រាជធានីភ្នំពេញ ៖ សិស្សដែលស្រឡាញ់ មុខរបរផ្នែកសម្ជស្ស ជាច្រើនរូប បានមកហាត់រៀននៅ «សុជាតិសាលា បណ្តុះបណ្តាល វិជ្ជាជីវៈ ថែរក្សាសម្ជស្ស» អស់រយៈពេល ជាច្រើនខែ ឈានដល់ថ្ងៃ ប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជាផ្លូវការ ប្រកបដោយ ទឹកមុខរីករាយ ។ ពិធីប្រគល់ប័ណ្ណ បញ្ជាក់ការសិក្សានេះ រៀបចំធ្វើឡើងកាល ពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅក្នុង បរិវេនភោជនីយដ្ឋាន «ឡាក់គីស្តា» អាគារG ។ ចំពោះអ្នកនាងគង់ សុជាតិ ជាពិធីការិនីជើងចាស់ រក្សាបានប្រជាប្រិយភាព មិនចេះរីងស្ងួត និងជាអ្នកជើងខ្លាំង ខាងរកស៊ីក្ នុងចំណោមតារាៗ អះអាងថា នឹងរិះរកវិធីយ៉ាងណា ឲ្យកេរ្តី៍ឈ្មោះ ហាងសុជាតិ នៅតែខ្លាំងល្បីល្បាញ ជាងនេះតទៅទៀត និងរៀងរហូត ឆ្លើយតបនឹងការគាំទ្រ របស់អតិថិជន តាំងពីកកើតដំបូង អំឡុងឆ្នាំ២០០១មក ។

ក្នុងពិធីជប់លៀង ប្រគល់សញ្ញាបត្រ បញ្ជាក់ការសិក្សា លើមុខជំនាញវិជ្ជាជីវៈ រក្សាសម្ជស្ស ដែលបានរៀបចំឡើង ពីអ្នកនាងគង់ សុជាតិព្រមទាំង សាច់ញាតិ និងសហការី បានធ្វើឲ្យបរិយាកាស នៃរាត្រីជួបជុំនោះ មានសភាពអធឹកអធ័ម ដោយសារតែ ទាំងម្ចាស់ហាង ក៍ដូចជា លោកគ្រូអ្នកគ្រូ ជាអ្នកបណ្តុះបណ្តាល ព្រមទាំងសិស្សានុសិស្ស ម្នាក់ៗបានសម្រេច គោលដៅគ្រប់គ្នា ទាំងអ្នកមករៀន និងអ្នកចូលរួម បង្ហាត់បង្ហាញ ទាំងភាពអត់ធ្មត់ រហូតឈានដល់ ភាពជោគជ័យ ។ ទាំងអស់នេះបាន ធ្វើឲ្យអ្នកនាង គង់ សុជាតិ ព្រមទាំងមានប្អូនស្រី អ្នកនាង គង់ កុលីន នៅតែមានទឹកចិត្ត ប្រឹងប្រែងជាបន្តទៀត នៅលើមាគ៌ា ផ្នែករក្សាសម្ជស្ស នៃហាងសុជាតិ ឲ្យបានស្ថិតស្ថេរ តទៅមុខទៀត ឲ្យនៅតែរឹងមាំ សមទៅនឹងការឲ្យតម្លៃ របស់សិស្សទាំងអស់ និងភ្ញៀវទូទៅដែល ស្រឡាញ់ចូលចិត្ត ហាងរបស់នាង អស់ជាច្រើនឆ្នាំ មានឈ្មោះលើ ទីផ្សារដូចគេឯង ។

ស្ថិតក្នុងសម្លៀកបំពាក់ រ៉ូបពណ៌ខ្មៅរំលេច សាច់គល់ស្មាសស្អាត ប្រកបដោយស្នាមញញឹម ទទួលយក ភាពជោគជ័យ អ្នកនាងគង់ សុជាតិ បានថ្លែងប្រាប់អ្នក យកព័ត៌មានយើងថា «ការប្រគល់សញ្ញាបត្រ បញ្ចាក់ការសិក្សានេះ គឺឈានដល់ ជំនាន់ទី២៧ និង២៨ និងដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំថ្មី ឈានចូលខាងមុខនេះ។ សម្រាប់សិស្សក្នុង ថ្ងៃនេះមាន ចំនួន៣០០នាក់ បានចូលរួម បញ្ចប់វគ្គ ។ នៅសាលាសុជាតិ យើងមានបង្រៀន ខាងផ្នែកផាត់ មុខបួងសក់ ធ្វើក្រចក ម៉ាស្សាមុខ ម៉ាស្សាខ្លួន ត្រាំទឹកដោះគោ មានសាក់ចិញ្ចើម ថែរក្សាស្បែក គ្រប់ជំនាញ ។ ចំពោះអាជីពនេះ មានការគាំទ្រ ច្រើនដោយសារតែ ខ្មែរយើងឥឡូវ គាត់ទទួលយក បច្ចេកទេស និងអ្វីដែលថ្មី តាមសម័យកាល នីមួយៗ ។ ដោយមើលឃើញថា សន្ទុះគាំទ្រនៅតែ អាចទទួលយក បាន ក្នុងពេលខាងមុខ យើងមានការពង្រីក ហាងសុជាតិបង្ថែមទៀត ដោយរៀបចំធ្វើឡើង ជាលក្ខណៈស្តង់ដារ ឲ្យកាន់តែល្អជាងនេះ ដោយសារតែមាន ការគាំទ្រពី អតិថិជនច្រើន»។

