ភ្នំពេញ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឲ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។ ប៉ុន្តែពិធីបុណ្យនេះ នៅក្នុងសម័យខ្លះ ត្រូវបានអាក់ខានប្រារព្ធ និងសម័យកាលខ្លះទៀត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមាន ពិសេសនៅក្នុងរបបនយោបាយ ដែលមានព្រះមហាក្សត្រគ្រងរាជ្យ។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិកជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះ រាជរដ្ឋាភិបាលសំរេចលុបចោលក៏មាន ដោយសារមានមូលហេតុ អ្វីមួយច្បាស់លាស់។ ឧទាហរណ៍. ឆ្នាំ២០១១ អាក់ខានដោយសារ ទឹកជំនន់ ឆ្នាំ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់ តែនៅតាមបណ្តាខេត្ត អាចប្រារព្ធបាន ទៅតាមលទ្ធភាព។

ប្រវត្ដិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
តាមឯកសារខ្លះ បានឲ្យដឹងថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែង ទុកក្នុង ឯកសារ ជាតិ និងអន្ដរជាតិ ឬ តាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីក ចម្រើន យ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបា ទជ័យវរ្ម័នទី៧ សតវត្សទី១២ និង សម័យលង្វែក ព.ស.២០៧១ / គ.ស.១៥២៨។

១. ប្រវត្តិពិធីប្រណាំងទូក

ក. ទស្សនៈយល់ឃើញកន្លងមក

ឯកសារមួយចំនួន បានសរសេរថា ពិធីប្រណាំងនេះ ជាប់ពាក់ព័ន្ធនឹង ប្រវត្តិសាស្រ្តខ្មែរដែល ព្រះបាទ ជ័យវរ្ម័ន ទី៧ ស្ដេចចេញ ធ្វើសង្គ្រាមជើងទឹក បង្ក្រាបជាតិបរទេសចាម ដោយកងទ័ពប្រើទូក ធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃ ខ្មាំងសត្រូវ គ.ស.១១៧៧ ដល់ ១១៨១។ រឿងចម្បាំងទាំងនេះ ត្រូវបានបុព្វ បុរសខ្មែរ ឆ្លាក់ទុកលើជញ្ជាំង ប្រាសាទបាយ័ន និងប្រាសាទ បន្ទាយឆ្មារ ដែលមានរូប ព្រះឆាយាលក្ខណ៍ (រូបឆ្លាក់) ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូ ដំបង ដែលមានកងទ័ព យ៉ាងច្រើនមហិមា។

ទូកចម្បាំងក្បាលគ្រុឌ និងម្ករ ចម្លាក់ប្រាសាទបាយ័ន (ម.ត ២០០០)


ចម្បាំងទូករវាងខ្មែរ និងចាម ចម្លាក់បន្ទាយឆ្មារ (ម.ត ២០១២)

