បាល់ទាត់៖ កាលពីថ្ងៃពុធ កន្លងនេះ បន្ទាប់ការប្រកួត បាល់ទាត់ ក្នុងទ្វីបអាហ្វ្រិក រវាង ម្ចាស់ផ្ទះ ក្រុមជម្រើសជាតិ កូតឌីវ័រ ជាមួយនឹង ក្រុមភ្ញៀវ ជម្រើសជាតិ កាម៉េរូន នាកីឡាដ្ឋាន Stade Félix Houphouët-Boigny ក្នុងទីក្រុង Abidjan បានបញ្ចប់ ដោយលទ្ធផល ០ ទល់នឹង០ រួចទៅហើយនោះ អ្នកគាំទ្រ ដ៏ច្រើនលើសលុប របស់ក្រុមម្ចាស់ផ្ទះ បាននាំគ្នា អបអរសាទរ ក្រុមជម្រើសជាតិ របស់ខ្លួន ដែលអាច កក់បានកៅអីឡើងទៅវគ្គបន្ត ពានរង្វាន់ Africa Cup of Nations ជាស្ថាពរនោះ ដោយផ្អើលរត់ជាន់គ្នា ចូលកីឡាដ្ឋាន យ៉ាងណែនណាន់ តាន់តាប់។

ការប្រកួត គឺបញ្ចប់ទៅដោយ លទ្ធផល ០ទល់នឹង០ ស្មើគ្នា បើទោះបី ជាក្រុមម្ចាស់ផ្ទះ មានប្រៀបជាង ក្រុមភ្ញៀវ ដែលនៅសល់តែគ្នា ១០ នាក់ ពេលដែល ប្រធានក្រុម របស់កាម៉េរូន កីឡាករ Stephan Mbia ត្រូវបានពិន័យ កាតក្រហម នៅនាទី ៥៦ យ៉ាងណាក៏ដោយ ពោលគឺក្រុមទាំងពីរ លេង ដើម្បីឲ្យចប់ ការប្រកួត តែប៉ុណ្ណោះ។ នៅពេលដែល អាជ្ញាកណ្តាល បន្លឺសម្លេងកញ្ចែ បញ្ចប់ការប្រកួត អ្នកគាំទ្រ របស់ក្រុមម្ចាស់ផ្ទះ មិនត្រឹមតែ រត់ចូលកីឡាដ្ឋាន ដោយគ្មានការអនុញ្ញាតិ នោះទេ ថែមទាំង នាំគ្នារំលំបង្គោលទី យ៉ាងអនាធិបតេយ្យ ខណៈមាន កិច្ចអន្តរាគមន៍ ពីប៉ូលីស ជាច្រើននាក់ ប្រដាប់ដោយ ព្រនង់គ្រប់ដៃ វាយសំពង ទៅលើអ្នកគាំទ្រ ទាំងនោះ។

គួរបញ្ជាក់ផងដែរថា មិនមានតួលេខ បញ្ជាក់ពីអ្នករបួសទេ ដោយក្រុមជម្រើសជាតិ កូតឌីវ័រ រួមជាមួយនឹង កាម៉េរូន, អាហ្សឺរី, កោះ Cape Verde, អាហ្វ្រិកខាងត្បូង, ទុយនេស៊ី, ហ្សាំប៊ី, Burkina Faso, ហ្កាប៊ុន, សេនេហ្គាល់, និងម្ចាស់ផ្ទះ Equatorial Guinea សុទ្ធសឹងតែមាន កៅអី ឡើងទៅវគ្គចែកពូល ដណ្តើមពានរង្វាន់ Africa Cup of Nations ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ខែមករា ដល់ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាងមុខនេះ៕















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]