ភ្នំពេញ៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើង កាលពីវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅ ផ្ទះលេខ២៦ ផ្លូវលេខ២ ក្នុងបូរីពិភពថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលករណីនេះ បុរសម្នាក់ អះអាងថា ជាជនរងគ្រោះបាន និយាយថា មានជនសង្ស័យ ចំនួន២នាក់ ប្រដាប់ដោយ អាវុធក្នុងដៃ បានធ្វើសកម្មភាព ភ្ជង់ និងប្លន់យកលុយជាង៥០០០ដុល្លារ ក្រោយពេលដែល ពួកវាបានវាយ និងចាប់ចង ជនរងគ្រោះទាំងពីរនាក់ ដែលម្នាក់ជា អ្នករកស៊ី នៅស្រុកថៃ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ កំពុងតែមានសង្ស័យថា រឿងនេះ មិនពិត ខណៈដែលបុរសម្នាក់ អះអាងថា ជនរងគ្រោះនោះ មិនបានប្តឹងមក សមត្ថកិច្ច ហើយថែមទាំងបាន ធ្វើដំណើរទៅកាន់ប្រទេសថៃភ្លាមៗ ទៀតផង។

លោក មុំ វុទ្ធី អាយុ៣៤ ឆ្នាំ រស់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននិយាយថា នៅវេលាម៉ោងកើត ហេតុ ខណៈដែលរូបលោក និងជនម្នាក់ ទៀតមាន ឈ្មោះ អារុន ប៊ីន អាយុ៦៥ឆ្នាំ បានមកចាក់សោ ទ្វារផ្ទះជួល ដែលមានទីតាំង នៅក្នុងបូរីពិភពថ្មី បម្រុងទៅថៃ ស្រាប់តែមាន ជនសង្ស័យពីរនាក់ ប្រដាប់ដោយកាំភ្លើង បានធើ្វសកម្មភាព ភ្ជង់ វាយ និងចាប់ចងពួកគេទាំង ពីរនាក់ នៅក្នុងផ្ទះ រួចហើយ យកលុយ សរុបជាង ៥០០០ ដុល្លារ គេចខ្លួនបាត់ តែម្តងទៅ។

ទាក់ទិននឹងបញ្ហានេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បានមានប្រសាសន៍ថា សមត្ថកិច្ចរបស់លោក កំពុងធ្វើការស្រាវជ្រាវ លើករណីនេះ ពីព្រោះសមត្ថកិច្ច មានការសង្ស័យច្រើនថា ជារឿងមិនពិត ពីព្រោះជនម្នាក់ ដែលជាថៅកែ ម្នាក់រកស៊ី នៅថៃ មិនបាន ប្តឹងមកសមត្ថកិច្ច នៅពេលកើតហេតុ និងក្រោយកើតហេតុ ភ្លាមៗ ហើយថែមទាំង បានធ្វើដំណើរ ទៅកាន់ប្រទេសថៃ ទៀតផង ដោយមិនរង់ចាំ ផ្តល់ចម្លើយខ្លះៗ ដល់សមត្ថកិច្ច។

លោក ទូច ណារ៉ុថ បានឲ្យទៀតថា ក្រោយពេលស្តាប់ការអះអាងរបស់បុរសដែលជាជនរងគ្រោះ ដោយរៀបរាប់ថា រូបគេត្រូវក្រុមចោរចាប់ចងនៅក្នុងនៅផ្ទះនោះ សមត្ថកិច្ចរបស់លោកបានដាក់ការសង្ស័យថា ១. ប្រសិនបើជាក្រុមចោរចាប់ចងនៅក្នុងផ្ទះ គួរណាស់តែមានភាពភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅជិតខាង ព្រោះពេលនោះមិនទាន់យប់នៅឡើយទេ ២. ក្រោមការពិនិត្យរបស់សមត្ថកិច្ចនៅលើដៃរបស់ជនរងគ្រោះអត់មានស្លាកស្នាមខ្សែចងនោះទេ ៣. ត្រូវរង់ចាំបុរសម្នាក់ជាដៃគូរកស៊ីត្រឡប់មកពីប្រទេសថៃវិញ ដើម្បីសាកសួរបន្ត ៤. សមត្ថកិច្ចសង្ស័យថា បុរសដែលអះអាងថា ខ្លួនជាជនរងគ្រោះរូបនេះ អាចយកលុយដៃគូរកស៊ីទៅធ្វើអ្វីផ្តេសផ្តាស ហើយប្រឌិតរឿងបែបនេះ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចបាន និងកំពុងធ្វើការស្រាវជ្រាវ ករណីខាងលើនេះ ថាតើវាជាការពិត ដូចជនរងគ្រោះ បាននិយាយ ឫមួយយ៉ាងណា?

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ទេម មនោ
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]