ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ដើម្បី​សង្គ្រោះ ​ជីវិត បន្ទាប់​ពីត្រូវជន​ដៃ​ដល់​យក​កាំ​បិត​ចិត​បន្លែ​ចូល​មក​ចាក់​​ដល់​ក្នុង​ ផ្ទះ​ទាំង​កំរោល​ហើយ​គេច​ខ្លួនបាត់​ដោយ​សុវត្ថិភាព សមត្ថ​កិច្ច​មិន​ទាន់​ចាប់​ខ្លួន​​​បាន​នៅ​ឡើយ​​ ​។ ហេតុ​ការណ៍​នេះ​បានកើត​ឡើង​កាលពីវេលាម៉ោង​​៩​យប់​ថ្ងៃទី​៣០ មិថុនា ​នៅក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​​១​ សង្កាត់​ប៉ោយ​​ប៉ែត ​។

ជន​រងគ្រោះ​ឈ្មោះ គង់​ រដ្ឋា ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​​ជា​អ្នក​ចាប់​ម៉ូយ​ដាក់​រថយន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែត ។ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ ​នាគ ​អាយុ​​៣៥ឆ្នាំ និង​ប្រពន្ធឈ្មោះ​យាយអន្ទង់ អាយុ​៥៧ឆ្នាំ ​ជា​អ្នក​លក់​ត្រី ស្នាក់​​នៅផ្ទះជួល​ជិតគ្នា ។ បើ​តាម​ការ​ឱ្យ​ដឹងពីឈ្មោះ អៀ សុខ​ឡៃ ​ជា​ប្រពន្ធ​ជន​រងគ្រោះ​បាន​និយាយ​​ប្រាប់​​​អ្នក​យក​ព័ត៌មាន​ នៅក្នុងមន្ទីរពេទ្យ​​ថា កន្លង​មក គ្រួសារ​​គាត់​ និង​ជន​ដៃ​ដល់​ជា​អ្នក​រាប់​អាន​គ្នា​​​ បាន​អ្វី​​ឆ្ងាញ់​​តែង​តែ​ចែក​រំលែក​គ្នា ។ ​

ដោយ​សារ​ភាព​ស្និទ្ធ​ស្នាល​នេះ ឈ្មោះ នាគ​​ តែង​តែ​មក​លេង​ផ្ទះ​និង​​ចាប់​ថើប​កូន​តូចៗ​​របស់នាង​ដោយ​សារ​ក្តី​ស្រឡាញ់ ​​​និង​លេង​​សើច​​មក​លើ​​រូប​នាង​របៀប​​រពឹស​ដៃ​ ដូចជា​​អង្អែល​ក្បាល​​ ចាក់​ចង្កេះលេង​​ធ្វើ​ឱ្យ​ប្រពន្ធ​របស់​ឈ្មោះ នាគ ​ដែល​មាន​វ័យ​ចំណាស់​​​ហៅ​ថា ​យាយ​អន្ទង់ មានការ​ប្រចណ្ឌ​​ និង​តែង​តែ​ជេរ​ប្តី​ក្មេង​​នោះ​ជា​ញឹក​ញាប់ ។  ស្ត្រី​ប្រពន្ធ​​ជនរងគ្រោះ​នោះ​បន្តថា ​អ្នក​​ស្រុក​​អ្នក​ភូមិ ​បាន​លួច​ខ្សឹប​ប្រាប់​​ពី​ការ​ប្រចណ្ឌ​នេះ ទើប​នាង​មិន​ចង់ឱ្យ​មាន​រឿង​​វែង​ឆ្ងាយ ក៏​មិន​សូវ​ស្និទ្ធ​ស្នាល​​ដូច​មុន​ដែរ ធ្វើ​ឱ្យ​ឈ្មោះ នាគ ​មានការ​​អាក់​អន់​ចិត្ត ​និង​មានគំនុំ​មក​លើ​គ្រួសារ​នាង​ចាប់​​ពីពេល​នោះ​មក ​​​។

រហូត​ដល់់​ថ្ងៃ​កើតហេតុ​ ឈ្មោះ នាគ ​​ផឹក​​ស្រវឹង​​បាន​ជិះម៉ូតូ​មក​ធាក់​​ជញ្ជាំង​ផ្ទះ​នាង ​រួច​ជេរ​​​ប្រមាថ​ និង​បង្ក​រឿង​ជាមួយ​​ប្តី​នាង​ដែល​កំពុង​ដេក​ស្តាប់​វិទ្យុ​នៅ​ក្នុង​ផ្ទះ​​ ​ ។ ពេលនោះ​ ប្តី​នាង​មិន​តប​តឡើយ​ ព្រោះ​ខ្ជិល​ឈ្លោះ​ជាមួយ​មនុស្ស​ស្រវឹង ​តែ​មិន​នឹក​ស្មាន​ថា ជន​ដៃ​ដល់​មិន​អស់​ចិត្ត​ក៏​បាន​យក​កាំ​បិត​ចិត​បន្លែ​មួយ​​ដើរ​ចូល​មក​​​ ចាក់​ប្តីនាង​ជា​ច្រើន​កាំ​បិត​​តែ​​ប្តី​នាងគេច​ផុត​ត្រូវ​១កាំបិត​ ប៉ុណ្ណោះ ​ចំដើម​ទ្រូង​ខាង​ឆ្វេង​បណ្តាល​ឱ្យ​ឈាម​​ហូរ​ជោក​ខ្លួន​ បន្ទាប់​មក​ប្តី​នាង​ក៏​ប្រវាយ​ប្រតប់​​​កាច់​ដៃ​ឱ្យជ្រុះកាំបិត​រួច​​ហើយ​ ក៏ដួល​នៅ​លើ​ដី ។​ ​ឃើញ​ដូច្នេះ ជន​ដៃ​ដល់​​​និង​ប្រពន្ធ​ចំណាស់​បាន​រត់​គេច​ខ្លួន​បាត់ ។​

ស្រ្តី​ជាប្រពន្ធ​បន្តថា នាង​បាន​ស្រែក​ហៅឱ្យ​​​​គេ​ជួយ​ និង​នាំយក​ប្តី​នាង​​​​ទៅកាន់​មន្ទីរពេទ្យ​​បង្អែក​ក្រុង​ប៉ោយ​ប៉ែត ​ដើម្បី​​សង្គ្រោះ​​ ហើយ​​ក៏បានបញ្ជូន​​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ​ស្រុក​មង្គល​បុរី​ ដើម្បី​សង្គ្រោះ​បន្ត ។​ ​បច្ចុប្បន្ន ​ជនរងគ្រោះ​​រួចផុត​ពី​​គ្រោះ​ថា្នក់​​ដល់​ជីវិតហើយ ចំណែក​សមត្ថកិច្ច​ក្រុ​ង​ប៉ោយ​ប៉ែត​​កំពុង​តែ​ដុត​ដៃ​​ជើង​តាម​ប្រមាញ់​ចាប់ ​ខ្លួន​ជន​សង្ស័យ​ផងដែរ ។​ ​​ទាក់​ទិន​នឹង​ករណីនេះ ​​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​មិន​ទាន់ប្រាប់ឈ្មោះ​ជន​ដៃ​ដល់ពិតប្រាកដ ​និង​ប្រពន្ធ​នៅ​ឡើយ​ទេ ​ព្រោះ​ស្ថិត​ក្នុងការស្រាវ​ជ្រាវ​​នៅ​ឡើយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]