ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក "The Voice Cambodia" នៅក្នុងវគ្គទី១នេះ ត្រូវបានបញ្ចប់ ដោយជោគជ័យ ក្នុងនោះ បេក្ខជនជ័យលាភី ត្រូវបានគេលើកមក និយាយច្រើនជាងគេ ជាមួយហ្នឹងគ្រូបង្វឹក របស់ម្ចាស់ពាន ។ ចុះគ្រូបង្វឹកដទៃវិញ យ៉ាងម៉េចដែរ ? គ្រូបង្វឹកទាំង៤ មានការប្រែប្រួល យ៉ាងណាបន្ទាប់ពី កម្មវិធីបានបញ្ចប់? មានគ្រូបង្វឹកខ្លះសើច គ្រូបង្វឹកខ្លះយំ តើគ្រូបង្វឹកទាំង៤ អាចបន្តអង្គុយ លើកៅអីនេះ បានបន្តទៀត ឬយ៉ាងណា ?

គ្រូបង្វឹកម្ចាស់ពាន តារាចម្រៀង សំឡេងពីរោះរាងសង្ហា លោក ឆន សុវណ្ណរាជ តាំងពីបានអង្គុយ លើកៅអីវិលជិត ៦ខែនេះ លោកមិនមានចំណុច លេចធ្លោរខ្លាំងឡើយ កូនក្រុមរបស់លោកខ្លះ ចូលវគ្គដំបូងខ្លាំង តែក្រោយពីលោក បង្រៀនយូរទៅៗ ខ្លះបែរជាច្រៀង លែងកើត ពិសេសក្នុងវគ្គ The Bettle ។ តែក្រោយមក សល់តែអ្នកខ្លាំងៗ ពិសេស បេក្ខនារី បាន មុន្នីល័ក្ខ និង វ៉ាន់ ផល្លី ប៉ុន្តែបែរជាអ្នក លើកពានបានទៅលើ ប៊ុត សីហា ទៅវិញ។ ឆន សុវណ្ណរាជ ហាក់ល្បីឡើង មួយកម្រិត ក្នុងនាមជាគ្រូបង្វឹក ម្ចាស់ពាន លំដាប់ពិភពលោក ។

តារាចម្រៀងស្រី លំដាប់កំពូលនៅកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា កម្មវិធីនេះ មិនអាចអត់នាងបានទេ ព្រោះកំពុងតែ ឈរជើងក្នុងនាម ជាស្ដេចស្រី នៃពិភពចម្រៀង បទពិសោធន៍រាប់សិបឆ្នាំ នាងត្រូវបានចែកចាយ ដល់បេក្ខជន របស់នាង។ ចំណុចលេចធ្លោរ ដល់កំពូល គឺនាងត្រូវឡើង ទំព័រមុខនៃកាសែតល្បីៗ ព្រោះតែបេក្ខជន សំណប់ចិត្តរបស់នាង គឺ វង្ស តារារតនា ដែលត្រូវបានគេ ចោទថាពុករលួយ ខណៈដែលនាង គ្រាន់តែធ្វើតាម ការយល់ឃើញថា រតនា ធ្វើបានល្អជាង ស៊ូ ស៊ីរីកា ក្នុងថ្ងៃជម្រុះប៉ុណ្ណោះ ។
ឱក សុគន្ធកញ្ញា ស្ទើរតែបាត់បង់ ប្រជាប្រិយភាព ព្រោះតែធ្វើ រឿងត្រឹមត្រូវ តែខុសចិត្ត ទស្សនិកជន ។ នាងបាននិយាយក្នុង ហ្វេសប៊ុកផ្ទាល់ខ្លួនថា ឈឺខ្លាំងតែមិនស្លាប់ទេ ខណៈដែលសំឡេងរិះគន់ ផ្ទុះកាន់តែខ្លាំង។ ចុងក្រោយសល់តែ បេក្ខជន ឃួន វុត្ថា ដើម្បីប្រជែងជាមួយ គ្រូបង្វឹកដទៃ តែមិនបានទទួល ជ័យលាភីទេ។

ដោយឡែក តារាចម្រៀងមុខក្មេង សំឡេងចាស់ ដុះស្លែប្រចាំក្នុង ផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលទទួលភាព លេចធ្លោរ តាំងពីវគ្គដំបូងៗ ព្រោះលោកបាន បង្ហាញភាពអស្ចារ្យ ក្នុងការប្រើប្រាស់ ពាក្យមុតស្រួច និយាយចំៗ ចំណុចខ្វះខាត របស់បេក្ខជននីមួយៗ អ្វីដែលអស្ចារ្យ ក្នុងក្រុមលោក មានបេក្ខជនអស្ចារ្យ ជាច្រើន ដូចជា ឈាវ ឡើន និង ចំរើន សុភ័ក្រ សុទ្ធសឹងតែជាអ្នក អាចកាន់ពានសមបំផុត ។ តែចុងក្រោយ ចំរើន សុភ័ក្ត្រ ភ្លាត់ស្នៀត បន្តិច កុំអី គ្រូបង្វឹកម្ចាស់ពាន មិនមែន ឆន សុវណ្ណរាជ ទេ គឺ លោក ណុប បាយ៉ារិទ្ធ បាត់ទៅហើយ។

ចំណែកចុងក្រោយ គឺតារាចម្រៀងរាងឡូយ ពូកែខាងបទញាក់ កញ្ញា ពេជ្រ សោភា ដែលត្រូវបានគេរិះគន់ ក្នុងវគ្គដំបូងថា នាងហាក់រឡិករឡក់ ចូលចិត្តដណ្ដើម គេនិយាយ ។ ជួនកាលនិយាយ តាមតែគេ ដូចជាគ្មានអ្វីជា យោបល់របស់ ខ្លួនឯងសោះ ។ ចូលមកវគ្គបន្ទាប់ សំឡេងរិះគន់ ក៏បាត់សូន្យ ដោយសារនាង បានរើសបទល្អៗ ឲ្យកូនក្រុមនាងច្រៀង ពិសេសនាង ផ្លាស់ប្ដូរភាពរឡិករឡក់ នោះចោល ។ ប៉ុន្តែនាងត្រូវគេ រិះគន់ខ្លាំងៗ រឿងរើសបទ "ទុយមុយ" ឲ្យ អឿម រុន ក្នុងចេតនា ចង់ទម្លាក់ អឿម រុន ខណៈបេក្ខជនេះ មានប្រជាប្រិភាព ខ្លាំងជាងគេ តែគ្មានសំលេង ។ តែ ពេជ្រ សោភា មានចំណុច លេចធ្លោរខ្លាំង ក្នុងរឿងលេងខោអាវ ។ ក្នុងកម្មវិធី ពេជ្រ សោភា ពូកែស្លៀកពាក់ នឹងតុបតែងស្រស់ស្អាត គ្រប់វគ្គតែម្ដង ។

បន្ទាប់ពីកម្មវិធីនេះបញ្ចប់ កម្មវិធីលំដាប់ពិភពលោក ដទៃក៏បន្តធ្វើ ហើយរដូវកាលទីពីរ កំពុងបន្តរៀបចំ ។ តែគេមិនទាន់ដឹងថា គ្រូបង្វឹកទាំងបួន អាចអង្គុយកៅអីនេះ បានបន្តទៅទៀតឬយ៉ាង ខណៈដែលពួកគេ ហាក់ក្លាយជាអ្នករងគ្រោះ ក្នុងព្យុះនៃការរិះគន់ គ្រប់ពេលវេលា៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា