សម្រាប់មិត្តនារី និង បុរសមួយចំនួន ប្រហែលជាប្រឈមមុខ នឹងបញ្ហាសក់ប្រេង ដែលពិបាក ក្នុងការដោះស្រាយ ជាមិនខាន។ យ៉ាងណាមិញ ប្រិយមិត្ត មិនចាំបាច់ បារម្ភទៀតទេ ថ្ងៃនេះខ្មែរឡូត នឹងលើកយក វិធីសាស្រ្ត បំបាត់បញ្ហា សក់ប្រេង តាមវិធីសាមញ្ញ ដូចខាងក្រោម ៖

១. កុំលេងសក់ ៖ មនុស្សជាច្រើន មិនបាន ដឹងទេថា ខ្លួនបានយកដៃ ទៅប៉ះសក់ប៉ុន្មានដងឡើយ ក្នុងមួយថ្ងៃ។ ប្រិយមិត្តដឹងទេថា ការយកដៃទៅប៉ះសក់ ជាញឹកញាប់ ធ្វើឲ្យសក់កាន់តែ មានជាតិប្រេង ព្រោះដៃរបស់អ្នក សំបូរជាតិប្រេង ដោយសារតែ ការបែកញើស។

២. កុំកក់សក់ញឹកញាប់ពេក ៖ ប្រសិនបើអ្នក កក់សក់ជា រៀងរាល់ថ្ងៃនោះ អ្នកគួរតែបន្ថយ ការកក់សក់ ឲ្យបានមួយសប្តាហ៍សិន ដើម្បីឲ្យជាតិប្រេង ទាំងនោះបញ្ចេញ មកម្តងទៀត។ បន្ទាប់ពីទុកបាន មួយសប្តាហ៍ហើយ អ្នកអាចលាបប្រេងដូង ឫ អូលីវបន្ថែម ។ ក្រោយមក អ្នកអាចចាប់ផ្តើមកក់សក់ ក្នុងរយៈពេលពីរ ទៅ បីថ្ងៃម្តង។ ការធ្វើបែបនេះ គឺអាចធ្វើឲ្យសក់របស់អ្នក មានពេលគ្រប់គ្រាន់ក្នុង ការផ្លាស់ប្តូរប្រេងចាស់ ដែលជាហេតុធ្វើឲ្យកម្រិត ជាតិប្រេង នៅលើសក់ មានតុល្យភាព។

៣. ផ្លាស់ប្តូរប្រភេទសាប៊ូ ៖ ការប្រើប្រាស់ ប្រភេទសាបប៊ូ តែមួយ ជាច្រើនខែ ក៏មិនអាចជួយ ឲ្យសក់របស់អ្នក គ្មានជាតិប្រេងបានដែរ ដូច្នេះ ព្យាយាមផ្លាស់សាបូ ជារៀងរាល់សប្តាហ៍ម្តង ឬ ក៏អាចកក់សាប៊ូ ដែលជាផលិតផលខ្លាំង ក្នុងការកំចាត់ អង្គែរ និង ប្រេង ក្នុងមួយសប្តាហ៍ ម្តងក៏បានដែរ។

៤. ជៀសវាង គេងនៅពេលសក់សើម ៖ ប្រិយមិត្តមួយចំនួន ដែលពុំមាន ពេលគ្រប់គ្រាន់ ក្នុងការកក់សក់ អាចកក់សក់ នៅពេលយប់ ដែលជាហេតុធ្វើឲ្យ ពួកគាត់គេង នៅពេលដែលសក់ មិនទាន់ស្ងួត។ យ៉ាងណាមិញ ការគេងទាំងសក់សើម នេះ គឺជាកត្តាចំបងបំផុត ដែលធ្វើឲ្យសក់ឆាប់ ឡើងប្រេង នៅព្រឹកបន្ទាប់។ ដូច្នេះ បើអាចជៀសវាងបាន លោកអ្នកគួរតែឆ្លៀតពេល កក់សក់ នៅពេលព្រឹក ឫពេលថ្ងៃក៏បាន។

៥. ផ្លាស់ប្តូរ ឫ បោកសម្អាត ស្រោមខ្នើយ ឲ្យបានញឹកញាប់ ៖ ប្រេង និងធូលី ដែលជាប់ នៅលើស្រោមខ្នើយ របស់អ្នក អាចតោងជាប់ នឹងសក់របស់អ្នក ពេលអ្នកគេង ដែលជាហេតុធ្វើឲ្យ សក់របស់អ្នក កាន់តែមានជាតិប្រង លើសដើម។ ដូច្នេះ លោកអ្នកអាចបោក សម្អាតស្រោមខ្នើយ យ៉ាងហ៊ោចណាស់ ឲ្យបានមួយសប្តាហ៍ម្តង ផងដែរ។

៦.ជៀសវាង ប្រើប្រាស់ ឧបករណ៍តុបតែងសក់ ច្រើនពេក៖ ការប្រើប្រាស់ ម៉ាស៊ីន គៀបសក់ ,ផ្លុំសក់ , មូលសក់ អាចធ្វើឲ្យសក់របស់អ្នកស្ងួតខ្លាំង និង ធ្វើឲ្យសក់ជ្រុះទៀតផង។ ទោះបីជា ការប្រើប្រាស់ ឧបករណ៍ទាំងនេះ អាចជួយ ឲ្យសក់របស់អ្នក មិនសូវសំបូរ ជាតិប្រេង ប៉ុន្តែ មិនត្រូវប្រើប្រាស់ វាជារៀងរាល់ថ្ងៃទេ។

៧.កុំប្រើក្រែមបន្ទន់ ជិតគល់សក់ ៖ សម្រាប់ប្រិយមិត្ត នារីមួយចំនួន ប្រហែលជាប្រើក្រែមបន្ទប់ បន្ទាប់ពីកក់សក់ រួច ប៉ុន្តែ ត្រូវចងចាំថា មិនត្រូវលាបក្រែមបន្ទន់ ជិតនឹងឫសសក់ទេ ពីព្រោះវាកាន់តែ ធ្វើឲ្យ សក់របស់អ្នក កាន់តែមានជាតិប្រេង។ លោកអ្នកអាច លាបក្រែមបន្ទន់ ត្រឹមស្លឹកត្រចៀកបានហើយ កុំលាបដល់លើក្បាលពេក។

ទាំងនេះ គឺជាគន្លឹះសំខាន់ៗ ទាំង ៧ យ៉ាង ដែលអាចជួយទប់ស្កាត់ បញ្ហាសក់ប្រេង៕

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]