ភ្នំពេញ៖ ភាពរន្ធត់ ដោយសារអគ្គិភ័យឆេះ រថយន្ដដឹកប្រេង នៅជិតមន្ទីរសាធារណការ រាជធានី កាលពីឆ្នាំមុន នៅមិនទាន់រលប់បាត់ពីភ្នែក មហាជន ហើយបានបំផ្លាញរថយន្ដជាច្រើនគ្រឿង ឆេះផ្ទះអ្នកជិតខាង សងគេមិនទាន់ រួចរាល់ផង ស្រាប់តែលេចចេញស្ថានីយប្រេងមួយ   ទៀតគ្មានច្បាប់ ជ្រកក្រោម ស្លាកយីហោ កាហ្វេលីវណ្ណា បើកលក់យ៉ាងត្រជាក់ចិត្ដ។

អ្នកជិតខាង ដែលទទួលរងមហន្ដរាយ ដោយសារអគ្គីភយ័ឆេះ រថយន្ដដឹកប្រេងរួមទាំងអ្នក ឃើញ ហេតុការសម្ដែងការ ព្រួយបារម្មណ៌ជាថ្មីថា ខ្លាចស្ថានីយ៍ ប្រេងឥតច្បាប់មួយនេះ បង្ករបញ្ហាជាថ្មី ដល់ពួកគាត់ ជាពិសេសមន្ទីរសាធារណការ ដែលនៅពីខាងមុខច្បាស់ជា ប្រឈមនឹងគ្រោះថ្នាក់នេះ មុនគេ។

ទាក់ទងដល់ការព្រួយបារមណ៍ពីស្ថានីយ៍ ប្រេងឥតច្បាប់មួយនេះ លោក លឹម សុភា អភិបាលរងខណ្ឌ ៧មករា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរសព្ទ័ថា លោកមិនដឹងទេ “អ្នកកាសែត ដឹងយ៉ាងម៉េច សរសេរអញ្ចឹង កុំសួរខ្ញុំទៀត” ។ ចំណែកអ្នកស្រី តូច សកល ចៅសង្កាត់វាលវង់ បាន ប្រាប់ថា   ”ខ្ញុំធ្លាប់បានសួរនាំដែរពីរឿង បើកស្ថានីយប្រេងគ្មានច្បាប់នេះ ប៉ុន្ដែម្ចាស់ស្ថានីយ៍ប្រាប់ថា បានការអនុញ្ញាតពីលោកអភិបាលខណ្ឌហើយ”។

ភ្នាក់ងារកាសែតដើមអម្ពិល មិនអាចសុំការពន្យល់បាន ទេ ពីលោក សោម សុវណ្ណ អភិបាល ខណ្ឌ៧មករា ទាក់ទងនឹងឈ្មួញបើកស្ថានីយ៍ប្រេងនៅពីមុខសាលា ខណ្ឌ ដោយខុសច្បាប់នេះ។

ប៉ុន្ដែសាធារណជនវិញ ជាពិសេសជនរងគ្រោះ ដោយសាររថយន្តដឹកប្រេងផ្ទុះ ឆេះកាលពីឆ្នាំមុន ខ្លះឆេះរថយន្ត ឆេះម៉ូតូ ហើយរឿងដែលចាប់អារម្មណ៍ជាពិសេសនោះ គឺឆេះផ្ទះគេ និងបំផ្លាញទ្រព្យក្នុង ផ្ទះលក់គ្រឿងសង្ហារឹម មិនទាន់ទាំងបានសងគេរួចផង ឥឡូវមានអ្នកលក់ប្រេង បើកលក់ក្បែរនោះទាំងគ្មានច្បាប់ទៀត។

សូមបញ្ជាក់ថា ស្ថានីយ៍ប្រេងដាក់ស្លាកយីហោកាហ្វេ លីវណ្ណា នេះ មានទីតាំងនៅមុខមន្ទីរ សាធារណការ រាជធានីភ្នំពេញ ផ្លូវលេខ២១១ កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]