អ្នកនាងសុជាតិ បន្ថែមទៀតថា «ចំពោះការថែរក្សា ប្រជាប្រិយភាព ហាងរបស់នាង ឲ្យកាន់តែស្ទុះឡើង នោះក្នុងហាងយើង នឹងពង្រឹង ក៍ដូចជាបន្ថែមនូវ បច្ចេកទេសថ្មីៗ ពីក្រៅប្រទេសយក មកបណ្តុះបណ្តាល ក៍ដូចជាការផ្ទេរ ចំនេះដឹងដល់ លោកគ្រូអ្នកគ្រូ បន្ថែមទៀត ដើម្បីចែកឲ្យដល់សិស្ស ដែលត្រងត្រាប់តាម នៅសាលាយើង ពោលយើងរៀបចំ គ្រប់ផ្នែកទាំងអស់ ទាំងវិន័យ សុជវធម៌ និងចំនេះវិជ្ជាខាង ផ្នែកថែរក្សាសម្ជស្ស ។ ចំពោះការពង្រីកហាងថ្មី នៅមិនទាន់ដឹងថា ប្រើដើមទុនអស់ ប៉ុន្មាននោះទេ រង់ចាំមើលសិន។ ចំពោះបច្ចេកទេស គឺយើងតែងតែ ស្រាវជ្រាវក៍ដូចជា បន្តយកបទពិសោធ នៅក្រៅប្រទេសផ្សេងៗ យកមកបង្ហាត់បង្រៀន ដល់កូនខ្មែរយើង ឲ្យតែមានអ្វីថ្មីនៅក្រៅ យើងត្រូវរៀន បន្តទៀតជានិច្ច។ កន្លងមកចំពោះ សាលាបណ្តុះបណ្តាល រក្សាសម្ជស្សសុជាតិ ក៍ធ្លាប់ជួយដល់ ប្អូនៗស្ត្រីយើង នៅក្នុងអង្គការ ស្នាមញញឹមនៃកុមារ ជាច្រើន មិនមានថវិកា ដោយយើងបានចូលរួម សង្គមផ្នែករក្សាសម្ជស្ស ជួយពួកគាត់ បានច្រើននាក់ មកហើយ។ លើសពីនេះពួកគាត់ខ្លះ បានក្លាយជាមេជាង ជាម្ចាស់ហាង អ្នកខ្លះទៀត ទៅបម្រើការឲ្យគេ ជាមេជាងមួយ ដ៍មានជំនាញពិតប្រាកដ នៅក្នុងខ្លួន អាចប្រកប ការងារនេះល្អ ទៅថ្ងៃអនាគត សម្រាប់ខ្លួនឯង និងក្រុមគ្រួសារគាត់ ។ ភាគច្រើនប្អូនមករៀន សុទ្ឋតែជាកូនកំព្រា ឲ្យតែមានចិត្តតស៊ូ ពេលបញ្ជូនមក ត្រូវមានអត្តចរិកល្អ ស្លូតបូត និងមានភាពអត់ធ្មត់ ការងារអ្វីក៍ដោយ មិនងាយស្រួលនោះទេ នេះជាការចង់បាន របស់ហាង។ ក្រៅពីហាងអ៊ុតសក់ យើងផលិតជា សៀវភៅទស្សនាវដ្តី ចេញផ្សាយបាន លេខទី១រួចហើយ ដោយត្រៀមចេញ លេខទី២ មានម៉ូដសក់ និងការបង្ហាត់បង្រៀន ដោយ១ឆ្នាំ ចេញផ្សាយសៀវភៅម្តង មានចំនួនពី ៨ពាន់ទៅ១ម៉ឺន ឬអាចលើស សម្រាប់លេខថ្មី ក្រៅនោះការងារបន្ថែម មានទទួលរៀបចំកម្មវិធី និងទិញម៉ោង តាមទូរទស្សន៍ ផលិតកម្មវិធីជាដើម ។ អ្នកនាងសូម ថ្លែងអំណរគុណ ដល់បណ្តាសិស្ស គ្រប់ជំនាន់ដែល បានឲ្យតម្លៃ សាលាសុជាតិ បន្តមានឈ្មោះ ពីមួយឆ្នាំទៅមួយឆ្នាំ សូមជូនពរសិស្ស និងអតិថិជនទាំងអស់ ឲ្យទទួលបាន ជោគជ័យ និងមុខរបរកាន់តែ រីកចម្រើន ព្រមទាំងបង្ហាញនូវ ការនឹករលឹក សិស្សទាំងអស់ នូវរូបភាពអតីត ក្នងពេលមករៀន។

