ឥណ្ឌា៖ កីឡាករបាល់ទាត់ម្នាក់ ក្នុងក្របខ័ណ្ឌ Mizoram Premier League របស់ប្រទេសឥណ្ឌា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអបអរគ្រាប់បាល់ ស៊ុតបញ្ចូលទី ដោយលោតបង្វិលខ្លួន ប៉ុន្តែជាអកុសល បានភ្លាត់ស្នៀត។

ខ្សែបម្រើវ័យ ២៣ ឆ្នាំ កីឡាករ Peter Biaksangzuala បានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ បន្ទាប់ពីសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ Aizawl Civil អស់រយៈពេល ៥ ថ្ងៃ ប៉ុន្តែក្រុមគ្រូពេទ្យ មិនអាចសង្គ្រោះបាន ដោយសារតែមានរបួស ប៉ះទង្គិច ទៅនឹងឆ្អឹងខ្នងធ្ងន់ធ្ងរ។

ប្រភពសារព័ត៌មាន បានឲ្យដឹងទៀតថា Peter Biaksangzuala ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកីឡាករនេះ បង្វិលខ្លួនភ្លាត់ស្នៀត បន្ទាប់ពីរកគ្រាប់បាល់ ឲ្យ Bethlehem Vengthlang តាមយកស្មើ ១ទល់នឹង១ ជាមួយនឹងក្រុមភ្ញៀវ Chanmari West នៅនាទី ៦២។

«គាត់ព្យាយាមធ្វើតម្រាប់ ដោយបង្វិលខ្លួន តាមខ្សែប្រយុទ្ធអាឡឺម៉ង់ Miroslav Klose ប៉ុន្តែរឿងហេតុអកុសល បែរជាកើតឡើងទៅវិញ» នេះបើតាមសម្តីប្រភព ដែលជិតស្និតនឹងជនរងគ្រោះ។

បើទោះបីជា Peter Biaksangzuala បានស្លាប់បាត់បង់ជីវិតក៏ដោយ ក៏ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ បានស្ម័គ្រចិត្ត បរិច្ចាគភ្នែកទាំងពីរ របស់ខ្លួន ខណៈក្លឹបអាជីព របស់លោក Bethlehem Vengthlang FC បានប្រកាសរក្សាទុក អាវលេខ ២១ របស់ Peter ផងដែរ៕




វីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]