បរទេស៖ មានកោះជាច្រើន នៅជុំវិញពិភពលោក ដែលជា ទីដែលគួរចង់ឲ្យទស្សនា និង ដើរលេងកំសាន្ត ប៉ុន្តែ ក៏មានកោះខ្លះ ក៏ជាកោះដ៏ គ្រោះថ្នាក់ផងដែរ។ សម្រាប់អត្ថបទនេះ ខ្មែរឡូត នឹងនាំប្រិយមិត្ត មកស្គាល់  កោះចំនួន ៧ ដែលត្រូវបាន ចាត់ថាជា កោះដ៏ គ្រោះថ្នាក់ បំផុតជាងគេ ក្នុងពិភពលោក ដូចខាងក្រោមនេះ ៖

១. កោះ Bikini Atoll  មហាសមុទ្រប៉ាស៊ីភិច៖ ទោះបីកោះនេះ ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក និងមានអ្នកទេសចរ ទៅ ទស្សនា ក៏ប៉ុន្តែកោះ Bikini Atoll ស្ថិតក្នុងរដ្ឋ ឯករាជ្យ Marshall Islands គឺជាកន្លែង ដែលធ្លាប់បាន ធ្វើការពិសោធន៍ អាវុធប្រល័យលោក នុយក្លេអែរ រវាងឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥៨។ ក្រោយពីមាន ការប្រកាស នៅឆ្នាំ១៩៨៧ ដែលបាន បញ្ជាក់ថា កំរិតវិទ្យុសកម្ម នៅលើកោះ នេះ បានកាត់បន្ថយ ក៏មានមនុស្ស មករស់នៅលើកោះនេះ ម្តងទៀត ក៏កោះនេះ នៅតែមិនមាន សុវត្ថិភាព ដោយសារតែ សត្វក្តាម និង ជីវ ចម្រុះ លើ កោះនៅតែមាន ជាតិពុល ហើយទារកកើតនៅលើកោះនេះ គឺមិនមានរូបរាងគ្រប់គ្រាន់ ហើយផលដំណាំ ដែលដាំនៅលើកោះនេះ គឺមិនត្រូវបានណែនាំ ឲ្យយកមកពិសានោះទេ ។

២. កោះ Miyake-jima ,ប្រទេសជប៉ុន ៖ កោះនេះជា កោះតូចមួយ ប៉ុន្តែវាជាកោះ ភ្នំភ្លើងដ៏ខ្លាំងក្លា។ ការផ្ទុះភ្នំភ្លើង លើកចុងក្រោយនេះ បានកើត ឡើង រវាងឆ្នាំ ២០០០ ដល់ ២០០៤ ដែលធ្វើឲ្យ ប្រជាជនរស់ នៅលើកោះនេះ ធ្វើការ ភាសខ្លួន ចេញរហូតដល់ ឆ្នាំ២០០៥ ទើប ត្រលប់មក កាន់កោះនេះវិញ ។ ប៉ុន្តែ ចាប់តាំងពីមាន ការផ្ទុះភ្នំភ្លើងនោះ គឺបរិយាកាស នៅលើកោះនេះ ពោរពេញទៅដោយ ឧស្ម័នស្ពាន់ធ័រ ដែលប្រជាជនរស់ នៅលើកោះនេះ ត្រូវពាក់ម៉ាស អុកស៊ីសែន ស្ទើរគ្រប់ពេល។

៣. កោះ ilha de Queimada ,នៅប្រទេសប្រេស៊ីល៖ កោះនេះ ជាកោះពស់ ដែលមាន ទីតាំងក្នុងក្រុង សាប៉ូឡូ ប្រទេស ប្រេស៊ីល។ កោះនេះត្រូវ បានដឹងថា មានពស់សឹង គ្រប់ទីកន្លែងរស់នៅ ដែលមាន ប្រហែលជា ២០០០ ទៅ ៥០០០ ក្បាល ដែលភាគច្រើន ជា សត្វពស់ មានពិសខ្លាំង នៅលើពិភពលោក។ ពស់នៅលើកោះនេះ ភាគច្រើន វាយប្រហារ សត្វបក្សី ជាចំណី ហើយ កោះនេះ ក៏មិនអនុញ្ញាតឲ្យ អ្នកដំណើរ ដើរកំសាន្តលេង និង ក្រុមអ្នកបើកនាវា ចតនៅលើកោះនេះឡើយ ។

៤.កោះ Ramree ប្រទេសមីយ៉ាន់ម៉ា(ភូមា)៖ កោះនេះមាន ប្រវត្តិ ក្នុងកំណត់ត្រា ពិភពលោក ដែលមនុស្សត្រូវបាន វាយប្រហារដោយ សត្វ ស្លាប់ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ។ ហេតុការណ៍នេះ បានកើតឡើងកំឡុង សង្គ្រាមលោកលើកទី២ ដែលក្នុងសមរភូមិមួយ ទាហាន ជប៉ុន ត្រូវ ចាញ់ល្បិចកល ទ័ពសត្រូវ បានបង្ខំចិត្ត ចូលទឹកដី ក្រពើទឹកប្រៃ បណ្តាលឲ្យទាហានជាង ៤០០ នាក់បានក្លាយជា ចំនីក្រពើ ដែលនាំឲ្យ គេចាត់ទុកថា កោះនេះជាកោះគ្រោះថ្នាក់ជាងគេ។

៥. កោះ Sentinel ខាងជើង, មហាសមុទ្រឥណ្ឌា៖ កោះជាទីលំនៅនៃ ជនជាតិដើម ភាគតិច ដែលត្រូវបានហៅថា Sentinelese ជាក្រុម ដែលបដិសេធធ្វើ ការទាក់ទងនឹង មនុស្សខាងក្រៅ។ ជនជាតិត្រូវបានគេ ជឿជាក់ថា ក៏ជាក្រុមជនជាតិ ចុងក្រោយ ដែលសេសលស់ មិនកែប្រែ របៀបរស់នៅ សម័យថ្មី ហើយជនជាតិនេះគឺមិន ទទួលស្វាគមន៍ មនុស្ស ប្លែកមុខនោះទេ។ កាលពីឆ្នាំ២០០៦ អ្នកនេសាទ ពីរនាក់ ដែលទៅដល់ជិត កោះនេះ ត្រូវបាន សម្លាប់ដោយ ជនជាតិដើមនេះ។

៦. កោះថ្ម Enewetak ,មហាសមុទ្រប៉ាស៊ីភិច៖ កោះនេះ ស្ថិតនៅ ភាគខាងលិច កោះBikini ដែលជាកោះថ្ម មានការសាងសង់ សំណង់ ធំមួយជាទីកន្លែង សំរាប់ទុកនូវសំណល់ នៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ផងដែរ ។ អ្នករស់នៅលើកោះនេះ បានចាកចេញពេល  អាមេរិក មកគ្រប់គ្រង ហើយកោះនេះ ត្រូវបាន ធ្វើការសាកល្បង អាវុធនុយក្លេអ៊ែរ ៤៣ដង រវាងឆ្នាំ ១៩៤៨ និង ១៩៥៨ ។ ហើយកោះនេះ គឺគ្រោះថ្នាក់ ដោយសារតែ នៅមានកំរិត ជាតិវិទ្យុសកម្ម មិនទាន់អស់ ឥទ្ធិពលនៅឡើយ។

៧. កោះ Reunion , មហាសមុទ្រឥណ្ឌា៖ កោះ Reunion គឺជាកោះ មួយ ដែលសំបូរ ទៅដោយសត្វត្រីឆ្លាម ច្រើនបំផុតលើលោក។ កោះនេះគឺ មាន សត្វត្រីឆ្លាម វាយប្រហារមនុស្ស ១២ដង ច្រើនជាងគេ ត្រឹមរយៈពេល បីឆ្នាំចុងក្រោយនេះ។ ពេលថ្មីៗនេះ រដ្ឋាភិបាល បានដាក់បំរាម ដល់អ្នកហែលទឹក និង អ្នកកំសាន្តលើកោះឲ្យ ប្រុងប្រយ័ត្នជៀសវាង ការវាយប្រហារ របស់ត្រីឆ្លាមទៀតផង៕

តើប្រិយមិត្តយល់ថាដូចម្តេចដែរ ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]