រាជធានីភ្នំពេញ ៖ ផ្ទុយពីការអះអាង ដែលធ្លាប់ប្រកាស ថានឹងរៀបចំ មង្គលការនៅ អំឡុងដើមឆ្នាំ២០១៥ ពេលនេះ អាពាហ៍ពិពាហ៍ របស់កីឡាករ-កីឡាការិនី ល្បីឈ្មោះ២រូប គឺស៊ន ដាវីន និងវ៉ន វីវ៉ា បានកំណត់ ធ្វើឡើងដោយ តក់ ក្រហល់បំផុត នៅថ្ងៃទី២០ វិច្ឆិកា សប្តាហ៍ ក្រោយវិញ ។ ហេតុផលនោះ ត្រូវបាន ភាគីខាងស្រី ដែលជាអ្នក រើស វេលាប្រាប់ថា មិនអាច ពន្យារពេលបាន ។ អ្នកស្រី សួន ចន្ធី ម្ដាយ របស់ស៊ន ដាវីន បានបញ្ជាក់ តាមទូរស័ព្ទថា មង្គលការ របស់កូនស្រី និងលោក វ៉ន វីវ៉ា ដែលអ្នកណា ក៏ស្គាល់ថា ជាកីឡាករ ប្រដាល់ល្បីឈ្មោះនោះ បានប្ដូរ មក ធ្វើនៅអំឡុងប៉ុន្មាន  ថ្ងៃខាងមុខនេះ វិញហើយ បន្ទាប់ពីអ្នកស្រី គន់គូររកវេលា ពីលោកអាចារ្យ និងគ្រូហ្មជា ច្រើនរូបហើយ មិនអាចអូស វេលារហូតដល់ ឆ្នាំក្រោយ (២០១៥) តាមការ គ្រោងទុកបាន ។

អ្នកស្រី កំណត់យកថ្ងៃទី២០ វិច្ឆិកា ដែលនៅសល់ តែប៉ុន្មានថ្ងៃទៀតនេះ បើទោះជាស្ថានភាព នៃការរៀបចំ មាន ភាព តក់ក្រហល់ដែល ធ្វើឲ្យអ្នកស្រី ព្រមទាំងកូនៗ ចាត់ចែងមិន ចង់ទាន់ក្តី ។ យ៉ាងណាមិញ ចំនួនភ្ញៀវ កិត្តិយស ដែលបាន គ្រោងទុក គឺអ្នកស្រីរៀបរយ ជិតអស់ហើយ ដោយនៅសល់ តែភ្ញៀវជិត ដិតមួយ ចំនួនតូចប៉ុណ្ណោះ ដែល អ្នកស្រីយល់ថា ទោះជាជូនលិខិត អញ្ជើញកៀកថ្ងៃ ជាងនេះក៏ ប្រហែលមិនអីដែរ ។ អ្នកស្រីពោលថា៖ «អូនអ្ហើយ ការពិតខ្ញុំចង់ ការពួកគេដល់ ឆ្នាំក្រោយទេ ប៉ុន្តែវេលា មានតែក្នុង ខែមេសា ឆ្នាំ២០១៥ មួយគត់ ហើយក៏មិនសូវ ល្អ ដូចថ្ងៃទី២០ វិច្ឆិកាហ្នឹងដែរ ទើបខ្ញុំដុត ដៃដុតជើងរៀបចំ ពីរនាក់ហ្នឹង នៅថ្ងៃ២០ វិច្ឆិកា ហ្នឹងទៅ កុំឲ្យយូរពេក!» ។ ការរៀបចំ មង្គលការ ដែលទើបតែ កំណត់ជាថ្មីនេះ ត្រូវអ្នកស្រីប្រាប់ថា ជាវេលាល្អបំផុត ក្នុងកាលៈទេសៈដែល ស៊ន សៀវម៉ី ជាកូនស្រី ក៏ទើបទទួល បានកិត្តិយសក្ដៅៗ ជួយឲ្យអ្នកស្រី និងក្រុមគ្រួសារ កាន់តែ មានមុខមាត់ ក្នុង ការរៀបចំ អញ្ជើញភ្ញៀវនោះផង ។ មង្គលការ នេះ រៀបចំធ្វើឡើងចំនួន៨០តុ ដោយមានភ្ញៀវ ជាមន្ត្រីក្នុង សហព័ន្ធ កីឡា ជាមន្ត្រីថ្នាក់ក្រសួង ជាតំណាងក្រុមហ៊ុន ដែលធ្លាប់ ជ្រោមជ្រែង ស៊ន ដាវីន និងស៊ន សៀវម៉ី កាលពីពេល ថ្មីៗ និងមួយភាគធំ គឺជាវត្តមាន របស់កីឡាករ-កីឡាការិនី ។

