រាជធានីភ្នំពេញ ៖ ​ចោរ​ប្លន់​​ប្រដាប់​​អាវុធ​​​២​នាក់​ បាន​ប្រើ​រូប​ភាព​បិទ​ម៉ាស​មុខ​ រួច​ធ្វើ​សកម្ម​ភាព​ប្លន់​យក​​លុយ​ចំនួន​៥.០០០​ដុល្លារ​ពី​ម្ចាស់​រោង​ពុម្ព ​ ក្រោយ​​ពី​ជន​រង​គ្រោះ​យក​លុយ​ខ្មែរ​​ទៅ​​ដូរ​ដុល្លារ​នៅ​ម្តុំ​​កន្លែង​​ ប្តូរ​ប្រាក់​មួយជិត​រង្វង់​មូល​នាង​គង្ហីង​ក្នុង​ខណ្ឌ​៧មករា កាល​ពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃទី​​២ កក្កដា ២០១២ នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ​មុខ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ ។

ចំពោះ​សកម្ម​ភាពចោរ​​ប្រដាប់​​អាវុធ គឺ​ចាប់​ជន​រងគ្រោះ​ចង​ស្លាបសេ​ក​នឹង​ខ្សែភ្លើង ហើយ​​​វាយ​នឹង​​ស្នាប់​កាំភ្លើង​ថែម​ទៀត។ ​មិន​តែ​ប៉ុណ្ណោះ​​ចោរ​បាន​ធ្វើ​សកម្ម​ភាព​​រើ​កកាយ​​ក្នុង​​ផ្ទះ​​ជន​រង​ គ្រោះ​ដើម្បី​រក​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត បន្ទាប់​ពី​ប្លន់​យក​លុយ​ពី​​ក្នុង​កាបូប​​ជន​រងគ្រោះ​​រួច​ហើយ​នោះ ។ នេះជា​ករណី​ប្លន់​​លើក​ទី​៣​ហើយ​​ក្នុង​រយៈ​ពេល​ជិត​១​ខែ​ដែល​កើត​ឡើង​​នៅ​ ក្នុង​ទឹកដី​សង្កាត់​ទឹក​ថ្លា ​ហើយ​កន្លែង​ដែល​​ជន​ល្មើស​ធ្វើ​​សកម្ម​ភាព​ក៏​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ ប៉ុន្មាន​​នោះ​ដែរ ។

ជន​រងគ្រោះ​​អ្នក​បើក​បរ​រថយន្ត​ឈ្មោះ​​មុំ​ វុទ្ធី ​ភេទប្រុស អាយុ​​៣៤​ឆ្នាំ ដែល​បាន​បើក​រថយន្ត​កូរ៉ូឡា​ ពណ៌​សំបក​ឪឡឹក ​ជូន​ម្ចាស់​រោង​ពុម្ព​ និង​ត្រូវ​ជា​មេ​កើយ​របស់​ខ្លួន​ផង​នោះ​បាន​រៀប​រាប់​​ថា មុន​ពេល​កើតហេតុ​​ម្ចាស់​រោង​ពុម្ព​​ឈ្មោះ​អារុន ឌីម ​ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ បាន​យក​លុយ​ខ្មែរ​​ទៅ​ដូរ​ជា​លុយ​ដុល្លារ​​បាន​ចំនួន​៥.០០០​ដុល្លារ​នៅ​ កន្លែង​ប្តូរ​ប្រាក់​មួយ​​នៅ​ម្តុំ​​លីហួរ លុះពេល​​ត្រឡប់​​មក​ដល់​ផ្ទះ​​វិញ ចោរ​តាម​ប្លន់​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]