ខេត្ត​កំពង់​ស្ពឺ ៖ កុមារី​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំង​ពី​វេលា​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​៦ កុម្ភៈ​​​រហូត​ដល់​ម៉ោង​ប្រហែល​៤​រសៀល​ថ្ងៃ​ទី​៧​កុម្ភៈ គឺ​អស់​រយៈ​ពេល​១យប់​១ថ្ងៃ​ទើប​ឪពុក​ម្តាយ​បាន​រក​ឃើញ​ តែ​នាង​បាន​ស្លាប់​ទៅ​ហើយ​នៅ​ក្នុង​ព្រៃ​ខាង​ជើង​ផ្ទះ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ និង​ត្រូវ​បាន​អះអាង​ថា ត្រូវ​ជន​ឈាម​​ក្តៅ​នាំ​យក​ទៅ​រំ​លោភ​​ ហើយ​សម្លាប់​បំ​បិទ​តាង ។

ទាក់​ទិន​នឹង​ករណី​រំ​លោភ​រួច​សម្លាប់​នេះ ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​រុង​រឿង​បាន​ឱ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ឈ្មោះ​ញ៉ាញ់ ស្រី​និត អាយុ​៧​ឆ្នាំ ជា​កូន​ទី​៩​ក្នុង​ចំណោម​បង​ប្អូន​​១០​នាក់ ឪពុក​ឈ្មោះ​ផូ ញា៉ញ់​អាយុ​៤៧​ឆ្នាំ ម្តាយ​ឈ្មោះ​រឿន ហឿន អាយុ​៤៦​ឆ្នាំ ជា​កសិករ​មាន​ទី​លំ​នៅ​ភូមិ​ចំបក់​ស ឃុំ​រុង​រឿង​ ស្រុក​ថ្ពង​ ។ នៅយ​ប់​ថ្ងៃ​ទី​៦ កុម្ភៈ នៅ​ក្នុង​ភូមិ​នេះ​មាន​ក​ម្ម​វិធី​បុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១០០​ថ្ងៃ​មានមនុស្ស​ម្នា​​ដើរ​ចេញ​ចូល​កន្លែង​បុណ្យ​ពុំ​ដាច់​ទោះ​ពុំ​មាន​ចាក់​ធុង​បាស់​រាំ​​ក៏​ដោយ ។ ​ដោយ​ឡែក​កុមារី​ឈ្មោះ​ញ៉ាញ់ ស្រី​និត​ បានបាត់​ខ្លួន​តាំង​ពី​ម៉ោង​ប្រមាណ​៨យប់​ម៉្លេះ​ដែល​ឪពុក​ម្តាយ​នឹក​ស្មាន​ថា កូន​នៅ​​កន្លែងធ្វើ​​បុណ្យ ។

ប្រភព​ព័ត៌​មាន​ដដែល​បន្ត​ថា ​រហូត​​​ដល់​ម៉ោង​​៣​រសៀល​ថ្ងៃ​ទី​៧​ កុម្ភៈ ម្តាយ​ឪពុក​ពុំ​ឃើញ​​កូន​ចូល​ផ្ទះ​វិញក៏​ផ្អើល​ឈូ​ឆរ​រួម​ជា​មួយ​អ្នក​ភូមិ​​ផង​ជួយដើរ​រក​កូន​ ហើយ​មក​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​ឪពុក​ក៏​ប្រទះ​ឃើញ​សព​កូន​​​​​​​ស្រី​នៅ​ខាង​ជើង​ផ្ទះ​ក្នុង​ព្រៃ​របោះ​ចម្ងាយ​ប្រហែល​​២០០​ម៉ែត្រ​ពី​ផ្ទះ ។ ដំបូង​គាត់​ឃើញ​ខោ​ទ្រនាប់​បន្ទាប់មក​ក៏​ឃើញ​កង​ដៃ​ជ័រ​ម្ខាង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខោ​ លុះ​ដើរ​​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ទៀត​​ក៏​ឃើញ​សព​កូន​ត្រូវ​ឃាតក​បោះ​ទៅ​ក្នុង​ព្រៃ​ក្រោម​គុម្ព​ត្បែង ទើ​ប​នាំ​យក​មក​​ផ្ទះ​ទាំង​ទឹក​ចិត្ត​ក្តុកក្តួលឥត​ឧបមា ​។ ក្រោយ​​មក​ក៏​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​ឱ្យ​មក​ពិនិត្យ​ និង​ជួយ​រក​ឃាត​ក​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ សមត្ថ​កិច្ច​មាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​កង​រាជ​អាវុធ​ហត្ថ​ មេឃុំ រួម​ទាំង​វេជ្ជ​បណ្ឌិត​ផ្នែក​កោសល្យ​វិច័យ​បាន​ចូល​រួម​ធ្វើ​ការ​ត្រួត​ពិនិត្យ​សព ។ 
ក្រោយពេល​ពិនិត្យ​រួច​ជា​លទ្ធ​ផល​បច្ចេក​​ទេស​បាន​វាយ​តម្លៃ​ថា សព​កុមារី​ញ៉ាញ់ ស្រីនិត អាយុ​៧​ឆ្នាំ ពិត​ជា​ត្រូវ​ឃាតក​នាំ​ទៅ​រំ​លោភ​យ៉ាង​​ព្រៃ​ផ្សៃ​បំផុត រហូត​ដាច់​ទ្វារ​មាស​មាន​លោ​ហិត​ដិតដាម​ និង​ការ​មួល​កាច់​ក​បំ​បាក់​ក្រោ​យ​ពី​រំ​លោភ​រួច​ ។ សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ។ អ្ន​ក​ភូមិ​ចំបក់​ស​ទាំង​មូល​រួម​ទាំង​គ្រួសារ​សព​ផង​បាន​ថ្កោល​ទោស​​ឃាតក​រំ​លោភ​កុមារី​អាយុ​៧​ឆ្នាំ​នេះ​ និង​សុំ​ឱ្យ​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​ឃាតក​នោះ​ឱ្យ​បាន​ទើប​ស្ងប់​ចិត្ត​​ ។

លោក​អនុ​សេនីយ៍​ឯក​សម សាក់ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​​កំណត់​មុខ​សញ្ញា​ និង​ឈាន​ទៅ​ចាប់​ខ្លួន​ឃាតក​ឱ្យ​ទាល់​តែ​បាន​ល្គឹក​ណា​គ្រួសារ​ជន​រង​គ្រោះ​ជួយ​បំ​ភ្លឺ​តម្រុយ​ខ្លះ​ៗ​ដែល​ពាក់​ព័ន្ធ ព្រោះ​អ្នក​សម្លាប់​​ពុំ​អាច​នៅ​ឆ្ងាយ​ពី​ភូមិ​កើត​ហេតុ​នេះ​ទេ ហើយ​អាច ថា នាង​រង​គ្រោះ​បាន​ស្គាល់​ទៀត​ផង​ ទើប​ជន​ឈាម​ក្តៅ​បបួល​នាង​បាន​ ហើយ​ធ្វើ​ការ​រំ​លោភ​សម្លាប់​បែប​នេះ ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]