ការរៀបចំមង្គល ការទាំងមូល នឹងត្រូវធ្វើឡើង នៅអគារម៉ូឌែន៥ ដែលស្ថិតនៅ តាមបណ្ដោយ ផ្លូវជាតិ លេខ៥ ក្នុង  ខណ្ឌ ឫស្សីកែវ ទាំងអស់ ដោយសារ តែផ្ទះផ្ទាល់ខ្លួន របស់អ្នកស្រី មានសភាពតូច មិនអាចចាត់ចែង ពិធីដ៏ធំ នោះ បាន។ អ្នក ស្រីគ្រោង យកទីធ្លាម៉ូឌែន៥ ធ្វើជាកន្លែង ប្រារព្ធពិធី ហែជំនូន កាត់សក់ បាចផ្កាស្លា និងរហូតដល់ ទទួល ភ្ញៀវពេលល្ងាច ដើម្បីឲ្យភ្ញៀវ កិត្តិយសដែលមាន បំណងចូលរួម ងាយស្រួល ចូលរួមអបអរ សាទរ ។ អ្វីៗដ្បិតតែ មើលទៅតក់ ក្រហល់ ខ្លាំង ប៉ុន្តែការរៀបចំ ទាំងមូល ហាក់មិនមាន សល់ច្រើននោះទេ មកទល់ថ្ងៃនេះ ។ យ៉ាងណាមិញ អ្នកស្រីក៏នៅ សម្ដែង ការព្រួយបារម្ភ ពីបញ្ហាមួយ ចំនួនផងដែរ ក្នុងពេលដែល ការចាត់ចែង ហាក់ មិនបានត្រៀម ខ្លួនឲ្យគ្រប់ ជ្រុងជ្រោយ បែប នេះ ។ អ្នកស្រីសួន ចន្ធី មានប្រសាសន៍ថា៖ «ចំពោះការអញ្ជើញភ្ញៀវ គឺជិតរួច ហើយអូន ប៉ុន្តែការចាត់ចែង មួយចំនួនគឺវា នៅខ្លះដែរ អញ្ចឹងហើយ ទើបខ្ញុំចេះតែភ័យ រឿងចាត់ចែង ពិធី មិនបានល្អ ព្រោះថ្ងៃ២០ វិច្ឆិកា ហ្នឹង វាកាន់តែ កៀកហើយ និយាយរួមស្អីៗ ក៏យើង ទទូចឲ្យលឿនៗដែរ ដើម្បីកុំ ឲ្យស្ទះ!» ។

តាមរយៈ ការប្រកាសនេះ មានន័យថា មង្គលការដ៏គួរឲ្យ ចាប់អារម្មណ៍រវាង កីឡាការិនីតេ ក្វាន់ដូល្បីឈ្មោះ នាង ស៊ន ដាវីន និងលោក វ៉ន វីវ៉ា ដែលជា កីឡាករប្រដាល់ ល្បីឈ្មោះដូចគ្នា នៅសល់តែមួយ អាទិត្យទៀតប៉ុណ្ណោះ ដោយមិនមែន អូសពេលដល់ ដើមឆ្នាំ២០១៥ដូចការ អះអាងរបស់ អ្នកស្រី សួន ចន្ធី កាលពីពេលភ្ជាប់ ពាក្យរួច ថ្មីៗ នោះទេ ។ មង្គលការនេះ មានការលើក ឡើងថា នឹងទទួលបានការចាប់ អារម្មណ៍ភាគច្រើន ពីសំណាក់ មហា ជន មិនចាញ់មង្គល ការតារា សិល្បៈនោះទេ ដោយសារតែ អ្នកទាំងពីរ គឺជាកីឡាករ-កីឡាការិនី ល្បីឈ្មោះ។ ម្យ៉ាង ស៊ន ដាវីន គឺជាបងស្រី បង្កើតរបស់ ស៊ន សៀវម៉ី ម្ចាស់មេដាយមាស ព្រឹត្តិការណ៍កីឡាអាស៊ី កាលពីពេលថ្មី នោះផង ទើបជាចលកររុញ ឲ្យអ្នកទាំងពីរកាន់តែ សំបូរអ្នកតាមដាន និងចង់ដឹងពី អាពាហ៍ពិពាហ៍របស់ពួកគេ ។ មង្គលការនេះក៏ មានការរំពឹងថានឹង មានវត្តមានរបស់ ក្រុមអ្នកកាសែត ទៅ ឃ្លាំមើលដើម្បី ចុះផ្សាយផងដែរ ៕

រូបភាពៈ វ៉ន វីវ៉ា និងស៊ន ដាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី