ខេត្ត​កំពង់ចាម ៖ លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ ​គឹមសុន ​ស្នងការនគរបាល​ខេត្ត បាន​ពង្រាយ​កម្លាំង​​កង​អន្តរាគមន៍​​​សហការ​ជាមួយ​​នគរបាលស្រុក​ត្បូង​ឃ្មុំ ​តាម​ប្រមាញ់​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​​ដ៏​សកម្ម​ម្នាក់​ឈ្មោះ ​គង់ ​សារ៉ា ​ភេទ​ប្រុស អាយុ​៥២ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ ​មានស្រុកកំណើត​នៅភូមិ​ទួល​ថ្ម  ឃុំ​ថ្មពូន ស្រុក​​ព្រៃ​ឈរ ​​ដែល​ព្យាយាម​គេច​ខ្លួន​ ។

​​​​ប្រតិបត្តិការ​នេះ​​បាន​ធ្វើ​ឡើង​នៅ​វេលាម៉ោង​៧​ និង​​១០នាទី​យប់​​ ​​ថ្ងៃទី​២៩ មិថុនា ​ នៅ​ភូមិ​ទួល​វិហារ ឃុំ​ជីរោទ៍​ទី​២ ​ស្រុក​ត្បូង​ឃ្មុំ ​ដោយ​ដក​ហូត​បាន​ថ្នាំ​ញៀនប្រភេទ​មេតំហ្វេ​តាមីន​ទឹក​កក​ចំនួន​​​២០០ក្រាម  ជញ្ជីង​ថ្លឹង​​១ ទូរស័ព្ទ​​​ដៃ ២គ្រឿង ​និង​រថយន្ត​​បាឡែន​ ពណ៌​​ខ្មៅ ១គ្រឿង ​​​​​ប្រគល់​ឱ្យ​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញឿន​ក្រសួង​មហាផ្ទៃទាំងយប់ ។

​លោកវរសេនីយ៍​​ឯក ​ជឹម ​សេងហុង ​​ស្នង​ការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​​យុត្តិធម៌ ​មាន​ប្រសាសន៍​ឱ្យ​ដឹងថា  ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​​​​​ថា ​មានជន​​ម្នាក់ដែលសកម្ម​​ខាង​ជួញ​ដូរ​គ្រឿង​ញៀន​បើក​រថយន្ត​បាឡែន​មួយគ្រឿង​ ចេញ​ពី​ចំណុច​​ផ្សារ​ចាស់ ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ​រាជ​ធានីភ្នំពេញ ​​ចូល​មក​ទឹក​ដី​ខេត្ត​កំពង់​ចាម​ លោក​ស្នង​ការ​នគរ​បាល​ខេត្ត​​ ក៏ចេញ​បញ្ជា​​​ឱ្យ​រៀប​ចំ​ពង្រាយ​កម្លាំង​ចាំ​ស្ទាក់​​នៅ​តាម​ដងផ្លូវ​ជាតិ​ លេខ​៦ ក្នុង​ភូមិ​សាស្រ្ត​ ​ស្រុក​បា​ធាយ ។​ ជាមួយ​នេះ​ ក៏​បាន​ទទួល​ព័ត៌មាន​​ទៀតថា ជន​សង្ស័យ​ឈ្មោះ ​សារ៉ា ​​បាន​​បើក​រថយន្ត​​​រត់​គេច​​ឆ្លង​ស្ពាន​ព្រែក​តាមាក់ ​ចូល​មក​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល ​និង​បានបុក​ប្រជាពលរដ្ឋ​ស្លាប់​ម្នាក់​និង​រង​របួស​ធ្ងន់​ម្នាក់ ។ ​ពេលនោះ​មុខ​សញ្ញាមិន​បាន​ឈប់​រថយន្ត​​ទេ គឺកាន់​តែ​បន្ថែម​ល្បឿន​បន្ត​ទៅមុខ​ទៀត ហើយ​​ត្រូវ​កម្លាំង​​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន បើក​រថយន្ត​ដេញ​​តាម​ពីក្រោយយ៉ាងប្រកៀក​​ប្រកិត​ ។

លោក​ស្នង​ការ​រង​បន្ត​ថា ក្នុង​​​ការតាម​ប្រមាញ់​​នោះ ​ទោះ​បី​ជា​មាន​លើក​សញ្ញា​​ឱ្យ​ឈប់​ក៏​ដោយ ក៏​ជន​សង្ស័យ​មិន​ព្រម​ឈប់​​​ទេ  លុះ​ពេល​​បើក​មកដល់​ស្រុកអូររាំង​ឪ ​កម្លាំង​នគរបាល​​ស្រុក​អូររាំងឪ បាន​ដាក់​បារ៉ាស់​ក៏​ត្រូវ​ជន​នេះ បើក​បំបុក​​បន្ត​​ដំណើរ​ទៅមុខ​ទៀតដែរ ។ សកម្ម​ភាព​តាម​ប្រមាញ់​​ក៏​ចេះ​តែ​បន្តរហូត​ដល់​ភូមិ​ទួល​វិហារ ​ឃុំ​ជី​រោទ៍​ទី២​ ស្រុក​ត្បូង​ឃ្មុំ ​​ដែល​លោក​ស្នងការ​​ដាក់​​បារ៉ាស់​​រឹង​មាំ​ទើប​ចាប់​បាន ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ ឆាយ ​គឹម​សុន ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះ ​គង់​ សារ៉ា ​ក្រោយពី​​​​នាំ​ខ្លួន​​មក​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ ក៏​​ប្រគល់​​ឱ្យ​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​ទាំង​យប់​ ​​ព្រោះ​ជា​រឿង​ហេតុ​ដែល​កើត​នៅ​​រាជ​ធានី​ភ្នំពេញ ​។ ជន​នេះ​ត្រូវ​​មានទោស​ដល់​ទៅ​ពីរករណី​ គឺ១​​-បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​ធ្វើ​​ឱ្យ​​មនុស្ស​ស្លាប់ និង២-​​បទ​ជួញ​ដូរ​គ្រឿង​ញៀន៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]