ឡាវ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទីបំផុតត្រូវខ្ទាតចេញ ពីកម្មវិធី AFF Suzuki Cup វគ្គជម្រុះ ហើយកាលពីម្សិលមិញ ក្រោយរងនូវ បរាជ័យលើកទី២ របស់ខ្លួនក្នុងចំណោម ៣ប្រកួត ទល់នឹង មីយ៉ាន់ម៉ា ០ ទល់នឹង ១។ តែទោះជាយ៉ាងណា ក៏ដោយក្រុមកម្ពុជា ត្រូវបានអ្នកគាំទ្រ ជាតិនឹងអន្តរជាតិ មើលឃើញថា មានការរីកចំរើន បច្ចេកទេសលេង នៅលើទីលានគួរឲ្យកត់សម្គាល់។

ជ័យជម្នះ ១ទល់ ០ របស់មីយ៉ាន់ម៉ាកើតចេញពីការ ផ្តល់បាល់ពិន័យប៉េណាល់ទីរបស់អាជ្ញាកណ្តាល នៅនាទី ទី ៤២ ហើយស៊ុតបញ្ចូលទី បានសំរេច ដោយកីឡាករ ខ្សែប្រយុទ្ធពាក់លេខ ១០ ឈ្មោះ Kyaw Ko Ko។ លទ្ធផលនៅក្នុងតង់ទី២ គ្មានអ្វីប្រែប្រួលនោះទេ ក្រុមទាំង២ បញ្ចប់ការប្រកួត ដោយលទ្ធផល បច្ចេកទេស មីយ៉ាន់ម៉ាបានយកឈ្នះកម្ពុជា ១ ទល់នឹង ០ ហើយជ័យជម្នះនេះផងដែរ បានធ្វើឲ្យមីយ៉ាន់ម៉ា ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្ត ក្នុងកម្មវិធីខាងលើនៅខែក្រោយជាមួយឡាវ និង ៦ប្រទេសផ្សេងទៀត ដែលរង់ចាំស្រាប់។ ក្រុមដែលធ្លាក់ចេញពីការប្រកួតមានដូចជា កម្ពុជា ទីម័រខាងកើត និងព្រុយនេ។

ក្រោយចប់ការប្រកួតលោក Raddy Avramovic ជនជាតិស៊ែប គ្រូបង្វឹកក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា បាននិយាយថា “ ខ្ញុំចាត់ទុកថាការ ប្រកួតនេះ គឺជាការប្រកួតមួយ ដែលលំបាកនឹងស្វិតស្វាញ ព្រោះខាង កម្ពុជា គឺការលេងរបស់គេនៅពេលនេះ គឺមានការខុសប្លែក ច្រើនពីលើកមុនៗ តែទោះជាយ៉ាងនេះ ក្តី ពួកយើងមានសំណាង ដែលបានឈ្នះការប្រកួត ទៅតាមអ្វីដែលយើងចង់បាន”។

ចំណែកឯលោកគ្រូបង្វឹក Lee Tae-hoon ជនជាតិកូរ៉េខាងត្បូងរបស់កម្ពុជាបានបកស្រាយថា៖ “ខ្ញុំមិនអាចបន្ទោស ពីការខិតខំប្រឹងប្រែង របស់កូនក្រុមខ្ញុំនោះទេ។ ពួកយើងខំប្រឹងលេង ដើម្បីយកឈ្នះ ក្រុមខ្លាំង មីយ៉ាន់ម៉ា ដែលពួកគេមានបទពិសោធន៍លើទីលានច្រើនជាងយើង។ អ្វីដែលយើងនឹងធ្វើនា ពេលបន្ទាប់គឺបន្ត ការខិតខំប្រឹងប្រែងតទៅ ទៀតដើម្បីធ្វើឲ្យបាល់ទាត់កម្ពុជាមានការរីកចំរើន ”។

គូសបញ្ជាក់ផងដែរថា បើទោះជាកម្ពុជាធ្លាក់ចេញ ពីការប្រកួតកម្មវិធីខាងលើ ក្តី តែកម្ពុជា នៅសល់ការ ប្រកួត បង្គ្រប់កិច្ចមួយប្រកួត ចុងក្រោយទៀត ជាមួយនឹង ក្រុមជម្រើសជាតិ ព្រុយណេ នៅថ្ងៃ ចន្ទ ស្អែក នេះវេលាម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]