រីឯនៅសម័យលង្វែក ព្រះអង្គច័ន្ទទី១ ទ្រង់តាំងពញាតាតងារ ជាស្និទ្ធភូបាលជាស្ដេចត្រាញ់នៅ កម្ពុជាក្រោម ស្រុក បាសាក់ឲ្យ រៀបចំកងទ័ពជើងទឹកចែកចេញជាបីក្រុម។ ក្រុមទី១ ជាទ័ពស្រួច ហាត់ច្បាំង ដោយ ទូកអុំ មានទំនងដូចទូក-ង ខ្មែរសព្វថ្ងៃនេះ។ ក្រុមទី២ ជាទ័ពជំនួយហាត់ច្បាំង ដោយទូក ចែវពីរជួរ មានទំនងដូចទូកចែវ ប្រណាំងសព្វថ្ងៃ និងក្រុមទី៣ ទ័ពបាសាក់ ជាទូកធំមាន ដំបូលមួយកាត់ មានក្ដោងដូចទូកប៉ុកចាយ តែរាងស្ដួចវែង សម្រាប់ផ្ទុកស្បៀងកងទ័ព។ ការហាត់ចម្បាំង១.គេបានកំណត់ នៅថ្ងៃពេញបូណ៌មី ខែអស្សុជ រដូវចេញវស្សា ត្រូវអ្នកព្រឹទ្ធាចារ្យ និងនាម៉ឺន ព្រះពញាគ្រប់ខេត្តទាំងអស់ មកជួបជុំគ្នា នៅមន្ទីរស្និទ្ធភូបាល  ហើយអ្នកទាំងអស់នោះ ទៅកាន់ទីអារាម ដើម្បីធ្វើទានសីលតាមច្បាប់ ព្រះពុទ្ធសាសនា។ ២.កំណត់ថ្ងៃ ពេញបូណ៌មី ខែកត្តិក រដូវអកអំបុក មន្រ្តីទាំងបួនទិស កេណ្ឌទាហានជើងគោក ជើងទឹក ប្រជុំគ្នានៅ មុខបន្ទាយ ស្តេចត្រាញ់ ប្រឡងប្ញទ្ធិគ្នា មួយថ្ងៃមួយយប់។ ចំណែកទាហាន ជើងទឹក ឲ្យល្បងប្ញទ្ធិនៅទន្លេ ពាមកន្ថោរ ក្នុងខេត្តឃ្លាំងត្បិតទីនោះ ជាទីប្រជុំទឹកគ្រប់ខេត្ត និងទៅមកបានស្រួល។ តាមលក្ខន្តិកៈ សញ្ញានោះ ត្រូវមួយឆ្នាំ ប្រជុំពីរលើក រាល់តែឆ្នាំតទៅ។ ប្រការ ដែលលោក ស្និទ្ធភូបាល តាត ជាស្តេចត្រាញ់ នៅស្រុកបាសាក់ បានចាត់ការ ថែរក្សា ស្រុកភូមិទាំងនេះ ធ្វើតាមច្បាប់ក្បួន របស់លោក ក្រឡាពាស នាម មោះ ធ្វើជាស្តេចត្រាញ់ ក្នុងដែនបាសាក់ កាលរាជព្រះមហាក្សត្រ ព្រះនាម ព្រះបាទ បទុមសុរិយវង្ស មានប្ញទ្ធិចេស្តា ខ្លាំងណាស់។ ការធ្វើបែបនេះ ស្រុកមានសេចក្តីក្សេមក្សាន្ត ពុំដែលមានចោរ ឬសឹកសត្រូវអ្វីមួយ ក្នុងប្រទេសម្តងសោះ ឯការហាត់ ច្បាំងសឹកសង្រ្គាម ដោយក្បួនទូកនោះ លុះយូរៗទៅ ក៏ជាប់ជា ទំនៀមប្រណាំង ទូកទៅវិញ។

ខ. របកគំហើញថ្មី នៃពិធីបុណ្យអុំទូកខ្មែរ

ជាទូទៅ នៅកម្ពុជាបច្ចុប្បន្ន ក្នុងព្រះរាជពិធីប្រចាំឆ្នាំ ទ្វាទសមាស (ឬបុណ្យដប់ពីរខែ) សម្រាប់ព្រះរាជា ប្រារព្ធ នៅក្នុង ព្រះបរមរាជវាំង គឺសុទ្ធសឹងទាក់ទង ទៅនឹងសាសនា ហើយមានលំនាំយក តាមលទ្ធិ ជំនឿ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ថែមទាំងបាន គួបផ្សំទៅនឹងជំនឿ លើជីវចលនិយម ដែលមានអាយុកាល រាប់ពាន់ឆ្នាំមុន ឥណ្ឌារូបនីយកម្មទៅទៀត ។

បណ្ឌិត មីសែល ត្រាណេអ្នកជំនាញ ខាងបុរាណវិទ្យា និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានឲ្យដឹងថា បុណ្យ ប្រពៃណី ជាតិខ្មែរ ភាគច្រើន មានលក្ខណៈសំយោគ (ការដាក់បញ្ចូលគ្នា) ហើយបាន ប្រារព្ធ តាំងពី សម័យបុរាណ(បុរេប្រវត្តិ) រហូតដល់សព្វថ្ងៃ។ ក្នុងព្រះរាជពិធីទាំងនោះ គេឃើញមាន ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រម គ្នាជាមួយនឹង ពិធីសំពះ ព្រះខែ និងអកអុំបុក ដែលជា មរតកវប្បធម៌ ដូនតាខ្មែរសុទ្ធសាធ។ ប៉ុន្តែថ្វីត្បិតមាន ការផ្សារភ្ជាប់ទៅនឹង ព្រះពុទ្ធសាសនាក្តីក៏ យើងត្រូវសង្កត់ ធ្ងន់ទៅលើអត្ថន័យ ស៊ីជម្រៅនៃប្រភពដើម ដែលជាកក្តាគន្លឹះ សម្រាប់ស្វែង យល់អំពីប្រភព និងតួនាទីរបស់ពិធីបុណ្យ ដ៏សំខាន់មួយនេះ។

លោកបណ្ឌិតបានពន្យល់ថា ជាច្រើនពាន់ឆ្នាំមុន ការផ្សព្វផ្សាយនូវវប្បធម៌ឥណ្ឌា ដោយស្ថិតនៅតំបន់ មានខ្យល់ រដូវ និងអាកាសធាតុ ក្តៅហើយ សើមផងនោះប្រជាជនខ្មែរ ដែលមានលំនៅស្ថាន នៅតាម បណ្តោយ នៃដងទន្លេមេគង្គ ទន្លេសាបនិងបឹងបួរទាំងឡាយ តែងតែទាញយក ផលប្រយោជន៍ ពីទឹកនេះ ពីព្រោះដូន តាខ្មែរ ចិញ្ចឹមជីវិត ដោយសារការធ្វើស្រែចម្ការ និងនេសាទត្រី។ ដូច្នេះ ទឹកជំនន់ប្រចាំ រដូវនេះហើយ ដែលនាំមក នូវដីល្បាប់ ដ៏មានជីវជាតិ ជាអត្ថិភាពចម្បង សម្រាប់វិស័យកសិកម្ម ដែលជាប្រភព នៃសុភមង្គល និងវឌ្ឍនភាពដ៏ផូរផង់ ប្រសើថ្លៃថ្លា បំផុតជាអំណោយ ផលពីធម្មជាតិ។ លើសពីនេះទៀត បុណ្យនេះ ក៏ជាឱកាសមួយ ដ៏សម ស្របសម្រាប់ មិនគ្រាន់តែពង្រឹង និងពង្រីកចំណងមេត្រីភាពសាមគ្គីភាព ប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹង ការបន្តពូជពង្ស វង្សត្រកូល របស់សង្គមមនុស្ស តាមរយៈការ អុំទូក ប្រណាំង ប្រជែងគ្នា ការស៊ីផឹករាំរែក ចែចង់ ឬក៏រួមរក្ស (ថែរក្សា) គ្នាផងដែរ។

លោកបណ្ឌិតមីសែល ត្រាណេយល់ថា បុព្វការីជនខ្មែរ បានគោរពបូជា ទឹកតាំងពីបុរាណ កាល ដែលខ្មែរ ចាត់ទុក ថាជាប្រភពនៃជីវិត។ ហេតុនេះហើយបានជាសកម្មភាព របស់ពួកគាត់ទោះតាម ផ្លូវកាយ ចិត្តក្តី ផ្លូវបញ្ញាក្តី សុទ្ធតែដើម្បីបុព្វ ហេតុនេះហើយ ករណី នៃពិធីបុណ្យ អុំទូកខាងលើ ដែលបានក្លាយ ទៅជាបុណ្យ ប្រពៃណីជាតិ គឺជាសក្ខីភាពមួយ។ លើសពីនេះទៀត ខ្មែរបុរាណ យើងជឿថា ការប្រារព្ធពិធីបុណ្យ អុំទូកនេះ ពិតជា នាំមកនូវភោគផល ល្អនិងអ្វីៗ ដែលខ្លួនប៉ងប្រាថ្នា ក៏បានសម្រេច។ 

ក្រៅពីអំណេះអំណាងខាងលើ លោកបណ្ឌិត មីសែល ត្រាណេ មានភស្តុតាងមួយទៀតគឺ ថាសស្គរមហោរ ធឹកសំរឹទ្ធិ ដែល បញ្ជាក់ថា នោះជាការបូជាទឹក ដ៏ឧត្ដមពាក់ព័ន្ធទៅនឹង ប្រវត្តិដើមនៃពិធី បុណ្យអុំទូកខ្មែរ។


