​​ដែល​នាង​​នឹង​ជ្រើស​រើស​យក​មក​ធ្វើ​ជា​គូ​អនាគត​​ នោះ​គឺ​ដាច់​ខាត​​ត្រូវ​តែ​មាន​​ការ​ពិនិត្យ​​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​ សិន ​មិន​មែន​ចេះ​តែ​ប្រថុយ​ប្រថាន​ឡើយ ​ព្រោះ​ខ្លាច​​​ជួប​រឿង​​អកុសល​​ដូច​មុន​ទៀត ។

ទោះ​ជា​យ៉ាង​ណា​​​ក្តី​ តា​រា​កំប្លែង​​​រូប​នេះ​អះ​​អាង​ថា​ បញ្ហាគូ​អនាគត​​នាង​នៅ​មិន​ទាន់​ចង់​គិត​​នៅ​ឡើយ​ទេ ព្រោះ​ចង់​ប្រឡូក​ក្នុង​​អាជីព​សិល្បៈ​​ឱ្យ​បាន​ច្រើន​ជាង​នេះ​ ។ រឿង​គូ​ស្រករនេះ​នាង​ចង់​​ទុក​​​ឱ្យ​ពេល​វេ​លា​​ជា​អ្នកកំណត់ ។ កន្លង​មក​នាង​ប្រិម​ប្រិយ​ធ្លាប់​លេច​ឮ​​ព័ត៌មាន​ថា​ចង​សម្ព័ន្ធ​​ស្នេហា​​ ជា​មួយ​នាយ​ហុង​ដា បន្ទាប់​ពី​មហាជន​​មើល​ឃើញ​ថា ​នាង​ និង​នាយ​ហុង​ដា​មាន​ភាព​ស៊ី​សង្វាក់​គ្នាយ៉ាង​ខ្លាំង​​​ទាំង​​នៅ​លើ​ឆាក​ និង​ក្រៅ​ឆាក ​ស្រ​ប​ពេល​​នាយ​ហុង​ដា បាន​បែក​បាក់​ពី​ភរិយា​​នាង​ឃ្មឹប​​ផង​នោះ ។ អ្វីៗ​ខុស​​ពី​ការ​ស្មាន​​ព្រោះ​ការពិត​​​នាយ​ហុង​ដា ​មាន​ចំណង​ស្នេ​ហា​ជា​មួយ​នារី​ម្នាក់​ផ្សេង​ទៅ​វិញ ។ ចំណែក​នាង​ប្រិម​ប្រិយ​​ បាន​ទាក់​ទង​​ជា​មួយ​បុរស​​អាណិក​ជន​ម្នាក់ តែ​ក្រោយ​មក​​នាង​បញ្ជាក់​​ថា ​ចំណង​ស្នេហ៍​រវាង​​នាង​ និង​បុរស​​នោះ​មិន​អាច​​ទៅ​មុខ​បាន​ឡើយ ​ដោយ​សារ​​​មិន​មាន​ពេល​វេ​លា​គ្រប់​​គ្រាន់​សម្រាប់​​គ្នា​ទៅ​វិញ​ទៅ​មក ។

​បើ​ទោះ​បីជា​ទទួល​រង​ការ​បរាជ័យ​ស្នេហ៍​ជា​បន្ត​ បន្ទាប់​ក៏​ដោយ ​តា​រា​កំប្លែង​រូប​នេះ​​ហាក់​មិន​អស់​​​​សង្ឃឹម​ក្នុងការ​​ស្វែង​រក​​ដៃ​គូ ​ជីវិត​​ឡើយ ព្រោះ​បើ​ផ្អែក​​លើ​រូប​សម្រស់​របស់​នាង​ប្រាកដ​ជា​មាន​បុរ​ស​មិន​តិច​​ ឡើយដែល​​តាម​សុំ​ស្នេហ៍​​នាង ។នាង​​ ម៉ក់ សុគន្ធស្រី​និច ​ហៅ​ប្រិម​ប្រិយ ជា​តា​រា​កំប្លែង​​ដែល​លេច​ធ្លោ​ម្នាក់​ក្នុង​ក្រុម​នាយ​កុយ​បន្ទាប់​ពី​នាង ​បាន​ចូល​រួម​សម្តែង​ក្នុង​ក្រុម​កំប្លែង​​នេះ​តាំង​​ពី​ចុង​ឆ្នាំ​​២០១០មក​ ​​ជំនួស​កន្លែង​នាង​ឃ្មឹប​ ដែល​បាន​ចាក​ចេញ​ ។

ស្រី​និច​ ​មាន​ឪពុក​​ឈ្មោះ ​នាង ម៉ក់ អាយុ​៥៣​ឆ្នាំ ​ជា​​គ្រូ​​សៀក​រហស្ស​កម្ម និង​ជា​តួ​​ល្ខោន​ក្នុង​​ក្រុម​ «​អប្សរាអមតៈ» ​ប្រចាំ​ក្រសួង​មហា​ផ្ទៃ​​​ និង​មាន​ម្តាយ​ឈ្មោះ ព្រំ សុខារិទ្ធិ ​អាយុ​៤០​ឆ្នាំ ​ជា​មន្ត្រី​ផ្នែក​សិល្បៈ​ក្នុង​ក្រសួង​​មហា​ផ្ទៃ​ដូច​គ្នា​ ។ នាង​ប្រិម​ប្រិយ​ពុំ​ទាន់​យល់​​​​រស្មី​ក្តី​ស្នេ​​ហា​នៅ​ឡើយ តែ​រស្មី​ជីវិត​​​សិល្បៈ​​កំប្លែង​​របស់​នាង​​កំពុង​​តែ​​ភ្លឺ​​ចែង​ចាំង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]