អ្នកបុរាណវិទូ តែងតែព្យាយាម ស្វែងរកនូវកន្លែង ប្រវត្តិសាស្ត្រ ទីក្រុងបុរាណ និង បុរាណវត្ថុ ជុំវិញពិភពលោក ប៉ុន្តែអ្វីដែលអស្ចារ្យនោះ ជាការ ស្រាវជ្រាវ និង រុករក នូវបុរាណវត្ថុនៅ ក្រោមសមុទ្រ និងក្រោមទឹក ដែលបាន លាក់កំបាំងពី ភ្នែកមនុស្ស។ ការរុករកក្រោមទឹក ជាការ លំបាកបំផុតរបស់ អ្នកបុរាណវិទូ ដោយត្រូវប្រើប្រាស់ បច្ចេកវិទ្យា ខ្ពស់ ទើបអាច ធ្វើការរុករកឃើញ កន្លែងប្រវត្តិសាស្ត្រ កប់ទុកក្រោមទឹក និង ថតយករូបភាពទាំងឡាយ បានដូចជា កន្លែងទាំង ៩ ដែលខ្មែរឡូត នឹងដងស្រង់ បង្ហាញ ដូចខាងក្រោមនេះ ៖

១. រកឃើញសំភារៈឧបករណ៍ជាច្រើនក្នុង នាវាចម្បាំងបុរាណដែលលិចតាំងពី ២៤១ឆ្នាំមុនគ.ស៖


ក្នុងខែវិច្ឆិកាឆ្នាំ ២០១៣ ក្រុមអ្នកបុរាណវិទូបាន បង្ហាញថា ពួកគេរកឃើញ របស់មានតម្លៃ ជាច្រើន នៅឈូងសមុទ្រ Sicily នៅក្នុងសមុទ្រ មីឌែរ៉ានេ ដែលវាជាការរុករក ឃើញសំពៅចម្បាំង ជាលើកដំបូង ហើយរកឃើញ សំភារៈក្នុងសំពៅ ដូចជា អាវក្រោះ អាវុធ មួកចម្បាំង អាយុ កាល តាំង ២,០០០ ឆ្នាំមុន។ កន្លែងរកឃើញនេះ ធ្លាប់ជាចម្បាំង របស់ ទ័ពរ៉ូម៉ាំង ដែលកាលនោះ សំពៅចម្បាំង ជាច្រើន ត្រូវបាន លិច ជាមួយរបស់ មានតម្លៃ ជាច្រើន នៅជម្រៅ ១០០ ម៉ែត្រ ក្រោមសមុទ្រ។

២. រកឃើញទូកបុរាណ អាយុកាល ៣,២០០ឆ្នាំ នៅសមុទ្រ ក្នុងប្រទេសក្រូអាត៖


នៅខែមិនា ក្នុងឆ្នាំ ២០១៤ នេះ ក្រុមបុរាណវិទូនិង អ្នកស្រាវជ្រាវ ក្រោមសមុទ្រ នៃមណ្ឌលស្រាវជ្រាវ CNRS ស្ថិតនៅប្រទេសបារាំង បាន ប្រកាសថា រកឃើញ ខ្មោចទូកបុរាណ មួយ ក្នុងប្រទេសក្រូអាត ដែលមាន អាយុកាល ១,២០០ឆ្នាំមុនគ.ស។  ទូកនេះ ធ្វើពីឈើ ប្រភេទដ៏ល្អ ដែលមាន ប្រវែង ៧ ម៉ែត្រ និង កំពស់ ២.៥ម៉ែត្រ ។  ពេលនេះ អ្នកស្រាវជ្រាវ កំពុង ធ្វើការចំលងគំរូទូកជា លក្ខណៈ 3D ដើម្បីងាយមើល រូបភាពពិតប្រាកដរបស់ទូក បុរាណនេះ។