យោងតាមការសិក្សាស្រាវជ្រាវ ខាងបុរាណវិទ្យាចម្លាក់ នៃថាសស្គរមហោធឹកសំរឹទ្ធិចុងសម័យ លោហធាតុ រវាង ៣០០ ទៅ ១០០ឆ្នាំមុនគ្រិស្តសករាជ ដែលគេបានរកឃើញ នៅខេត្តស្ទឹងត្រែង ក៏ដូចនៅ ក្នុងស្ថានីយ បុរេប្រវត្តិដទៃទៀត ក្នុងឧបទ្វីបឥណ្ឌូចិន នៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយថ្មីនេះ នៅខេត្តព្រៃវែង និងបន្ទាយមានជ័យ អាចឲ្យយើងដឹងថាការ ប្រណាំងទូក ត្រូវបានប្រារព្ធឡើង តាំងតែពី សម័យ បុរេប្រវត្តិសាស្ត្រម្ល៉េះ។

លោកបណ្ឌិត មីសែល ត្រាណេ បានពន្យល់ថា បើប្រៀបធៀបចំណុះទូកសម័យមុន និងឥឡូវ ឃើញថា ជាដំបូងចូរ យើងផ្ដោតអារម្មណ៍ ទៅលើរូបរាងទំហំ និងចំនួនមនុស្សអុំនៅលើទូក ដែលត្រូវ បានឆ្លាក់ នៅលើស្គរសំរឹទ្ធិមហោធឹក ទាំងនោះ ហើយពិនិត្យមើល នូវលក្ខណៈ នៃទូកទាំងឡាយ ដែលខ្មែរយើងកំពុង ប្រើប្រាស់ក្នុង ពិធីបុណ្យអុំទូក សព្វថ្ងៃឬក៏ទូកចម្បាំង ដែលបានឆ្លាក់នៅ ជញ្ជាំងប្រាសាទ បុរាណខ្មែរយើង យើងនឹងអាច កត់សម្គាល់ ឃើញថា ជាង ២.៣០២ ឆ្នាំមុន ឆ្នាំ២០១៤ នេះ ទោះបីជា ជនជាតិខ្មែរ បានទទួលនូវការ ជឿនលឿន ខាងសម្ភារៈ ក៏ប៉ុន្តែទម្រង់ នៃទូកងនៅពុំទាន់ ផ្លាស់ប្ដូរកែប្រែ នៅឡើយ។ ឯកភាពខាងទម្រង់ បច្ចេកទេស សាងសង់ និងចីរភាពខាងប្រពៃណី ប្រើទូកប្រណាំងមានសារៈ សំខាន់ណាស់ សម្រាប់ខ្មែរយើង ពីព្រោះលក្ខណៈសម្បត្តិ នៃប្រភេទទូក បែបនេះហើយ ដែលសមស្របតាម កំណើតជាតិខ្មែរយើង យ៉ាងប្រាកដ។

គួរបញ្ជាក់ថា នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ មានតែជនជាតិខ្មែរ តែមួយប៉ុណ្ណោះ ដែល អាចស្គាល់ និងផលិត ទូកងបែបនេះ ហើយកំពុង ពេញនិយម។ បើនិយាយម្យ៉ាងទៀត យើងពុំទាន់ ឃើញ ជាតិ សាសន៍ដទៃ ណាមានសមត្ថភាព ឬសតិញ្ញាណ ដើម្បីធ្វើទូកដូច្នេះ បានឡើយ។ ប៉ុន្តែបើមានគឺ ជនជាតិថៃ និងលាវ (ឡាវ) ដែលប្រើប្រាស់ប្រភេទទូកនេះ ដែលតាម ពិតទៅគឺ ជាមរតកខ្មែរ ដែលពួកគេ បានខ្ចី ពីម្ចាស់ទឹកដី គឺជនជាតិខ្មែរយើង ក្រោយពី សម័យមហានគរ (ចក្រភពអង្គរ) បន្តិចមក។

