រាជធានី​ភ្នំពេញ ៖ ជា​ង​ផ្សារ​​ដែក​ម្នាក់បាន​​ស្លាប់​​​យ៉ាង​អា​ណោច​អាធ័ម​​ខណៈ​ឡើង​​ទៅ​ផ្សារ ​ដំបូល​ឃ្លាំង​ ហើយ​ប្រើ​​ដែក​បន្ទះ​​ប៉ះ​ខ្សែ​​កាប​ចរន្ត​អគ្គិសនី​​​កាលពី​វេលា​ម៉ោង​​ ៤និង​៣០នាទី​រសៀល​​ថ្ងៃទី​​១ កក្កដា នៅ​តាម​​បណ្តោយ​ផ្លូវ​​រថភ្លើង​ ស្ថិត​ក្នុង​ភូមិ​រោង​ចក្រ​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ​។ ដោយសារការ​ឆក់​​នេះ​ក៏​បណ្តាល​​ឱ្យ​ដាច់​ចរន្ត​​អគ្គិសនី​ប្រមាណ​១០នាទី​ផង​ ដែរ ។

ជន​រង​គ្រោះ​​ដែល​ស្លាប់​​ឈ្មោះ យ៉ាត​ នឿន ភេទប្រុស​ អាយុ​២២ឆ្នាំ ​​​ស្នាក់​នៅ​ក្នុង​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុក​កំណើតនៅ​ភូមិ​ស្វាយ​ពោធិ៍​ ឃុំ​ស្វាយ​​ពោធិ៍​ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ។ សាក្សី​​នៅ​កន្លែង​កើត​ហេតុ​​​​ឱ្យ​ដឹងថា ​​ជន​រងគ្រោះ​​​​បាន​ឡើង​​លើ​ដំបូល​​សង្ក័សី ហើយ​​ទាញ​ដែក​​បន្ទះ​យក​ទៅ​ផ្សារ​​ក៏​ប៉ះ​នឹ​ង​ខ្សែ​​កាប​ដែល​​​នៅ​មិន​ ឆ្ងាយ​​ពី​ដំបូល​នេះបណ្តាល​ឱ្យ​ឆក់ ភ្លាមៗ​នោះ​ជន​រង​គ្រោះ​​​ត្រូវ​បា​ន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​សែន​សុខ​ តាមរថយន្ត​សាមុយ ប៉ុន្តែ​​ក៏​​​បាន​ស្លាប់​​ពេល​​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ហើយ​រថយន្ត​​សាមុយ​​បាន​ដឹក​​សព​យ​ក​មក​ទុក​​នៅ​កន្លែង​​កើត​ហេតុ​វិញ ។ នៅ​កន្លែង​កើត​ហេតុ​​នេះ​ដែរ ក្រុម​គ្រួសារ​​ជន​​រង​គ្រោះ​បាន​សុំ​សមត្ថកិច្ច​យក​​សព​ទៅ​​​ធ្វើ​​បុណ្យ​ នៅ​ឯស្រុក​កំណើត ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​អនុញ្ញាត​​ឱ្យ​ទៅ​ភ្លាមៗ​​​ទេ ដោយ​រង​់​ចាំ​ប៉ូលិស​ធ្វើ​កោ​សល្យ​វិច័យសិន ។

គួរ​បញ្ជាក់​​​ថា ​សំណង់​ដែល​សង់​នៅ​ក្បែរ​​ប្រព័ន្ធ​ខ្សែកាប​អគ្គិសនី​​តាម​បណ្តោយ​​​​ផ្លូវ​ រថភ្លើង ​ជា​ពិសេស​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-ហា​ណូយ​ ជា​ញឹកញាប់​​តែ​ង​បង្ក​ឱ្យ​ចរន្ត​អគ្គិសនី​​ដាច់​ ហើយ​មាន​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​​​មនុស្ស​ផង​ដែរ​ ព្រោះ​តែ​ជាង​ផ្សារ​ដែក​ធ្វើ​​ឱ្យ​ប៉ះ​​ខ្សែកាប​ បណ្តាល​​ឱ្យ​ទុស្សេ​ចរន្ត​អគ្គិសនី​​ ។ ចំពោះ​សំណង់​ដែល​សង់​មក​ក្បែរ​ខ្សែកាប​​ហើយ​បង្កគ្រោះ​ថ្នាក់​ដល់​អាយុ​ ជីវិត​​មនុស្ស​បែ​ប​នេះ ​តើ​នរណា​អ្នក​ទទួល​ខុ​ស​ត្រូវ​ ? ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]