៣. រកឃើញឆ្អឹង លលាដ៏ក្បាល មនុស្សបុរាណ ក្នុងរូងភ្នំ នៅក្រោមទឹក នៅសម័យ Maya  បុរាណ៖


នៅខែមករា ឆ្នាំ ២០១៤ អ្នកបុរាណវិទូ បានរកឃើញ ឆ្អឹងលលាដ៏ក្បាល និង ឆ្អឹងមនុស្ស បាន លេចចេញ ពីរូងភ្នំ នៅក្រោមទឹកមួយ កន្លែង ក្នុង សម័យ Maya បុរាណ ក្នុង ប្រទេសមិចស៊ីកូ ។ កន្លែងដែលឃើញនេះ ត្រូវបានគេហៅថា Sac Uayum ជាកន្លែងរូងធម្មជាតិ មួយ ដែលត្រូវបាន ប្រើប្រាស់ ជាទីសក្ការៈបូជា ឬ បូជាយញ្ញា របស់ មនុស្សក្នុងសម័យបុរាណ ក្នុងអរិយធម៌បុរាណ Maya ។ ទីតាំងបុរាណនេះ អ្នកបុរាណវិទូបាន និយាយថា ប្រជាជនក្នុងតំបន់ មានការខ្លាចរអារ ក្នុងរូងបុរាណ ដោយសារតែ មានអាថ៏កំបាំង និង រឿងលាក់កំបាំង ជាច្រើន។ ក្រុមបុរាណវិទូថាឆ្អឹង មនុស្ស  ក្នុងរូងទឹកនេះ គ្មានសញ្ញាសំគាល់អ្វី ដែលបញ្ជាក់ពី មូលហេតុស្លាប់នោះឡើយ ដែលអ្នកស្លាប់ ទីនេះ ខ្លះមិនមែន ពីមូលហេតុនៃ ការសម្លាប់ ធ្វើបូជា យញ្ញនោះទេ។

៤.រកឃើញ ឆ្អឹងសត្វគោអឺរ៉ុប និងសំភារៈរបស់មនុស្ស សម័យយុគថ្ម ១១,០០០ឆ្នាំមុន៖

កាលពីដើមឆ្នាំនេះ ក្រុមអ្នកច្រមុជទឹក បានរកឃើញ សំភារៈប្រើប្រាស់ របស់មនុស្សក្នុងយុគថ្ម មានអាយុកាល ១១,០០០ឆ្នាំមុន ដែលត្រូវកប់បាត់ ដោយទឹកសមុទ្រ ហើយសំភារៈ ទាំងនោះ មិនត្រូវខូចខាត ដោយសារតែ គ្មានខ្យល់អុកស៊ីសែន គ្រប់គ្រាន់ នៅក្រោមទឹកនេះ។ សំភារៈរកឃើញ ភាគច្រើន មានដូចជា ស្នរ ធ្វើអំពី ឆ្អឹងសត្វ ជាដើម ហើយនឹងឆ្អឹងសត្វ គោអឺរ៉ុបបុរាណ ធំៗ  ដែលត្រូវបាន គេហៅថា aurochs ដែល សត្វប្រភេទ នេះ បានដាច់ពូជ តាំងពី ឆ្នាំ ១៦០០។

