ឡាវ៖ ក្រុមបាល់ទាត់ ជម្រើសជាតិ កម្ពុជា កាលពីម្សិលមិញ បានធ្វើការប្រកួត លើកទី២ របស់ខ្លួន ក្នុងកម្មវិធី បាល់ទាត់ AFF Suzuki Cup (វគ្គជម្រុះ) ទល់នឹង ក្រុមជម្រើសជាតិ បាល់ទាត់ទីម័រខាងកើត បន្ទាប់ពី ការប្រកួតទី ១ កម្ពុជាភ្លាត់ស្នៀត ចាញ់ឡាវ នៅចុងម៉ោង ៣ ទល់នឹង ២ យ៉ាងខកចិត្ត។ ក្រុមទាំង២ ត្រូវការឈ្នះរៀងខ្លួន ដើម្បីបានកៅអីមួយ ទៅប្រកួត វគ្គផ្តាច់ព្រ័ត្ត កម្មវិធីខាងលើនៅខែ ក្រោយ ជាមួយនឹង ប្រទេស ៦ទៀត ដែលរង់ចាំ ស្រាប់ មានដូចជា ថៃ, ឥណ្ឌូនេស៊ី, ម៉ាលេស៊ី, វៀតណាម, សឹង្ហបុរី និងភីលីពីន។

ចាប់ផ្តើមការ ប្រកួតតង់ទី១ភ្លាម ក្រុមទាំង២ ធ្វើការវាយសម្រុក ទៅមករៀងខ្លួន ក៏ប៉ុន្តែមិនមាន ក្រុមណា អាចស៊ុតបញ្ចូលទី បាននោះទេ រហូត ដល់នាទី ទី ២៥ ទីម័រខាងកើត រកបានមួយគ្រាប់ដោយ ប្រធាន ក្រុម De Almeida Barbosa ពាក់លេខ៦។ លុះចូលមកដល់ តង់ទី២ កីឡាករ ខ្សែបំរើ ពាក់លេខ៨ Filipe Bertoldo Dos Santos ដែលលេងឲ្យក្លឹប INTER BEBEDOURO នៅប្រេស៊ីល ស៊ុត បញ្ចូលទី ឲ្យទីម័របាន មួយគ្រាប់ទៀត នៅនាទី ទី៥០។

បន្ទាប់ពីរងសម្ពាធ នាំមុខដល់ទៅ២គ្រាប់ គ្រូបង្វឹកជនជាតិ កូរ៉េខាងត្បូង របស់កម្ពុជា បានផ្លាស់ប្តូរ កីឡាករខ្សែប្រយុទ្ធ ពាក់លេខ ១៥ សុក ចាន់រស្មីឲ្យ ចូល ប្រកួត។ ខ្សែប្រយុទ្ធមកពីក្លឹប TriAsia Phnom  Penh រូបនេះមិន បានធ្វើឲ្យ គ្រូបង្វឹក ក៏ដូចជាអ្នកគាំទ្រកម្ពុជា ខកចិត្តនោះទេ បន្ទាប់ពីគាត់ ស៊ុតបញ្ចូលទី ទីម័របាន រហូតដល់៣ គ្រាប់ម្នាក់ឯង នៅនាទី ទី ៦៤, ៧៧ និង៨២ ដោយចំណាយពេល ត្រឹម ១៨ នាទី ប៉ុណ្ណោះ។ លទ្ធផលមិនមាន ការប្រែប្រួលនោះទេ រហូតដល់ចប់ការប្រកួត ក្រុម ជម្រើសជាតិ កម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិ ទីម័រខាងកើត ដោយលទ្ធផល បច្ចេកទេស ៣ ទល់នឹង ២។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាឈរ នៅលំដាប់ទី ៤ក្នុងតារាង ដោយការប្រកួត ២ដង ឈ្នះ១ ចាញ់១ មាន៣ ពិន្ទុ។ ការប្រកួតបន្ទាប់ កម្ពុជា ត្រូវប៉ះជាមួយ ក្រុមខ្លាំង មីយ៉ាន់ម៉ា នៅថ្ងៃទី១៨ ខែតុលា វេលាម៉ោង៣ និង៣០នាទី ម៉ោងនៅកម្ពុជា ហើយការប្រកួតចុងក្រោយ គឺកម្ពុជាត្រូវតទល់ នឹងក្រុមបាត តារាង ព្រុយនេ នៅថ្ងៃចន្ទទី ២០ ខែតុលាវេលាម៉ោង ៥រសៀល ម៉ោងនៅកម្ពុជា៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]