ម្យ៉ាងវិញទៀត ជនជាតិចំណូលថ្មី ទាំងនោះ ទោះបីបានផ្ដើមប្រើទូកបែបនេះ យកតាមលំនាំខ្មែរ សម្រាប់ ប្រណាំង ក៏ដោយ តែការប្រណាំង ទូករបស់ពួកគេ មិនដែលមានលក្ខណៈ ជាប្រពៃណី ប្រចាំជាតិ ដូចនៅព្រះរាជា ណាចក្រកម្ពុជា នោះទេ។ នេះបញ្ជាក់ឲ្យឃើញនូវ តួនាទីសង្គមនិង វប្បធម៌ យ៉ាងសំខាន់ របស់បុណ្យ អុំទូកខ្មែរ ដែលជាទំនៀមទម្លាប់ ប្របៃណីជាតិ ដ៏យូរលង់ ណាស់មកហើយ ហើយមិនមែន ជាកម្ចីវប្បធម៌ របស់បរទេសឡើយ។ ចំណុចមួយទៀត ដែលយើង ត្រូវកត់សម្គាល់ នៅទីនេះ គឺក្នុងទស្សនវិជ្ជាបុរាណខ្មែរ យើងឃើញមាន ប្រព័ន្ធ មនសិការ វាងព្រះទឹកជា ពាក្យខ្មែរ និងអាទិទេពគង្គា ជាភាសាសំស្ត្រឹត ដែលមានន័យដូចគ្នា គឺធាតុទឹក ត្រូវបានដំឡើង ឋានៈស្មើនឹងព្រះអាទិទេព របស់ឥណ្ឌាគឺ ព្រះនាងគង្គា ដែលបានប្រសូត ចេញពីទឹក នៃភួងសក់ព្រះឥសូរ ដ៏មាន មហិទ្ធិឫទ្ធិ ក្នុងលទ្ធិព្រហ្មញ្ញសាសនា។

លោកបណ្ឌិតបានឲ្យដឹងទៀតថា គុណសម្បត្តិ ពិសេសនៃស្គរមហោធឹកសំរឹទ្ធិ នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមាន ក្នុងទឹកដី ខ្មែរបច្ចុប្បន្ន ក៏ដូចនៅតំបន់ផ្សេងៗ នៃអតីតចក្រភពកម្ពុជ ទេស មានលក្ខណៈ ធំធេងណាស់។ វត្តមានរបស់ចម្លាក់ តំណាងឲ្យការ ប្រណាំងទូកង និងឧបករណ៍ភ្លេងទាំងនោះ គឺគេទូង សម្រាប់ហៅទឹកភ្លៀង។ នោះជាអ្វីមួយ ដែលអ្នកប្រាជ្ញ បរទេសចាត់ទុក ថាជាពិធីបុណ្យ សាសនា ក៏មែនពិត ក៏ប៉ុន្តែវាជាភស្តុតាង ជាប្រយោលនៃ ការប្រើប្រាស់ ទូកប្រណាំង យ៉ាងពិតប្រាកដ។ នេះជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅនឹង ប្រភពឬ ដើមកំណើត នៃការអុំទូកខ្មែរ បច្ចុប្បន្ន ដែលខ្មែរមិន គប្បីមើលរំលងឡើយ។

គ.អត្ថន័យពិធីបុណ្យអុំទូកខ្មែរ

រួមសេចក្ដីមក ស្ថិតក្រោមឥទ្ធិពលនៃធម្មជាតិ ជាពិសេសរបបខ្យល់រដូវ ដូនតាខ្មែរបានបង្កើត និងប្រារព្ធប្រពៃ ណីនេះឡើង ចង់បង្ហាញ នូវគោលគំនិតសំខាន់ៗ ដូចជា៖

- ដើម្បីសំដែងមនោសញ្ចេតនា ដឹងគុណចំពោះ ទន្លេមេគង្គនិងទន្លេសាប ដែលបាននាំដីល្បាប់មាន ជីវជាតិ យ៉ាងសំខាន់ បង្កបាននូវធនធាន សម្បូណ៌បែប។
- ការសម្ដែងនូវ ភាពរីករាយអបអរសាទរ ចំពោះភោគផលដំណាំកសិកម្ម ដែលធម្មជាតិបានផ្គត់ផ្គង់។
-ការតបស្នងសងគុណវត្ថុស័ក្តិសិទ្ធិ ក្នុងលោកជារួមមាន ព្រលឹងធម្មជាតិ និងដូនតា មានឋានៈស្មើ ទៅនឹង ព្រះអាទិទេព ដែលបានជួយ ជ្រោមជ្រែង ក្នុងការធ្វើឲ្យមានកំណើន ភោគផលជា វិជ្ជមាន។ 
- ដើម្បីបង្កើតមេត្រីភាព ភាតរភាពសាមគ្គីភាព រវាងបុគ្គល និងបុគ្គលក៏ដូចពង្រឹង ពង្រីក ឡើងវិញ នូវចំណងមិត្តភាព។

