ភ្នំពេញៈ តារាសម្តែងបុរសសង្ហា ពូកែនិយាយ កំប្លុកកំប្លែង ជាប់ងារជា នាយឡប់ លោក ប៉ែន ចំរ៉ុង ថ្មីៗនេះ បានរំលេចសារ អំពាវនាវមួយ ទៅដល់ ទស្សនិកជន និងប្រជាពលរដ្ឋខ្មែរ ដោយលោកបានស្នើ ឲ្យជួយគាំទ្រភាពយន្ត និង លើកទឹកចិត្ត ដល់សិល្បករ-សិល្បការិនីខ្មែរ ឲ្យកាន់តែច្រើន បន្ថែមទៀត ដើម្បីឲ្យវិស័យសិល្បៈ របស់យើង រីកចម្រើនទៅមុខ ក្នុងទីផ្សារពោរពេញ ដោយការប្រកួត ប្រជែងនេះ។

ការថ្លែងបែបនេះ របស់តារាសម្តែង បុរសរូបសង្ហា លោក ប៉ែន ចំរ៉ុង បានធ្វើឡើង ក្រោយពេលដែល តារាសម្តែង និងជាអ្នកដឹកនាំ រឿងជាច្រើន បានបង្ហាញពីការប្រឆាំង ដោយមិនពេញចិត្ត ចំពោះការវិល មកចាក់បញ្ចាំងភាពយន្ត ភាគថៃឡើងវិញ នៅលើកញ្ចក់ ទូរទស្សន៍ក្នុងស្រុក ដោយពួកគេសម្ដែង ការព្រួយបារម្ភថា ភាពយន្តខ្មែរនឹង អាចធ្លាក់ដុនដាប ដូចកាលពីពេលមុន ។ ជាមួយគ្នានោះ ពិធីកររូបនេះ ក៏បានប្រាប់ឲ្យដឹង ពីអារម្មណ៍ របស់លោកថា "សម្រាប់ខ្ញុំ ក៏មិនសូវសប្បាយចិត្ត ដែរ ក្នុងការងាក មកផ្តើម ចាក់បញ្ចាំង ភាពយន្តថៃឡើងវិញ ព្រោះថាពេលនេះ វិស័យភាពយន្ត របស់យើង កំពុងតែចាប់ ផ្តើមមានទីផ្សារ និងភាព រីកចម្រើន តែបែរជាងាក មកបញ្ចាំង ភាពយន្តបរទេស (ថៃ) ឡើងវិញ វាពិតជាធ្វើឲ្យ ប៉ះពាល់សម្រាប់យើង "។

លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យ ដឹងបន្តទៀតថា ការនិយាយបែបនេះ របស់លោក គឺមិនមែនមានន័យថា បដិសេធដាច់អហង្ការ ក្នុងការចាក់បញ្ចាំងទេ ។ "ប៉ុន្តែ អ្វីដែលខ្ញុំចង់ អំពាវនាវនោះ គឺស្នើឲ្យការចាក់បញ្ចាំង មានកម្រិត និងកំណត់ទៅតាម ពេលវេលា ក្រៅពីម៉ោងពិសេស ហើយម្យ៉ាងទៀត ការគាំទ្រពី ពុកម៉ែបងប្អូន ក៏សំខាន់ដែរ ប្រសិនបើទស្សនិកជន ជួយគាំទ្រ អ្នកដឹកនាំក៏ មានទឹកចិត្ត តួសម្តែងក៏មាន ទឹកចិត្តសម្តែង បន្តទៀត។ ដូច្នេះវិស័យសិល្បៈយើង ក៏រីកចម្រើនទៅ តាមហ្នឹងដូចគ្នា"។

តារាប្រុស ដែលឆក់បាន តំណែងតួឯក បន្តកន្ទុយគ្នា ស្ទើរតែរកពេល សម្រាកគ្មាន រូបនេះ បានប្រាប់ បន្ថែមទៀតថា លោកសុំសំណូមពរ ដល់ទស្សនិកជន បន្តគាំទ្រ ភាពយន្តរបស់យើង ពិសេសវិស័យ សិល្បៈទី៧ ឲ្យបានច្រើន ។ ទន្ទឹមមានការ គាំទ្រច្រើន ផលិតករក៏ មានទឹកចិត្ត ហើយផលិតទៅទទួលបាន ការគាំទ្រ ខាងផ្នែកសេដ្ឋកិច្ច ដំណើរការបានល្អ ពួកគាត់ក៏មានទឹកចិត្ត ធ្វើបន្ត។ ដូច្នេះកំលាំងចិត្ត គឺសំខាន់ណាស់ ហើយផ្ទុយទៅវិញ បើប្រជាពលរដ្ឋខ្មែរ ងាកទៅគាំទ្រសិល្បៈគេ តើសិល្បៈរបស់យើង និងទៅជាយ៉ាងណា? ពោលគឺប្រាកដ ជាមានភាព ដុនដាបទៅៗ ជាមិនខាន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង