បន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយ ផឹកស្រាស្រវឹងវាយគេបាក់ធ្មេញអស់៦ដើម ព្រោះទំនាស់ពាក្យសម្តីកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ នៅភូមិសាមគ្គីមានជ័យ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ នៃ អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២ថា ជនសង្ស័យដែលកម្លាំង អ.ហ ឃាត់ខ្លួនមានឈ្មោះ ឆេង ឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ រីឯជនរងគ្រោះមានឈ្មោះ រឿន រ៉េត ភេទប្រុស ពួកគេទាំង២នាក់ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។

លោក ម៉ែន ភិរម្យ បានបន្តថា ការឃាត់ខ្លួនបុរសរូបនេះ បានធ្វើឡើង បន្ទាប់ពីជនដៃដល់ និងជនរងគ្រោះ មានផ្ទះក្បែរគ្នា បាននាំគ្នាទៅបង់ត្រី និងកង្កែប នៅមាត់អូរព្រំដែនកម្ពុជា-ថៃ ពេលត្រលប់មកវិញ បានត្រី រស់១ក្បាល និងកង្កែម១ក្បាល ហើយក៏យកទៅធ្វើម្ហូប ដើម្បីក្លែមទាំងអស់គ្នា។ លុះដល់ម៉ោងពេលល្ងាច ថ្ងៃកើតហេតុនោះ បុរសជាជនសង្ស័យ ឆេង ឌី បានទៅទិញស្រា១លីត្រយកទៅផឹកនៅផ្ទះជនរងគ្រោះ រឿន រ៉េត ពេលនោះក៏បានចាប់កង្កែបដែលបង់បានមកអាំងក្លែម ផឹកអស់ស្រា១លីត្រ ពួកគេក៏ចែកផ្លូវគ្នា ទៅផ្ទះរៀងៗខ្លួន។

ពេលដែលចាកចេញនោះ ជនសង្ស័យ ឆេង ឌី បានយកត្រីពីក្នុងចានដែក នៅផ្ទះ រឿន រ៉េត ទៅអាំងនៅ ផ្ទះរបស់ខ្លួន ដោយពុំបានប្រាប់ឡើយ។ ពេលឈ្មោះ រឿន រ៉េត រកត្រីមិនឃើញក៏បានមកសួរ ឆេង ឌី ដល់ ផ្ទះ ខណៈនោះឃើញ ឆេង ឌី កំពុងអាំងត្រី រឿន រ៉េត បានខឹងស្ទុះទៅចង្អុលក្បាល ឆេង ឌី ទាំងកម្រោល ដោយមានបងប្អូន៤នាក់ មកជួយជេរ ដោយមិនសួររកខុសត្រូវទៀតផង ភ្លាមនោះ ឆេង ឌី ទ្រាំមិនបាន ក៏ស្ទុះទៅដាល់កណ្តាលមាត់ រឿន រ៉េត មួយដៃបាក់ធ្មេញអស់៦ដើម ហើយបែកឈាមពេញមាត់ទៀត ផង។

ក្រោយសួរនាំនៅថ្ងៃទី០៣ ខែកក្កដា ជនសង្ស័យត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕

Photo by DAP-NEWS

ដោយៈ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]