បាល់ទាត់៖ នាយប់នេះ ក្នុងពូល B នៃក្របខ័ណ្ឌកំពូល របស់ទ្វីបអឺរ៉ុប Champions League មានការប្រកួតពិសេសមួយគូ គឺរវាង ក្រុមគ្រងតំណែង Premier League ១៨ សម័យកាល ហង្សក្រហម Liverpool របស់ប្រទេសអង់គ្លេស ត្រូវបើកទ្វារកីឡាដ្ឋាន Anfield ស្វាគមន៍ ក្រុមភ្ញៀវដែលជា ម្ចាស់ពានរង្វាន់អឺរ៉ុប Champions League ១០ សម័យកាល Real Madrid របស់ប្រទេសអេស្ប៉ាញ។

៥ ប្រកួតចុងក្រោយរបស់ Liverpool គឺឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ប្រកួតចុងក្រោយ បានបំបាក់ក្រុមម្ចាស់ផ្ទះ QPR ដោយលទ្ធផល ២ទល់នឹង៣ នៅចុងម៉ោង។ នាការប្រកួតយប់នេះ ក្រុមរបស់លោកគ្រូបង្វឹក Brenden Rodger នឹងត្រូវអវត្តមាន ខ្សែប្រយុទ្ធអង់គ្លេស Daniel Sturridge ដោយសារតែបញ្ហារបួស កំភួនជើង ខណៈតួនាទីខ្សែប្រយុទ្ធ ពេលប៉ះជាមួយនឹង Real នៅស្រពិចស្រពិលនៅឡើយ ដោយសារតែទម្រង់លេង របស់ខ្សែប្រយុទ្ធអ៊ីតាលី Balotelli ដែលទិញពី AC Milan ក្នុងតម្លៃ ១៦ លានផោន ហាក់ដូចជាធ្លាក់ចុះ ពោលគឺរកបានតែមួយគ្រាប់គត់ ពេលប៉ះជាមួយនឹង Ludogorets ក្នុងទឹកដី។


ងាកទៅក្រុម Real Madrid វិញ ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង ដោយ៥ ប្រកួតចុងក្រោយ មិនដែលស្គាល់ពាក្យថាចាញ់ ប្រកួតចុងក្រោយ លុតក្រុមម្ចាស់ផ្ទះ Levante រហូតដល់ទៅ ០ទល់នឹង៥។ ក្រុមរបស់លោក Carlo Ancelotti នឹងធ្វើដំណើរទៅកាន់ទឹកដី Anfield របស់អង់គ្លេស ដោយអវត្តមានខ្សែបម្រើ ថ្លៃជាងគេបង្អស់ សញ្ជាតិវ៉ែល Gareth Bale ដោយសារតែបញ្ហារបួសភ្លៅ ខណៈខ្សែការពារស្លាប Sergio Ramos ក៏មិនមានក្នុងបញ្ជីឈ្មោះលេង នាយប់នេះដែរ ដោយសារតែបញ្ហារបួសកំភួនជើង។ លោក Carlo Ancelotti នៅមានខ្សែបម្រើឆ្នើម មួយរូបទៀត នោះគឺ Cristiano Ronaldo ដែលរកបានគ្រាប់បាល់ ដល់ទៅ ១៥ គ្រាប់ ក្នុងចំណោមតែ ៨ ប្រកួត។


គួរបញ្ជាក់ផងដែរថា Real Madrid កំពុងតែឈរ នៅលើកំពូលតារាង ក្នុងពូល B មាន ៦ ពិន្ទុ តាមពីក្រោយដោយ ក្រុមលេខ ៣ Liverpool មាន ៣ ពិន្ទុ។ ប្រវត្តិប៉ះគ្នា ពីរប្រកួតកន្លងទៅ អធិរាជ-ស Real Madrid មិនដែលឈ្នះ ហង្សក្រហម Liverpool នោះទេ។


តារាងការប្រកួត


តារាងលទ្ធផល


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]