កំពត ៖ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពត បានឃាត់ខ្លួនស្ត្រីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការ លក់-ចែកចាយគ្រឿងញៀន ជាមួយស្មៀនឃុំម្រោម។

ការចុះចាប់ខ្លួនស្ត្រីសង្ស័យខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ នៅផ្ទះរបស់ស្ត្រីសង្ស័យ ស្ថិតក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

លោកវរសេនីយ៍ត្រី ហ៊ីង ឈុំ អនុប្រធានការិយាល័យកណ្តាល យុត្តិធម៌ ទទួលផ្នែកគ្រឿងញៀន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ ថា ស្ត្រជាជនសង្ស័យមានឈ្មោះ សាំង ចិន្តា ហៅ ស្រីម៉ៅ អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំឃាត់ខ្លួនខាងលើ។

លោក ហ៊ីង ឈុំ បានបន្តថា ការឃាត់ខ្លួនស្ត្រី សាំង ចិន្តា ហៅស្រីម៉ៅ នេះ ដោយយោងទៅតាម ចម្លើយសារភាពរបស់ឈ្មោះ សូ វុទ្ធី ជាស្មៀនឃុំម្រោម និងវត្ថុតាងមានថ្នាំញៀន ១កញ្ចប់ផង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ នៅចំណុចហាងកាហ្វេរបស់ខ្លួន ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

ជនសង្ស័យ សូ វុទ្ធី បានសារភាពថា ថ្នាំញៀនដែលរូបគេចែកចាយ កន្លងមក គឺយកបន្តពីឈ្មោះ សាំង ចិន្តា ហៅ ស្រីម៉ៅ ទើបកម្លាំងនគរបាលជំនាញ នៃស្នងការ នគរបាលខេត្តកំពត ចាប់ខ្លួនតែម្តង។ ចំណែកស្រ្តី សាំង ចិន្តា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចែកចាយគ្រឿងញៀនដល់អ្នកដទៃ ពិតប្រាកដមែន យ៉ាងណាមិញ ដូចជា លក់ឲ្យឈ្មោះ សូ វុទ្ធី អញ្ចឹង។

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវីធី៕

www.dap-news.com

ដោយ ៖ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]