២. ពិធីបណ្តែតប្រទីប

ពិធីបណ្ដែតប្រទីប ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី១៤-១៥កើត និង ១រោច ខែកក្ដិក ភ្ជាប់នឹង ពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលថ្ងៃ គឺមានកំណើតដំណាលគ្នា នឹងពិធី អុំទូកដែល រីកចម្រើន នៅក្នុងសង្គមខ្មែរ តាំងពីយូរយារ ណាស់មកហើយ នោះដែរ។

ក. ប្រវត្តិពិធីបណ្តែតប្រទីប

ពិធីបណ្ដែតប្រទីប មានប្រវត្តិយ៉ាងជិតស្និទ្ធនឹង ព្រះពុទ្ធសាសនាហើយក៏មាន ជាប់ឥទ្ធិពលព្រាហ្មញ្ញសាសនា ដែលប្រតិបត្តិវិធីអគ្គិហោត្រ ឬហោមពិធី ដោយការអុជទៀនធូប ប្រទីបជ្វាលា ដើម្បីបូជាដល់ អាទិទេព។ ចំណែកពាក់ព័ន្ធនឹង ព្រះពុទ្ធសាសនាវិញ តាមគម្ពីរទាសវង្ស (ភាសាបាលី) មានចែងថាព្រះចង្កូមកែវ (ព្រះទន្ត គឺធ្មេញ) ស្រួចទាំងបួននៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាន (ការតាំង,តម្កល់) នៅទីទាំងបួនគឺ៖ នៅត្រៃត្រឹងសួគ៌(១), នៅពិភពនាគ(១), នៅស្រុកគន្ធារ(១) និងនៅទន្តបុរៈកលិង្គរដ្ឋ(១)។ ចំណែកស្នាមព្រះបាទ ព្រះសម្មាសម្ពុទ្ធប្រតិស្ឋាន នៅទីទាំង៥គឺ៖ ១.នៅសុវណ្ណមាលិកបពត៌ ២.នៅសុវណ្ណបពត៌ ៣.នៅសុមនកូដបពត៌ ៤. នៅយោនកបុរី និង ៥. នៅស្ទឹងនម្មទា។

ខ. អត្ថន័យនិងខ្លឹមសារពិធីបណ្ដែតប្រទីប

-ពិធីបណ្ដែតប្រទីប ជាពិធីបុណ្យទាក់ទងទៅនឹង សាសនាជា បុណ្យប្រពៃណី របស់ខ្មែរបញ្ជាក់នូវ ទឹកចិត្តមនោសញ្ចេតនា ស្នេហា និងគោរពដឹងគុណដល់សម្មាសម្ពុទ្ធ គឺព្រះចង្កូមកែវប្រតិស្ថាន នៅពិភព នាគ ព្រមទាំងស្នាមព្រះបាទ របស់ព្រះអង្គប្រតិស្ថាន នៅស្ទឹងនម្មទា និងកន្លែងដទៃទៀត។
-ដឹងគុណដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់នូវជីវភាព រស់នៅរបស់ប្រជាជាតិកម្ពុជា យ៉ាងរុងរឿង ប្រកប ដោយសុខុមាលភាព។
-ដើម្បីសម្ដែងមនោសញ្ចេតនា ដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាបដែលផ្ដល់ ជីវជាតិ យ៉ាង សំខាន់សម្រាប់ បម្រើ វិស័យកសិកម្ម។

៣.ពិធីសំពះព្រះខែ និង អកអំបុក

បុណ្យប្រពៃណី សំពះព្រះខែ និងអកអំបុក ដែលប្រារព្ធនៅក្នុងសង្គមខ្មែរ មានប្រវត្តិជាប់ទាក់ទង យ៉ាងជិត ស្និទ្ធទៅនឹង ប្រវត្តិ របស់ព្រះពុទ្ធ។ តាមការសន្និដ្ឋាន ពិធីនេះប្រហែលជាប្រារព្ធ និងរីកចម្រើន ដំណាលគ្នានឹង បុណ្យអុំទូក និងបណ្ដែតប្រទីបដែរ។

