ខេត្តកណ្តាល ៖ មនុស្ស​ប្រុស-ស្រី​៣នាក់ ​​បាន​រង​របួស​ធ្ងន់​សន្លប់​​រដូក​រណែល​លើ​ផ្លូវ​ជាតិ​ដោយសារ​តែ​បើក​ម៉ូតូ​ ឌុប​គ្នា​លឿន​ដូច​ហោះ ​មិន​ប្រុង​ប្រយ័ត្ន​​ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​១គ្រឿង ​ដែល​ចត​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ​ កាលពីវេលាម៉ោង​៩និង៣០នាទី​យប់​ថ្ងៃទី​១ កក្កដា ​នៅចំណុច​មុខ​ភោជនីយដ្ឋាន​យីហោ ​ភីភីភី លើ​ផ្លូវ​លេខ​២១B ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។

ក្រោយពេល​​កើតហេតុ ប៉ូលិស​ចរាចរ​ក្រុង​តាខ្មៅ ​បាន​ចុះ​ទៅ​វាស់​វែង​​ និង​បញ្ជូន​​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ជ័យ​ជំនះ ក្រុង​តាខ្មៅ  ​ហើយ​នាំ​យក​រថយន្ត​​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ​ដើម្បី​​ដោះស្រាយ​​​ ។ ប៉ូលិស​ចរាចរ​​​ក្រុង​តាខ្មៅ បាន​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​ទាំង​៣នាក់​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ាហា មួយគ្រឿង ​ពីត្បូង​ទៅជើង បើក​បរ​ដោយ​​យុវជន​​ម្នាក់​ឈ្មោះ ប៉ាក វន្នី ​អាយុ​១៩ឆ្នាំ មានទីលំនៅ​​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​​ស្អាង ​​ឯ​​អ្នក​រួម​ដំណើរ​​២នាក់​ទៀត ​ឈ្មោះ ​ប៉ង យ៉ា ​ភេទ​ស្រី​ អាយុ​២៣ឆ្នាំ ​ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ ចាន់ ​​ភេទ​ស្រី​​ អាយុ​១៩ឆ្នាំ ​​អ្នក​ទាំងពីរ​ស្នាក់​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​​តា​ខ្មៅ ​ក្រុង​តាខ្មៅ។ ទាំង​បី​នាក់​បាន​រងរបួស​​ធ្ងន់​បែក​មុខ​បែកមាត់​​សន្លប់​ស្តូក​​លើ​ថ្នល់ ។ ​ចំណែក​រថយន្ត​​​​​ដែល​ចត​​នៅ​ចិញ្ចើម​​ផ្លូវ​ម៉ាកប្រាដូ ពណ៌ស ​​ដែល​គេ​ស្គាល់​ថា ​ម្ចាស់​ជា​មន្ត្រី​រាជការ​​ចូលហូបចុក​​នៅ​ភោជ​នីយដ្ឋាន​ ភីភីភី ក្រុង​តាខ្មៅ ។​

សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា  ​មុន​​ដំបូងគេ​ឃើញ​ម៉ូតូ​ម៉ាកយ៉ាម៉ាហា បើក​បរ​ដោយ​​​បុរស​ម្នាក់​ និង​អ្នក​រួម​ដំណើរ​២នាក់​ជានារី ​ក្នុង​ល្បឿន​លឿន​ពីត្បូងទៅជើង ​តាម​ផ្លូវ​លេខ​​២១B ​លុះ​មក​ដល់​មុខ​ភោជនីយដ្ឋាន​ភីភីភី​បាន​រេ​ចង្កូត ជ្រុល​ទៅបុក​គូទ​រថយន្ត ចំពីក្រោយ​ ដែល​ចត​នៅ​​​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ម៉ូតូ​និង​អ្នក​ជិះ​៣នាក់ ​​បោក​​ខ្ទប់​នឹងគូទ​រថយន្តរង​របួស​ធ្ងន់​​សន្លប់​ស្តូក​​ទាំង​​​ ៣នាក់តែម្តង  ។ ​សាក្សី​និយាយថា ​អ្នក​បើក​​ម៉ូតូ​សង្ស័យ​ថា ស្រវឹង​ខ្លាំង​ផង ​ទើប​បើក​ម៉ូតូ​រេ​ចង្កូត​ទៅបុក​គូទ​រថយន្ត​​ចត​ស្ងៀម​បែប​នេះ ​៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]