នៅឆ្នាំ១៩៩៩ អ្នកស្រីគង់ កុល្លីន បានសម្រេចចិត្ត សិក្សាជំនាញសម្ជស្សនេះ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ឆ្នាំ។ បន្ទាប់ពីបាន ផ្តល់ចំនេះដឹងពី លោកគ្រូអ្នកគ្រូនៅទីនោះ ទើបធ្វើឲ្យអ្នកស្រី ប្រកបដោយ ភាពជោគជ័យ។ ឆ្នាំ២០០១ ហាងថែរក្សា សម្ជស្សសុជាតិ បានចាប់បដិសណ្ឋិឡើង ដោយមានអ្នកនាងគង់ សុជាតិ និងប្អូនស្រីគង់ កុល្លីន និងមេជាងជាច្រើន បានធ្វើការបម្រើ សេវាកម្មជូន ដល់អតិថិជន។ ឆ្នាំ២០០២ ក្នុងនាមជាអ្នកតំណាង ហាងថែរក្សា សម្ជស្សសុជាតិ អ្នកនាងគង់ កុល្លីនបានដណ្តើមនូវ ពានរង្វាន់លេខ១ ក្នុងវិញ្ញាសាបួងសក់ ដែលរៀបចំដោយ ក្រសួងពាណិជ្ជកម្ម កម្ពុជាថៃ ។ ដោយទិសដៅនេះហើយ ដែលជម្រុញឲ្យ អ្នកនាងគង់ កុល្លីន និងអ្នកនាងគង់ សុជាតិ និងមេជាងទាំងអស់ កាន់តែមានទឹកចិត្ត ក្នុងការដំណើរការហាង និងទទួលបាន កេរ្តី៍ឈ្មោះជាបន្តបន្ទាប់ រហូតមានសិស្ស មកសិក្សាកាន់តែ ច្រើនឡើងៗ ។ សាលាបណ្តុះបណ្តាល វិជ្ជាជីវៈរក្សាសម្ជស្ស សុជាតិ បានទទួលជ័យលាភី ពានរង្វាន់លេខ១ ដល់លេខ៥ ក្នុងវិញ្ញាសាបួងសក់ ពានរង្វាន់លេខ១ ដល់លេខ៣ ផ្នែកផាត់មុខ ព្រមជាមួយ អាហារូបករណ៍ ទៅសិក្សានៅ ក្រៅប្រទេស។ ក្រោមស្នាដៃ និងបុគ្គលិកសុជាតិ បានធ្វើឲ្យចំនួនភ្ញៀវ កើនឡើងរហូត ទើបធ្វើឲ្យហាងសុជាតិ បានពង្រីកបន្ទប់ និងសាលាបន្ថែមទៀត ក្នុងឆ្នាំ២០០៥ ដោយមានការ ខិតខំប្រឹងប្រែង គុណភាព និងសេវាកម្ម បន្ថែមទៀត។ ឆ្នាំ២០១២ ក្រុមជាងសាលា សុជាតិបានប្រកួត ក្នុងកម្មវិធីមួយ របស់ក្រសួងពាណិជ្ជកម្ម កម្ពុជាថៃ ទទួលបាន ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសា កាត់សក់បុរស និងលេខ២ វិញ្ញាសាផាត់មុខ ។ ឆ្នាំ២០១៣ សាលាសុជាតិ បានចេញទស្សនាវដ្តី លេដខទី១ បំពេញបំណង អ្នកស្រឡាញ់អាជីពនេះ។

ក្រៅពីមានសិស្សចូលរួម ក៍មានវត្តមាន តារារួមអាជីពចូលរួម អបអរដូចជា អ្នកនាង ខៀវ សានសាណា, ទូច ស្រីលក្ខណ៍, កញ្ញារស់ សុធាវី, កញ្ញាចាន់ និមល, កញ្ញា ជីជី, អ្នកនាង ពេជ្រ សិរីរត្ន័, កញ្ញាហ៊ិន ច័ន្ទនីរត្ន័ុ, កញ្ញាហេង ផាន់ណា, កញ្ញាស្រីលាភ, ឈិត សុជាតា, អ្នកនាងកាតុនិងស្វាមី, នាយក្រឹម, លោកប៉ែន ចំរ៉ុង, លោកញ៉ែម សុគន្ឋ, លោកអេនឌី, លោកគង់ ចំរ៉ុងជាដើម ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