៥. សំណង់ក្រោមទឹក សមុទ្រ ដ៏អាថ៌កំបាំង អាយុកាល ១០,០០០ឆ្នាំនៅ ជប៉ុន ៖



នៅភាគខាងត្បូង ឆ្នេរសមុទ្រ នៃតំបន់ Yonaguni ប្រទេសជប៉ុន គឺមានសំណង់ ត្រូវកប់បាត់ ក្នុងទឹកសមុទ្រ ដែលគេដឹងថា មាន អាយុកាលជិត ១០,០០០ឆ្នាំមុន។ សំណង់កន្លែងនេះ អ្នកជំនាញជាច្រើន បានទទូចថាជា កន្លែង ដែលមនុស្ស បានធ្វើឡើង ខណៈដែលអ្នក ស្រាវជ្រាវ ខ្លះថា ជា បាតុភូតធម្មជាតិ បង្កើតនោះទេ។ ថ្មដែលមាន ឆ្លាក់ដូចជាសំណង់ មួយនេះ ត្រូវបានគេ ឃើញក្នុងឆ្នាំ ១៩៩៥ ដោយក្រុម អ្នកច្រមុជទឹក ដែល គេបាន ឃើញថ្មធំៗ មានការតំរៀប តគ្នា យ៉ាងល្អពិសេស នៅបាតសមុទ្រ។

៦. ទីក្រុងនៅក្រោមទឹកសមុទ្រ នៅក្នុងប្រទេស ក្រិច ៖



ក្នុងខែ មិថុនា ឆ្នាំ២០១៣ អ្នកបុរាណវិទូ ក្រិច បានប្រកាសថា បានរកឃើញ ទីក្រុងបុរាណ លិចក្រោមសមុទ្រ ក្នុងឈូងសមុទ្រ Alykanas ក្នុងតំបន់ Zakynthos ប្រទេសក្រិច។ តាមការស្រាវជ្រាវនេះ បានបញ្ជាក់ថា ពួកគេរកឃើញ អគារធំមួយ ផ្លូវដើមក្រាល ដោយដុំថ្ម សសរ ថ្មគ្រឹះចំនួន ២០ និង វត្ថុបុរាណ មួយចំនួនទៀត។ បន្ទាប់មក គេបានសិន្និដ្ឋានថា អគារ និង សសរ ទាំងនោះ អាចជា ទីក្រុងកំពង់ផែ បុរាណ។ ប៉ុន្តែក្រោយមក ក៏មានការ សិក្សាថានេះ អ្វីដែលរកឃើញ ក្រោមទឹកសមុទ្រជា ការ កកើតមានបាតុភូត ធម្មជាតិទៅវិញ។

៧. ទីក្រុងបុរាណ នូវរក្សាភាពដើមយ៉ាងល្អ នៅក្រោមទឹក បឹង រាប់សិបឆ្នាំ៖


ទីក្រុងតោ ឬ ហៅជា ភាសាចិនថា Shi Cheng គឺជាទីក្រុងបុរាណ មួយដែល ស្ថិតនៅជើងភ្នំ តោប្រាំ ត្រូវបាន ស្ថិតនៅក្នុង ទឹកបឹង Qiandao ក្នុងប្រទេសចិន។ ទីក្រុងនេះ បានធ្វើកសាងឡើង កំឡុងឆ្នាំ ២៥ ដល់ ២០០ នៃគ.ស នៅភាគខាងកើត ខេត្ត Zhejiang ។ ប៉ុន្តែនៅឆ្នាំ ១៩៥៩ ដើម្បីសាងសង់ ស្ថានីយ៍វិរីអគ្គិសនីថ្មី ដូច្នេះគេត្រូវជីក ធ្វើបឹងថ្មីមួយ ដែលទីក្រុងនេះ ក៏ត្រូវបាន លិចក្រោមទឹកបឹងកម្ពស់ ៤០ម៉ែត្រ។ ទីក្រុង នេះ ត្រូវបាន បំភ្លេចបំផ្លាញ អស់ ៥៣ឆ្នាំ  ទើបក្រោយមក មន្ត្រីចិន សម្រេចចិត្ត ធ្វើការត្រួតពិនិត្យទីក្រុង នៅក្រោមទឹកនេះ ដោយចង់ ធ្វើជាកន្លែងទេសចរណ៍ វិញ ដោយសារតែ ទីក្រុងបុរាណនេះ នៅរក្សាទ្រង់ទ្រាយ ដើម នៅឡើយ និង មិនទាន់ ត្រូវបានបំផ្លាញនោះទេ។

