ខេត្តបន្ទាយមានជ័យ៖ បុរសពីរនាក់ប្តីប្រពន្ធ នៅភូមិប្រជាធម្ម សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីកូនស្រីបង្កើតប្តឹងថា ប្រើហិង្សាចាប់នាងដាក់ច្រវាក់ជើង និងបង្ខំឲ្យទៅរកស៊ីផ្លូវភេទ ។

ជនសង្ស័យ ទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១២ ដោយកម្លាំងនគរបាល ក្រុងប៉ោយប៉ែតរួមមាន ១- ឈ្មោះ នុត មឿន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជាឪពុក មានមុខរបរជាអ្នករត់ម៉ូតូឌុប,២-ឈ្មោះ ហែម សំអូន ភេទស្រី អាយុ ៤៣ ឆ្នាំ ។ រីឯកុមារីរងគ្រោះ មានឈ្មោះ ស, ធ  អាយុ ១៣ឆ្នាំ ពួកគេ ទាំង ៣ នាក់ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។

យោងតាមការរៀបរាប់ របស់ក្មេងស្រីរងគ្រោះ ស, ធ នៅមុខសមត្ថកិច្ចសួរនាំ បានឲ្យដឹងថា កន្លងមក នាងតែងតែត្រូវឪពុកម្តាយវាយធ្វើបាប ហើយកាលពីថ្ងៃទី២៦ មិថុនា កន្លងទៅ នាងត្រូវឪពុកម្តាយ ដាក់ច្រវាក់ជើងទាំងសងខាង និងដាក់ច្រវាក់ដៃ ទៅក្រោយក៏មាន។

នាងបន្តថា នាងក្លាយជាក្មេងស្រីសុំទាន តាំងពីតូច រហូតដល់អាយុ ១២ ឆ្នាំ ក្លាយជាស្ត្រីរកស៊ីផ្លូវភេទ តាំងពីអាយុ ១៣ឆ្នាំម៉្លេះ ព្រោះតែដើម្បីចិញ្ចឹមឪពុកម្តាយ និងប្អូនៗ ៧នាក់ទៀត ក្នុងបន្ទុក ហូតដល់ពេលនេះ នាងមានអាយុ ១៥ ឆ្នាំហើយ នាងពុំដែលបានទៅរៀនសូត្រឡើយ។

ទន្ទឹមគ្នានោះ នាងក៏បានបង្ហាញស្លាកស្នាមជើង ដែលឪពុកម្តាយដាក់ច្រវាក់ និងស្នាមជាំមួយចំនួន ដែលឪពុកម្តាយវាយធ្វើបាប ក្នុងនោះរួមទាំងការកាត់សក់ឱ្យខ្លី ទៀតផង ក្រៅពីនេះ ពេលនាងវិលត្រឡប់ពីរកលុយ ត្រូវឪពុកម្តាយឆែកឆេរសព្វខ្លួនប្រាណ ព្រោះខ្លាចនាងលាក់លុយកាក់ ។ ពេលអ្នកជិតខាងសួរនាំ ឪពុកម្តាយ របស់នាងបានប្រាប់គេថា នាងតែងតែដើរលេងមិនចូលផ្ទះ និងមានគំនិតមិនល្អ ចង់រត់ចោលផ្ទះជាញឹកញាប់ ទើបពួកគាត់ចាប់ដាក់ច្រវាក់បែបនេះទៅ។

ជុំវិញករណីនេះ លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២នេះថា ការឃាត់ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ខាងលើ នេះ គឺធ្វើឡើងតាមបញ្ជា របស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីឃាត់ខ្លួន យកមកសួរនាំ ជនសង្ស័យទាំងពីនាក់ប្តីប្រពន្ធ បាន និយាយថា កូនស្រីរបស់គាត់ តែងតែដើរមិនសូវចូលផ្ទះ និងលួចរកស៊ីផ្លូវភេទ ហើយឧស្សាហ៍រត់ចេញពីផ្ទះ ទើបពួកគាត់ចាប់ដាក់ច្រវាក់ គឺក្នុងន័យអប់រំកូនឲ្យល្អទេ។

លោកអធិការ អ៊ុំ សុផល បានបន្តថា បើទោះបីជាបែបណានោះ ក្រោយសួរនាំជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធ និងកុមារីរងគ្រោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត កាលពីរសៀលថ្ងៃទី៣ ខែកក្កដានេះ ដើម្បីឲ្យការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

www.dap-news.com

ដោយ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]