ក. ប្រវត្តិពិធីសំពះព្រះខែ និងអកអំបុក ទាក់ទងនឹងព្រះពុទ្ធ

តាមគម្ពីរ បរមត្ថទីបនី អដ្ឋកថា ចរិយាបិដក(ភាសាបាលី) ចែងថាក្នុងដើមភទ្ទកប្បនេះ ព្រះបរម ពោធិសត្វ នៃយើង ទ្រង់យោន យកកំណើត ជាទន្សាយពោធិសត្វ។ វេលាខែពេញបរមី មួយ ទន្សាយពោធិ សត្វបានអធិដ្ឋាន ឧបោសថសីល ហើយឧទ្ទិសមំសៈ (សាច់)ជាទានបរមត្ថបារមីដើម្បី  បំពេញសម្មាស ម្ពោធិញាណ ឲ្យបានត្រាស់ ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ដឹងពី ហេតុការណ៍ នោះទ្រង់ កាឡាខ្លួនជាព្រាហ្មណ៍ ចាស់ម្នាក់ មកសុំមំសៈ របស់ទន្សាយ ពោធិសត្វធ្វើជាអាហារ។ ទន្សាយពោធិសត្វ បានឲ្យ ព្រាហ្មណ៍នោះ បង្កាត់ភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅ។ ទន្សាយពោធិសត្វ ក៏រលាស់ខ្លួនឡើង បីដង ដើម្បីឲ្យសត្វល្អិត ដែលជាប់និង រោមជ្រុះចេញ រួចក៏លោតចូលក្នុង ភ្លើងភ្លាមភ្លើងនោះប្រែជាពុំឆេះសន្ធោរ សន្ធៅដូចមុនឡើយ។ ឃើញដូច្នេះ ព្រះឥន្ទ្រព្រាហ្មណ៍ក៏ស្ទុះ ទៅពរយក ទន្សាយពោធិសត្វ ឡើងទៅដល់ មណ្ឌលព្រះច័ន្ទ ហើយទ្រង់ក៏យកម្នាងសិលា គូររូបទន្សាយពោធិសត្វ ហើយឥន្ទ្រព្រាហ្មណ៍ អធិដ្ឋានថាសូមឲ្យ រូបទន្សាយ ពោធិសត្វដែល យើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ ទីបំផុតកប្ប។

ដោយអនុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផងនិងសេចក្ដី អធិដ្ឋានរបស់ឥន្ទ្រព្រាហ្មណ៍ផង រូបទន្សាយ ក៏ឃើញ ប្រាកដ ក្នុងមណ្ឌលព្រះច័ន្ទ ជាដរាប រហូតដល់សព្វថ្ងៃនេះ។  

រឿងនិទានបែបព្រះពុទ្ធសាសនា ទាក់ទងនឹងសត្វទន្សាយពោធិសាត់នេះ ក្លាយជាជំនឿមុត មាំមួយ ចំពោះ ជនជាតិខ្មែរ រួចមកក៏បាន រៀបចំឲ្យមាន ពិធីបុណ្យសំពះព្រះខែ ដោយរីកចម្រើន នៅក្នុងសង្គម ខ្មែរពីព្រោះ ឥទ្ធិពលនៃព្រះពុទ្ធសាសនា បាន ចាក់ឫសយ៉ាងជ្រៅ ទៅក្នុងព្រលឹង របស់ប្រជាជាតិខ្មែរ ទាំងមូល ដែលតែងតែ គោរពបូជា ដល់ព្រះសម្មាសម្ពុទ្ធ ជាអម្ចាស់ ពិសេស គឺព្រះពោធិសត្វ ដែលយោនយកកំណើត ជាទន្សាយបាន ផ្ដិតរូបព្រះឆាយ យាលក្ខណ៍ របស់ព្រះអង្គ នឹងលោកខែ(ព្រះច័ន្ទ) ដើម្បីបានបំភ្លឺសត្វលោក តរៀងទៅ។

