ខេត្ត​ព្រះ​សីហនុ​​​​​  ៖ រូប​សម្រស់​បា​ត់​បង់ ស្នេហា​ក៏​បាត់​បង់ ដោយ​ប្តី​បែកបែរ​​ចិត្ត​​ទៅ​មាន​ស្រី​ថ្មី។ ​នេះ​ជារឿង​​ជីវិត​​សោក​រប​ស់​នារី​អ្នក​ចម្រៀង​​វ័យ​ក្មេង​​​ម្នាក់ ​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ពេល​ជិះ​រថយន្ត​ជា​មួយ​អ្នក​រួម​អាជីព ​រប​ស់​នាង​ទៅ​ប្រគំ​​តន្ត្រី ។ នារី​រូប​​នេះ​ឈ្មោះ ប៉ែន រស្មី តែ​រស្មី​ជីវិត​​របស់នាង​​​​​​​​រលត់​សូន្យ​សុង​​ទៅ​ហើយ ។ នាង​ជា​សមាជិក​នៃ​ក្រុម​តន្ត្រី​​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ ​ហើយ​ក៏​ជា​ទី​​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​​បំផ្លិច​បំផ្លាញ​​យក​អស់​ក្តី​ សង្ឃឹម និង​សុភមង្គល​ពី​ជីវិត​​នាង​ដែរ ។

​រឿង​រ៉ាវ​ដ៏​ខ្លោច​ផ្សារ​បស់​នាង​រស្មី អាយុ​២៨​ឆ្នាំ ​គេ​ដឹង​​ឮ​តែ​នៅ​តំបន់​របស់​នាង​​រស់​នៅ​ប៉ុណ្ណោះ ប៉ុន្តែ​​ទើប​តែ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៣០ មិថុនា ​២០១២ ​បានដឹង​​ឮ​ជា​សាធារណៈ​តាម​រយៈនាង​​ឡើង​ច្រៀង​​រំលេច​ដោយ​ផ្ទៃ​មុខមាន​ស្នាម ​​​របួស​​យ៉ាង​អាក្រក់​ និង​​ប្រអប់​ដៃ​ទាំង​ពី​រ​ដាច់​​​ពិការ​ ក្នុងង​កម្ម​វិធី​​ប្រគំ​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​ ។បច្ចុប្បន្ន​​នាង​ ប៉ែន​ រស្មី ប្រឹង​ត្រដរ​រស់​​ទាំង​តូច​ចិត្ត​ខ្លួន​​ឯង ​ដ្បិត​​ភាព​ស្រស់​​ប៉ប្រិម​នៃ​វង់​ភ័ក្ត្រ​បាត់​បង់​​​អស់​ សល់​តែ​​ស្លាក​ស្នាម​ឆេះ​ខ្លោច និង​ស្នាម​វះ​កាត់ ចំណែក​ដៃ​ទាំង​សង​ខាង​​ដាច់​​​​អស់​ម្រាម ។ ក្នុង​ស្ថាន​ភាព​បែប​នេះ​​នាង​មាន​ជីវិត​​រស់​ដូច​ជា​​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​​កាន់​​តែ​ឈឺ​ចាប់​​ថែម​ទៀត​​​​ដ្បិត​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្តី​​មិន​នៅ​ថែ​ទាំ លើក​ទឹក​ចិត្ត​នាង​​ទេ គឺ​ចាក​ចោល​នាង​ទៅ​មាន​ស្រី​ថ្មី​ទៀត​ ។ធ្លាក់​ខ្លួន​ក្នុង​សភាព​បែប​នេះ​​ទៅ​ហើយ​ នាង​ពុំ​ចង់​គិត​​ពី​ខ្លួន​ឯង​​​ទេ ប៉ុន្តែ​មាន​កូន​ប្រុស​តូច​​​មួយ​អាយុ​​១​ឆ្នាំ៩​ខែ ដែល​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ពី​ជីវិត​របស់​គេ ។

