ខេត្ត​កំពត​​​​​​​​ ៖ យុវនារី​ម្នាក់​បាន​​ត្រូវ​ចរន្ត​​អគ្គិ​សនី​​ឆក់​ស្លាប់​​​ ​ខណៈ​ពេល​កាន់​មី​​​ក្រូ​​ហ្វូន​​​បម្រុង​​​ច្រៀង​​ខារ៉ា​អូខេ​​លេង​នៅ​ក្នុង​​ផ្ទះ​​របស់​ខ្លួន​ ​កាល​ពី​​វេលា​​​ម៉ោង​​៨​និង​​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​​២៥ មិថុនា​ នៅ​ភូមិ​ដូង ឃុំ​ស្វាយ​​ទង​ខាង​ជើង​ ស្រុក​កំពង់​ត្រាច ។

លោក​​អ៊ា ស៊ី​ថា ​អាយុ​៥៤​ឆ្នាំ ​​ជា​ឪពុក​​ឱ្យ​​ដឹង​ថា​ កូន​ស្រី​​គាត់​ដែល​​ស្លាប់​នេះ​ឈ្មោះ​អ៊ា ឌី​ណា  អាយុ​​២៤​​ឆ្នាំ​ នៅ​ព្រឹក​​កើត​ហេតុ​ រូប​គាត់​​បាន​ដឹក​គោ​​ទៅ​ចង​​នៅ​ក្រោយ​​ផ្ទះ​ រីឯ​​កូន​ស្រី​​នៅ​រៀប​ចំ​ផ្ទះ​​ លុះ​គាត់​​ចង​គោ​ហើយ​មក​​ដល់​ផ្ទះ​​វិញ​ ស្រាប់តែ​​​ឃើញ​​កូន​ដេក​​​នៅ​មុខ​ទូរទស្សន៍​​ និ​ង​ឧបករណ៍​​​សម្រាក់​​​ចាក់​ខារ៉ា​អូ​ខេ​​ ដោយ​ដៃ​​កាន់​​មីក្រូ​​ហ្វូន​​ តែ​​គ្មាន​​កម្រើក​សោះ ទើប​​គាត់​ដឹង​ថា កូន​គាត់​​ពិត​ជា​ត្រូវ​​ចរន្ត​​​អគ្គិសនី​​ឆក់​​ហើយ ។ ខណៈ​នោះ​ គាត់​​ក៏​រត់​​ទៅ​​​យកទំពក់​​​​ប្ញស្សី​​​​មក​ទាញ​  មី​ក្រូ​ហ្វូន​​ចេញ​​ពីដៃ​កូន​​​ រួចយក​កូន​​ទៅ​​ប្រមៀល​ជា​មួយ​ភក់​ ដើម្បី​​ឱ្យ​​ធាតុ​​ដី​ជួយ​​​ស្រូប​​ក្រែង​​​​កូន​គាត់​​អាចនៅ​​​មាន​​​ជីវិត​​រស់​បាន​ តែ​ជា​អកុសល​​កូន​គាត់​បាន​​ស្លាប់​​ទៅ​ហើយ​​ ។

ជុំ​វិញ​​ហេតុ​ការណ៍​​​ខាង​លើ​ ​​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​​​ពុំ​​អាច​ទាក់​ទង​​ទៅ​​លោក​​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​​​​ស្វាយ​ទង​ខាង​ជើង​​​ដើម្បី​​បំភ្លឺ​​បាន​​​​ទេ ដោយ​​​រក​លេខ​ទូរស័ព្ទ​​ទំនាក់​ទំនង​​ពុំ​បាន ។ ​​​តាម​ព័ត៌មាន​​​​​ឱ្យ​ដឹ​ង​ទៀត​​​ថា ​គ្រួសារ​​នេះ​មិន​មែន​មាន​តែ​ឪពុក​និង​កូន​​២​នាក់​នេះ​​ទេ តែ​ពេល​​​កើត​ហេតុ​​ក្នុង​ផ្ទះ​នោះ​​ម្តាយ​នាង​ទៅ​ផ្សារ​​ ឯ​ប្អូន​​​​៤នាក់​ទៀត​​ទៅ​ធ្វើ​ការ​​​និងទៅ​រៀន ៕​

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]