ភ្នំពេញ ៖ យុវជនម្នាក់ទំនងជា ដាច់លុយលេងថ្នាំពេក ទើបយកកូនកាំបិត ភ្ជង់គំរាមយកទ្រព្យសម្បត្ដិ មិនតែប៉ុណ្ណោះទេ បន្ទាប់ពីបានទ្រព្យសម្បត្ដិ ប៉ុនប៉ងចាក់ សម្លាប់ជនរងគ្រោះទៀតផង ប៉ុន្ដែសំណាងល្អ ត្រូវជនរងគ្រោះចាប់កាំបិទជាប់ ទើបរួចផុតអាយុជីវិត កាលពីវេលាម៉ោង២និង២០ នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១២  លុះព្រឹក ឡើងសាច់ញាតិ រួមនិងជនរងគ្រោះក៏ឃាត់ខ្លួន ប្រគល់ឱ្យទៅនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ ហេតុការណ៍ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១២ ស្ថិតនៅផ្ទះជនរងគ្រោះ ភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ជន រងគ្រោះមានឈ្មោះ បាន ផល្លី ភេទស្រី អាយុ ៤០ ឆ្នាំ មានមុខរបរ ជាបុគ្គលិកពេទ្យបណ្ដែង (ផ្នែកសម្របសម្រួល អង្គការ) ស្នាក់នៅក្នុងមណ្ឌលសុខភាព ភូមិសាមគ្គី១ កន្លែងកើតហេតុ បាត់បង់ចិញ្ចៀនដាំត្បូង ១វង់ និងទូរស័ព្ទដៃ ១គ្រឿង រងរបួសដៃខាងឆ្វេង។

ចំណែកឯជនសង្ស័យវិញ មានឈ្មោះ បាន វណ្ឌី ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅ ភូមិ-សង្កាត់ កើតហេតុខាងលើ ។

ប្រភពព័ត៌មានពីជនរងគ្រោះ រៀបរាបប្រាប់នគរបាលបានឱ្យដឹងថា ជនរងគ្រោះគឺជាបុគ្គលិកពេទ្យ នៅកន្លែងកើតហេតុ ហើយបានស្នាក់នៅក្នុង បន្ទប់មណ្ឌល សុខភាពខាងលើ លុះដល់ថ្ងៃទី២ខែ កក្កដា ឆ្នាំ២០១២ ជនរងគ្រោះ បានទៅសម្រាក នៅក្នុងបន្ទប់មណ្ឌលសុខភាព ដើម្បីយាមកាម ឧបករណ៍ និងថ្នាំពេទ្យ លុះដល់ម៉ោង២និង២០នាទី យប់ថ្ងៃដដែល ជនរងគ្រោះកំពុងតែដេកលង់លក់ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពគាស់ដំបូលស៊ីប្រូ ចូលតាមបន្ទប់ទឹក រើកកាយឥវ៉ាន់ លុះបន្ដិច ក្រោយមកជនរងគ្រោះ បានភ្ញាក់ដឹងខ្លួន ពេលជនសង្ស័យបានធ្វើសកម្មភាព យកកូនកាំបិតភ្ជង់គំរាម យកសម្ភារៈចិញ្ចៀនដាំត្បូង១វង់ និងទូរស័ព្ទដៃ១ បន្ទាប់ពីគេ បានទ្រព្យសម្បត្ដិហើយ ក៏ស្ទុះទៅចាក់ជនរងគ្រោះ ប៉ុនប៉ងសម្លាប់ តែត្រូវជនរងគ្រោះ ចាប់កាំបិតជាប់ ទើបបណ្ដាលឱ្យរងរបួសដៃខាង ឆ្វេង ។

ចំណែកឯជនសង្ស័យវិញ ក៏បានចេញទៅបាត់ លុះដល់ព្រឹកឡើង ទើបសាច់ញាតិចាប់ប្រគល់ ទៅឱ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

www.dap-news.com

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]