រាជធានីភ្នំពេញ ៖ ​ឧក្រិដ្ឋ​​​​ជន​ជាគ្រូ​បង្រៀន​​​​​សិស្ស​ផ្នែក​​​​កុំព្យូទ័រ​​​ម្នាក់នៅ​សាលា​ឯ​កជន​​មួយ​ស្ថិត​ក្នុង​​សង្កាត់​​ទួលស្វាយ​​ព្រៃទី១ ​​​ខណ្ឌចំការ​មន ​​​ដែលបាន​​​​​ចាប់សិស្ស​​​​ឈ្មោះ​រ៉ា ស៊ី​សត្យា អាយុ​៨ឆ្នាំ​​​ សម្លាប់​ជម្រិត​​ទារ​ប្រាក់​​ពីឪពុក​​ម្តាយ​​​​នោះ​នៅព្រឹក​ថ្ងៃទី៧ ​​កុម្ភៈ ​​ត្រូវ​បាន​​បញ្ជូន​ទៅ​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ​​ហើយ ។ គ្រូបង្រៀន​ដែល​​ជាប់ចោទ​​​​​ជា​ឧក្រិដ្ឋ​ជន​​នេះ​​​ឈ្មោះ​និល ​សារ៉ាន់ ​ហៅនិល ឈួយ ​​ភេទប្រុស ​អាយុ​២៤​ឆ្នាំ ​​ស្នាក់​នៅ​​​ក្នុង​សាលា​​​នោះតែ​ម្តង ​​​និង​​មាន​ស្រុក​កំណើត​នៅភូមិ​​លា​ទង​​ ឃុំ​​​កំពង់​​កុង​ស្រុក​ស្អាង ខេត្ត​កណ្តាល ។

ឧក្រិដ្ឋ​ជន​​បាន​សារភាព​​​ទាំងនៅ​​សមត្ថកិច្ច ​ និង​​​នៅចំពោះ​​​មុខតំណាង​​​អយ្យ​ការ​​​សាលា​ដំបូង ​​រាជធានីភ្នំពេញថា ​​កាលពី​វេលាម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៤ កុម្ភៈ ​​ឆ្នាំ២០១២ ​​នៅ​ចំណុច​​​ខាង​​ត្បូង​ផ្សារ​ដើម​​​​អំពិល ​​មុខ​សាលា​​រៀនឯក​ជន ​​មួយ​ ស្ថិត​ក្នុងសង្កាត់​​ទួលស្វាយ​ព្រៃ​​​​ទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ​ ​​​ពេលសិស្ស​​​​ចេញ​ពី​​សាលា​ ខ្លួន​បានល្បួង​​លួងលោម​នាំក្មេង​ប្រុស​ម្នាក់​ឈ្មោះគង់ រា៉ស៊ី​សត្យា ​អាយុ​៨ឆ្នាំ ​​ដោយ​និយាយ​ប្រាប់​ថា ប៉ាម៉ាក់​​ក្មួយឯង​​​ជាប់រវល់​​​មិន​បាន​មក​ទទួលទេ​ គឺគាត់​បាន​ផ្តាំ​ឱ្យ​លោកគ្រូ​ជូន​ទៅ​​​កន្លែង​​ធ្វើការ​របស់គាត់ ។ ​​​ជនសង្ស័យ​បាន​ឆ្លើយទៀត​ថា ​​ពេលខ្លួននិយាយ​យ៉ាង​ដូច្នេះ ​​ទៅ​កាន់សិស្ស ​​​នោះ គេ​​ក៏យល់ព្រម​​​តាមដែរ ​​ហើយ​បានទៅជា​​មួយ​ខ្លួន តែ​​​ភ្លាម​នោះ​​ខ្លួនក៏​បាន​យ​កកង់​សិស្ស​​​​ គង់ រ៉ា​ស៊ីសត្យា ​​ទៅផ្ញើ​នៅ​​ផ្សារ​ដើម​​អំពិល ​​ដែល​​នៅ​ជិត​សាលារៀននោះស្រាប់ ។ ​​​បន្ទាប់ពី​​យក​កង់​​ទៅផ្ញើហើយ ខ្លួន​បានហៅ​​​ម៉ូតូ​ឌុប​​​នាំសត្យា ​​ទៅ​ក្រុង​តាខ្មៅ ​​ខេត្តកណ្តាល ។​​ លុះ​ដល់​​កំពង់​ចម្លង​​​​ក៏នាំក្មេង​​ឆ្លង​ទូក​ដ​ទៅកាន់​វត្ត​ចំពុះ​ក្អែក​​ សង្កាត់ព្រែក​​ថ្មី ខណ្ឌ​មាន​ជ័យ ​​​រាជ​ធានី​ភ្នំពេញ ​។ ពេលទៅ​ដល់វត្ត​ចំពុះក្អែកហើយ ខ្លួន​​បាន​នាំក្មេង​​​​លេង​​មុខ​​ព្រះវិហារ​​ ។ ពេល​កុមារ​សត្យា​​កំពុង​លេង​​ ខ្លួន​​​ឆ្លៀតឱកាស​​​​ទូរស័ព្ទ​​ទៅកាន់​ឪពុក​ម្តាយ​របស់​កុមារ​នេះ​ដោយ​ប្រាប់​ថា ​​សត្យា​ត្រូវបាន​​​ខ្លួន​ចាប់​​​ហើយ ​​បើ​សិនជា​ចង់​បាន​​ជីវិត​កូន​ទៅវិញ ​​តម្រូវ​​​យក​ប្រាក់​១៥ម៉ឺន​ដុល្លារជាថ្នូរ ។ ​​បើពុំដូច្នោះ​​​ទេ កុំ​​សង្ឃឹម​​​ឃើញ​​​មុខ​កូន​ឱ្យសោះ ។

ពេល​​គំរាម​​​​​ទារប្រាក់​​នោះ​​​មាន​ការ​តថ្លៃគ្នា​​ជាច្រើន​​លើក ។ លើក​ចុង​​ក្រោយ​​ ខ្លួនបាន​ចុះ​​នៅត្រឹម​​​៣៥០០​ដុល្លារ និង​​បាន​ឯក​ភាព​​​គ្នាកំណត់​​ទីកន្លែង​​ប្រគល់ប្រាក់​ ។ ឧក្រិដ្ឋ​ជន​​សារភាព​​ទៀតថា ​​វេលាល្ងាច​​បន្តិច ​​ទៅ​ហើយ ដោយក្មេង​ប្រុស​​​រងគ្រោះវា​យំ​​​ពេក ​​ទ្រាំ​លែង​បាន ខ្លួន​បាន​នាំទៅ​ក្បែរ​ចេតិយ៍​មួយ​​​ហើយ​បាន​ច្របាច់.ក​​ និងយកដុំ​ថ្ម​​​វាយក្បាល​ រួច​​ចាប់ជ្រមុជ​ទៅ​​​ក្នុងអាងទឹក ដើម្បីសម្លាប់ចោល។ គេធ្វើ​សកម្មភាព​យ៉ាងដូច្នេះ ​​ដោយ​យល់ឃើញ​​​ថា ជនរងគ្រោះ​​ឈ្មោះគង់ រ៉ាស៊ី​​សត្យា ​ជាសិស្ស ​​របស់ខ្លួន​ដែល​បានស្គាល់​​អត្តសញ្ញាណ​​ច្បាស់​លាស់ណាស់ ​​​​មុននិងក្រោយ​​​ត្រូវ​តែ​​បែក​ការណ៍​​​ទើប​បាន​ជាត្រូវតែ​​សម្លាប់​ចោល​​ បើ​ទោះ​បីជា​​​បានប្រាក់​ ឬមិនបានប្រាក់​ក៏ដោយ ។ ​ក្រោយ​ពី​សម្លាប់​​កុមារា​នោះ​​ហើយ​ខ្លួន​នៅតែ​ទូរស័ព្ទ​​​ទាក់​​ទង​ជម្រិត​​​ទារ​ប្រាក់​​ពី​​អាណាព្យាបាល​​ជនរង​គ្រោះ​ទៀតរហូត​​ពេល​ត្រូវ​​គ្នា​ក្នុង​​តម្លៃ​៣.