ខ. ពិធីសំពះព្រះខែ និង អកអំបុក

ដោយមានជំនឿតាមរយៈរឿងនេះហើយ បានជានៅវេលារាត្រី ពេញបូរមីថ្ងៃ១៥កើតខែកក្តិក រៀងរាល់ឆ្នាំខ្មែរ យើង យកនំចំណី មានអំបុកចេក ជាដើមមកបូជាព្រះច័ន្ទ ហៅថាពិធីបុណ្យសំពះ ព្រះខែ អកអំបុក នេះឯង។ នៅក្នុងពិធីសំពះព្រះខែនេះ គឺមានសម្រក់ទៀន លើស្លឹកចេកស្រស់ ដើម្បីផ្សងមើល ទឹកភ្លៀងក្នុងឆ្នាំ បន្ទាប់នៃឆ្នាំនេះ។ បន្ទាប់ពីសម្រក់ទៀនមក គេនាំគ្នាអកអំបុក ដែលធ្វើក្នុងវេលាយប់ នៃខែកត្តិកនោះ។ ពេលសំពះព្រះខែ និងអកអំបុកនេះដែរ ពួកខ្មែរអ្នកស្រុក តែងតែ សូមសុខសួស្ដី តាមប្រពៃណី បុរាណព្រេងព្រឹទ្ធ។

គ. អត្ថន័យនិងខ្លឹមសារ ពិធីបុណ្យសំពះព្រះខែ និង អកអំបុក

- ធ្វើសក្ការៈបូជាចំពោះទន្សាយ ព្រះពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៍ របស់ព្រះអង្គផ្ដិត ជាប់នឹង ព្រះខែ ដើម្បីបំភ្លឺ សត្វលោករៀងមក។
-ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វ នូវផល្លានុផល ដែលជាចំណីរបស់ព្រះអង្គ ក្នុងវេលាយប់ ពេញបូរមី នៃខែកក្ដិកជា ពេលព្រះខែ លេចរូបរាងច្បាស់។ហេតុនេះគេ ក៏ថ្វាយត្រាវ ដំឡូង ដូង ចេកអំបុក៘ជាចំណី ទន្សាយពោធិសត្វ។
-ដើម្បីអបអរសាទរ នូវទិន្នផលដែល បានមកពីការបង្កបង្កើនផល របស់ប្រជាជាតិកម្ពុជា។ ប្រជាជនបាន ខិតខំធ្វើពលកម្ម យ៉ាងខ្លាំង តាំងពី រដូវភ្លៀងធ្លាក់កន្លងមក។ ជាសញ្ញាប្រាប់ថា រដូវស្រូវទុំព្រមទាំង ផល្លានុផលទាំងឡាយ បានមកដល់ហើយ។
- ការជ្រើសរើសយកថ្ងៃទី១៥កើត ដើម្បីប្រារព្ធពិធីបុណ្យសំពះព្រះខែ និងអកអំបុក នៅម៉ោង១២យប់ នោះ ពីព្រោះ យប់ថ្ងៃនេះ គឺព្រះច័ន្ទមានមណ្ឌលមូលពេញលេញ ភ្លឺជាងថ្ងៃណាៗទាំងអស់ និងលោកខែ នៅជិតភពផែនដី ដែលមនុស្ស សត្វរស់នៅ ដែលងាយស្រួល ក្នុងការនិយាយទាក់ទងគ្នា មើលឃើញគ្នា និងស្តាប់គ្នាបាន។

សរុបសេចក្ដីមកយើងមិនត្រូវ មានការភាន់ច្រឡំរវាង ការប្រណាំងទូក ក្នុងសមយុទ្ធនាសម័យអង្គរ ដែលប្រើប្រាស់ ទូកចម្បាំង ក្នុងសង្គ្រាមខ្មែរ-ចាមក្ នុងរជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៧ និងសមយុទ្ធ ទ័ពជើងទឹក ក្រោយសម័យអង្គរ ក៏ដូចពិធីអុំ ទូកបែបប្រពៃណី សាសនានោះទេ។ ជារួមការលើកយក ទូកចម្បាំងតែម្យ៉ាង មកនិយាយ ដោយមិនបានផ្គុំ នឹងឯកសារផ្សេងៗ ខាងបុរាណវិទ្យា មិនអាចធ្វើឲ្យយើង យល់នូវអត្ថន័យ ការពិតបានឡើយ៕

ឯកសារយោង ៖
- ឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
- ប្រពៃណីប្រណាំងទូក ង នៅស្រុកបាសាក់ ខេត្តឃ្លាំង កម្ពុជាក្រោម
- ឯកសាររបស់ លោកបណ្ឌិត មីសែល ត្រាណេ
- វចនានុក្រមសម្តេចសង្ឃ ជួន ណាត
- ឯកសារមួយចំនួនទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]