៨. ទីក្រុងអាយុកាល ពី ៥,០០០ឆ្នាំ មុន ដែលបានលិច ក្រោមទឹកជំរៅ ៤ម៉ែត្រ នៅក្រិច៖



ទីក្រុងបុរាណ អាយុកាល ៥,០០០ឆ្នាំ នេះ បានត្រូវដឹងថា ជាទីក្រុងចាស់បំផុតមួយ ដែលបានលិច ក្រោមទឹក ក្នុងពិភពលោក។ ទីក្រុងនេះបាន លិចក្រោមទឹក ជំរៅ ៤ម៉ែត្រ។ នៅកណ្តាលទីក្រុងនេះ មានផ្ទះ ព្រះវិហារ និង ប្រព័ន្ធគ្រប់គ្រងទឹក ថែមទៀតផង។ តាមការស្រាវជ្រាវ ឆ្នាំ ២០០៩ បានឲ្យដឹងថា ទីក្រុងនេះ ជាទីក្រុងចាស់មួយ នៅក្នុងសម័យ ក្រិចបុរាណ ហើយក្រុមអ្នកស្រាវជ្រាវក៏បាន ធ្វើជាគំរូ 3D ទីក្រុងនេះ ឡើងវិញផងដែរ។

៩. ទីក្រុងអេហ្ស៊ីប បុរាណលិចក្រោមទឹកសមុទ្រ



ទីក្រុង Heracleion របស់ប្រទេស អេហ្ស៊ីប ដែលជា ប្រាសាទ របស់ព្រះនាង Cleopatra បានសាងសង់ឡើង សំរាប់ជាកន្លែងមួយ ដ៏សំខាន់ ក្នុងការដោះដូរ ពាណិជ្ជកម្ម ពីប្រទេសជិតខាង ផងដែរ តែត្រូវបាន បាត់រូបរាងមិនដឹង នៅកន្លែងណា តាំងពី យូរណាស់មកហើយ។ នៅឆ្នាំ ២០០១ អ្នកវិទ្យាសាស្រ្ដ បានរកឃើញ ទីក្រុងនេះមកវិញ ក្រោមមហាសមុទ្រ អាត្លង់ទិក។ រយៈពេល ១០ឆ្នាំជាង គេបានបង្កើតនូវ ផែនទីនៃទីក្រុង Heracleion ឡើងវិញ ជាមួយ នឹងរូបភាព 3D។ កាលពី១២ ឆ្នាំមុន អ្នកខាងបុរាណវិទូ លោក Franck Goddio បានរកឃើញ សិលា និង រូបចម្លាក់ជាច្រើន នៅមហាសមុទ្រអាត្លង់ទិក ហើយបានយក ទៅស្រាវជ្រាវ អក្សរ លើសិលា នៅឯប្រទេសបារាំង។ បន្ទាប់ពីបាន សំអាតខ្សាច់ និង ភក់នៅលើ សិលាចារិក គេបាន ពិនិត្យ ឃើញថា រូបគំនូរ លើសិលា គឺជារូបនាសម័យ Heracleion ដែលមាន អាយុ លើសពី ១,០០០ឆ្នាំ ទៅទៀត។ អ្នកបុរាណវិទូ នៅបានរកឃើញ សំពៅចំនួន ៦៤គ្រឿងទៀត នៅបាតសមុទ្រ ដែលនៅចំងាយ ៦.៥គីឡូម៉ែត្រ ពីប្រទេស អេហ្ស៊ីប។ នេះគឺជារឿង កម្រមួយ ដែលអាចរកឃើញ សំពៅដ៏ច្រើន នៅកន្លែង តែមួយដូច្នេះ និង មានយុគថ្កាចំនួន ៧០០ផ្សេងទៀត នៅកន្លែងនោះ៕

ប្រិយមិត្ត យល់យ៉ាងណា ចំពោះការរកឃើញ ដ៏អស្ចារ្យ ទាំងនេះ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]