៥០០​ដុល្លារ​ ។ ​ដំបូង​បាន​​ណាត់​ប្រគល់​​​ប្រាក់​នៅ​​វត្ត​​ចំពុះ​ក្អែក​​​នោះ​តែម្តង ​​ប៉ុន្តែ​​ក្រោយ​មកគេ​បាន​ផ្លាស់​ប្តូ​រទីតាំង​ទៅ​មុខ​វត្តបទុមវត្តី​វិញ ។ និល ​សារ៉ាន់ ​សារភាពទៀតថា ​​នៅពេលប្រគល់​​ប្រាក់​ខ្លួន​​បានកំណត់ឱ្យ​អាណាព្យា​បាល​ជនរងគ្រោះ​​​​យក​លុយ​៣៥០០ដុល្លារ​​​​ដាក់ក្នុង​​កញ្ចប់​​​​ស្បោង​​​​ឱ្យ​ស្អាត​​​យកទៅ​ទម្លាក់​​ក្រោម​រថយន្ត​​កាម​រី​​១​គ្រឿង​​ដែលចត​​នៅពីមុខ​វត្ត​​ ហើយខ្លួន​បាន​សង្កេត​តាមមើល​​សកម្មភាព​ខាង​ជនរងគ្រោះ​​​​យ៉ាងប្រុងប្រយ័ត្ន ។ ​​​​បានជាធ្វើ​យ៉ាងដូច្នេះ ​ខ្លួ​ន​បាន​ដាក់ផែន​ការ​​ទៅអាណាព្យាបាល​​​ជនរង​គ្រោះ​​ ហើយមិន​ឱ្យ​​សហការជាមួយ​​​សមត្ថ​កិច្ច ​​និងមិន​ធ្វើឱ្យ​បែកការណ៍ ។ ​ពេលឃើញ​​អាណា​ព្យា​បាល​ជនរងគ្រោះ​​យកប្រាក់​ទៅទម្លាក់​ក្រោម​រថយន្ត​​​​​ដូច​​ការកំណត់​​​​ ខ្លួនបានផ្តាំ​ទៀតថា ​ពេល​ដើរចេញ​​​ទៅវិញ​​មិនឱ្យ​ក្រឡេក​មើល​ក្រោយទេ។ ​​ឃើញសកម្មភាព​ស្ងៀមស្ងាត់​​គួរឱ្យ​​​ជឿ​ទុកចិត្ត​ ​​​គ្មានសមត្ថ​កិច្ច​​ទៅ​រំខាន​ ​ខ្លួន​ក៏​បាន​​​ចូល​ទៅ​​យក​ប្រាក់​ ហើយ​​រក​ម៉ូតូឌុប​​ជិះ​ទៅ​​កាន់​​ស្រុក​កំណើត​​តែម្តង ។

លុះព្រឹកឡើង​​ថ្ងៃទី​៥ កុម្ភៈ ពេល​ជំរិត​​បាន​ប្រាក់​​ពីជនរងគ្រោះ​​៣.៥០០​ដុល្លារ​ហើយ​ខ្លួន​បាន​បបួល​ស្ត្រី​ម្នាក់​​​ដែល​អះអាង​ថា ​ជា​គូ​ដណ្តឹង​​ទៅ​កាន់​ក្រុង​តា​ខ្មៅ ទិញ​ម៉ូតូ​១​គ្រឿង​​ម៉ាក​ហុង​ដា សេ១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០០៩ តម្លៃ​១.៣៥០​ដុល្លារ រួច​បាន​ឌុប​គូដណ្តឹង​​ត្រឡប់​ទៅ​ផ្ទះវិញ ។ ​ឧក្រិដ្ឋ​ជន​សារភាព​ទៀតថា នៅ​សល់​ប្រាក់​ប៉ុន្មាន​គេ​បាន​ចាយ​វាយ​ និង​ទុក​ខ្លះ​សម្រាប់​ធ្វើ​ពិធី​មង្គល​ការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ​នៅ​​សាលា​ដំបូង​រាជធានីភ្នំពេញ ឧក្រិដ្ឋ​ជន​បាន​ប្រាប់​​ឱ្យ​ដឹង​​ថា ប្រាក់​បាន​មក​ពីការ​ចាប់​ជំរិត​​នៅ ក្នុង​ខ្លួន​របស់​គេ សល់តែ​ជាង​៥០០​ដុល្លារ​ទេ ។ ​ប៉ុន្តែ​ប្រភព​ព័ត៌​មាន​​ថា ​នគរ​បាល​​ដក​ហូត​ប្រាក់​នោះ​មក​វិញ ​បាន​រហូត​ដល់​ទៅ​១.៨០០​ដុល្លារ​ឯណោះ ។