នារី​អ្នក​ចម្រៀង​​អភ័ព្វ​ម្នាក់​នេះ និយាយ​ទាំង​យ​ំ​អួល​អាក់​ថា «​នៅ​ពេល​ឃើញ​ខ្ញុំ​​ធ្លាក់​ខ្លួន​ពិការ និង​ផ្ទៃ​មុខ​​បាត់​បង់​សម្រស់​អស់ ប្តីមិន​​អាណិត​ខ្ញុំ​​ទេ ​គេ​បែក​ចិត្ត​​​ទៅ​មាន​ស្រី​ថ្មី ។ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​​រស់​នៅ​​យ៉ាង​លំបាក​​ជា​មួយ​កូន​ប្រុស​ ។ ​សព្វ​ថ្ងៃ​​​នាង​ខ្ញុំ​តូច​ចិត្ត​អាណិត​ខ្លួន​ឯង​ណាស់ ​តែ​មិន​ដឹង​​ធ្វើ​​ម៉េច មាន​តែ​​​ទ្រាំ​រស់​​តាម​យថា​កម្ម​ចុះ» ។ នាង​ ប៉ែន រស្មី ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​អូ​រ​ច្រនាង ​ស្រុក​កំពង់​​​ត្រាច ខេត្ត​​កំពត ​​និង​មាន​បង​ប្អូន​៥​នាក់​ ក្នុង​នោះ​​ប្រុស​៣​នាក់ ចំណែក​​រូប​នាង​​​ជា​កូន​ពៅ ។មុន​ក្លាយ​ជា​អ្នក​ចម្រៀង​​សម័យ នៅ​វ័យ​កុមារ​​អាយុ​​៥​ឆ្នាំ នាង​បាន​ចូល​រួម​សម្តែង​​ល្ខោន​បាសាក់​​​នៅ​ក្រុម​អូ​សេ​តេ ។ ​នាង​ចាប់​ផ្តើម​ជីវិត​​ជា​អ្នក​ចម្រៀង​​សម័យ​​​​ប្រចាំ​ក្រុម​​តន្ត្រី​អូ​ សេ​តេ​នៅ​ឆ្នាំ​២០០៥ ដែល​អ្នក​​ខេត្ត​ព្រះ​សីហនុ​​អាច​ស្គាល់​​នាង​តាម​រយៈ​ការ​ចូល​រួម​ច្រៀង​​ ក្នុង​ពិធី​ផ្សេងៗ  ពិសេស​​​ពិធី​ជប់​លៀង​​​មង្គលការ​ ​​​​​​​​​​​​​​​​​​​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​រស្មី​ បាន​រៀប​ការ​​​​នៅ​ឆ្នាំ​២០០៣ និង​មាន​កូន​ប្រុស​​ម្នាក់​​​​​​​​​​​​​​​​​​​​​​ ។ ​​​​​​​​​​​​​​ក្នុង​កម្ម​វិធី​​ប្រគំ​តន្ត្រី​​​របស់​ស្ថានីយ​ទូរទស្សន៍​នា ​ពេល​​នោះ​ នាង​​រស្មី​ច្រៀង​ចំនួន​២​បទ គឺ​បទ«​ផ្កា​ស្រពោន​» និង​បទ«​រាត្រី​ទឹក​ឃ្មុំ» ដែល​ទំនង​​អត្ថន័យ​នៃ​បទ​ចម្រៀង​​ទាំង​នេះ​​មាន​លំនាំ​ប្រហាក់​ប្រហែល​​ឆាក​ ជីវិត​​ពិត​របស់​នាង​ ហើយ​នាង​​ទម្លាយ​​ចេញ​ពី​​បេះ​ដូង​រប​ស់​​នាង​ទៅ​ទស្សនិកជន​ ។ នាង​ច្រៀង​ពីរោះ​គួរ​សម​ តែ​មិន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ជាង​រឿង​​ជីវិត​សោក​របស់​ នាង​ដែល​ពិធីករ​​និទាន និង​ភាព​ពិការ​របស់​នាង​ទេ ។ ​ទស្សនិកជន​ទាំង​នៅ​ទស្សនា​ផ្ទាល់ និង​ទស្សនា​​តាម​កញ្ចក់​ទូរទស្សន៍​ ម្នាក់ៗ​រំភើប​​ខ្លោច​ចិត្ត​អាណិត​​នាង ។

ដោយ​ក្តី​អាណិត​​អាសូរសម្តេចតេ​ជោ​​ ហ៊ុន សែន និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​ប្រាក់​ដល់​នាង​​រស្មី​ចំនួន​១.០០០​ដុល្លារ​ ។ ក្រៅ​ពី​នេះ​ក៏​មាន​សប្បុរស​​ជន​មួយ​ចំនួន​​ទៀត​​ដែរ​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​នាង ។គ្រោះ​ថ្នាក់​​ចរាចរណ៍​ដែល​ឆក់​យក​រូប​សម្រស់​របស់​នាង​រស្មី​នោះ គឺ​​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​បុក​រថយន្ត​​ដឹក​​ក្រុម​តន្ត្រី​របស់​នាង​ បណ្តាល​ឱ្យ​ឆេះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១១ ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​​៤ ក្នុង​ភូមិ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​​​ព្រះ​សីហនុ​ ។

ក្នុង​រថយន្ត​​មាន​តន្ត្រី​ករ​ និង​អ្នក​ចម្រៀង​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​អ្នក​​ចម្រៀង​​៤​នាក់​ឆេះ​ស្លាប់​ ​និង​៨​នាក់​ទៀត​ឆេះ​ខ្លោច​​ខ្លួន​ប្រាណ​ស្ទើរ​ស្លាប់​រាប់​ទាំង​​នាង​​ រស្មី​ផង ។នារី​​អ្នក​ចម្រៀង​​​​​រូប​នេះ​ត្រូវ​​​គេ​នាំ​ចូល​​​ព្យាបាល​នៅ​មន្ទីរ​ ពេទ្យ​​ចម្ការ​​ចេក​ ក្រុង​ព្រះ​សីហនុ ។ អស់​រយៈ​ពេល​​ជាង​​១​ឆ្នាំ​​ទើប​នាង​ជា​ស្បើយ​មុខ​របួស​ទាំង​បាត់​បង់​អស់​ សម្រស់ និង​ពិការ​​ដៃ​ទាំង​សង​ខាង។អតីតកាល​​មិន​ត្រឡប់​មក​រក​នាង​​រស្មី​វិញ​​ទេ តែ​ទោះ​បី​ជា​នាង​រស់​​​នៅ​ក្នុង​​​បច្ចុប្បន្ន​​ទាំង​សោក​សៅ តែ​​​នាង​នៅ​តែ​​​​​​​​​​ត្រដ​រស់​​ដោយ​សល់​ក្តី​សង្ឃឹម​​​មួយ​សម្រាប់​នាង​ ដែរ នោះ​គឺ​កូន​ប្រុស​តូច​​ជា​ទី​ស្រឡាញ់​ ដែល​នាង​ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់​​ជួយ​តម្រង់​​អនាគតរបស់​គេ​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]