ឧក្រិដ្ឋ​​ជន​ និល សារ៉ាន់ ​បាន​សារ​​ភាព​នៅ​ចំពោះ​​មុខ​តំណាង​អយ្យ​ការ​ថា ករណី​ចាប់​សិស្ស​​សម្លាប់​​ ជំរិត​ទារ​ប្រាក់​​នេះ​ គឺធ្វើសកម្ម​ភាព តែ ខ្លួន​ម្នាក់​ឯង​ទេ មិន​មាន​បក្ស​ពួក ឬ​មេ​ខ្លោង​​ណា​នៅ​ពី​ក្រោយ​ឡើយ ។ គេ​ធ្វើ​សកម្ម​ភាព​​ជំរិត​ទារ​​ប្រាក់​នេះ​ ក៏ព្រោះតែ​​​ខ្វះ​ខាត​លុយ​កាក់​សម្រាប់​រៀប​ការ​ប្រពន្ធ​​នៅ​ពេល​ខ្លី​ខាង​មុខ​នេះ ។

និយាយ​ពី​​អាណាព្យា​បាល​​ជន​រងគ្រោះ​វិញ ​​ពេញ​១​យប់​ថ្ងៃ​​ទី​៤ រហូត​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ ​អន្ទះ​សារ​រង់​ចាំ​មើល​ផ្លូវ​កូន​ ក្រោយ​​ពេល​ប្រគល់​ប្រាក់​រួច​ហើយ​​នោះ ទី​បំផុត​​ត្រូវ​ទទួល​​​បាន​ដំណឹង​សព​កូន​​ស្លាប់​​តាមរយៈ​​ព័ត៌​មាន​អ្នក​ស្រុក​ភូមិ​​និយាយ​តគ្នា​​ ដែល​គេ​បាន​ប្រទះ​ឃើញ​ស្លាប់​​នៅ​ក្នុង​អាង​ទឹក​មួយ​ ក្នុង​វត្ត​ចំពុះ​ក្អែក ។ ​នោះ​ហើយ​ដែល​ជា​ព័ត៌​មាន​​​ដ៏​រន្ធត់​​តក់​ស្លុត​​មួយ ​ដែល​អាណាព្យា​បាល​​ស្រឡាញ់​កូន​ ​ខំ​ចំណាយ​ប្រាក់​​​លោះ​ពីចំណាប់​​ខ្មាំង​ ហើយ​បែរ​ជា​កូន​ត្រូវ​អស់​ជីវិត​ទៀត ។ ​បន្ទាប់​​ពី​បង់​ប្រាក់​​អស់​៣.៥០០​ដុល្លារ ​ឱ្យ​ទៅ​ឧក្រិដ្ឋ​ជនហើយ​ ​ជីវិត​​កូន​​ត្រូវ​បាត់​បង់​​ទៀត​នោះ​ អ្នក​អាណា​ព្យាបាល​​ជន​រងគ្រោះ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​​ទៅ​កាន់​សមត្ថ​កិច្ច​នគរបាល​​ក្រសួង​មហា​ផ្ទៃ​​​​ ដើម្បី​ចាប់​​ខ្លួន​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​​តាម​​ផ្លូវ​ច្បាប់ ​ព្រោះ​​ពេល​នេះ​​កូន​បាន​ស្លាប់​​បាត់​ទៅ​ហើយ​ ឧក្រិដ្ឋ​​ជន​ក៏​មិន​ទុក​ឱ្យ​​​​នៅ​​ក្រៅ​សំណាញ់​​ច្បាប់​ដែរ ។ ​បន្ទាប់​ពី​មាន​​ពាក្យ​បណ្តឹង ​​នាយក​ដ្ឋាន​​នគរបាល​​សន្តិ​សុខ​​ផ្ទៃ​ ក្នុង​​ក្រសួង​​មហា​ផ្ទៃ​​បាន​ចាប់​ផ្តើម​​ធ្វើ​ការ​​​សើុប​អង្កេត​​ និង​ស្រាវជ្រាវ​​ជា​បន្ទាន់​​ តាម​រយៈ​​លេខ​​ទូរស័ព្ទ​​ដែល​ជន​ល្មើស​ទាក់​ទង​គំរាម​ជំរិត​​ជន​រង​គ្រោះ ។ លុះ​ឈាន​ដល់​ថ្ងៃ​ទី​៦ ​កុម្ភៈ ​ទើប​ការ​ស្រាវ​ជ្រាវ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ។ ដំបូង​ឡើយ​ឃាត់​មនុស្ស​៣​នាក់ ប៉ុន្តែ​នៅ​ពេល​​សាក​សួរ​មនុស្ស​២​នាក់​មិន​ពាក់​ព័ន្ធ​ករណី​​សម្លាប់​​ជំរិត​ទារ​ប្រាក់​​ជា​មួយ​ឈ្មោះ​និល សារ៉ាន់ នោះ​ទេ ​ទើ​ប​សមត្ថ​កិច្ច​​អនុ​ញ្ញាត​​ឱ្យ​វិល​ទៅ​​ផ្ទះវិញ ​នៅ​ល្ងាច​​ថ្ងៃដដែល ។

ដោយ​ឡែក​​ឈ្មោះ​និល សារ៉ាន់ ​ហៅ​និល ឈួយ ​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​របាយ​ការណ៍​​សមត្ថ​កិច្ច​បានធ្វើ​ការ​សន្និ​ដ្ឋាន​​ថា ជា​​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា​ ។ ប៉ុន្តែ​នៅ​​ដំណាក់​​កាល​​សាក​​សួរ​របស់​តំណាង​​អយ្យ​ការ​បាន​រកឃើញ​ថា ជន​សង្ស័យ​ជាប​់ពាក់​ព័ន្ធ​២​បទ​ល្មើស​ ដើម្បី​ចោទ​ប្រកាន់​​ជា​ផ្លូវការ​ ។ បទ​ល្មើស​ទី​១ ឃាត​កម្ម​ទាក់​ទង​នឹង​ការ​សម្លាប់​ជន​រង​គ្រោះ​តាម​មាត្រា​២០២ និង​បទល្មើស​ទី​២ ចាប់​បង្ខាំង​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ក្នុង​គោល​ដៅ​ជំរិត​ទារ​ប្រាក់​​ពីជន​រងគ្រោះ​តាម​មាត្រា​២៥៤ នៃ​​​ក្រម​​ព្រហ្ម​ទណ្ឌ​​ថ្មី​ដែល​បទ​ល្មើស​ទាំង​២​នេះ បាន​កំណត់​​ផ្តន្ទា​ទោស​​​លើជន​​ត្រូវ​ចោទ​ក្នុង​១​បទល្មើស​​ពី​១៥​ទៅ​​៣០​ឆ្នាំ ។ ​ដូច្នេះ​​នៅពេល​​សវនា​ការ​ បើ​​សិន​ជា​តុលា​ការ​​បំបែក​​សំណុំរឿង​​ជំនុំ​ជម្រះក្តី​ម្តង ១ករណី​ បូក​បញ្ចូល​គ្នា​ទៅ​ជន​​ត្រូវ​ចោទ​​អាច​ជាប់​​ពន្ធ​នា​គារ​អស់​រយៈ​ពេល​៦០​ឆ្នាំ ឬ​មួយ​ជីវិត ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

Khmerload: ហួសហេតុពេកហើយ ជាគ្រូបង្រៀន ហ៊ានលើកដៃសំលាប់កូនសិស្សឯង​។ 

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]