ភ្នំពេញ : ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ  សមត្ថកិច្ចក្នុងក្រុងភ្នំពេញ បានចុះឆែកអាវុធជាតិផ្ទុះ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសដែលកើតឡើង បន្ទាប់ពីស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ផែនការតឹងរ៉ឹង ។

កម្លាំងប្រដាប់អាវុធ ប្រមាណជាង 40នាក់ មានទាំងនគរបាល និងអាវុធហត្ថខណ្ឌដូនពេញ រាជធានីភ្នំពេញ ដឹកនាំដោយអភិបាលរងខណ្ឌមួយរូប កាលពីយប់ថ្ងៃទី26 មិថុនា បានចុះប្រតិបត្តិការជាក់ស្តែង នៅតាមបណ្តោយផ្លូវទំនប់70 ក្រោយពីអំពើលួច ឆក់ ប្លន់ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ដោយស្នាដៃក្រុមប្លន់ប្រដាប់ អាវុធ ។

អភិបាលរងខណ្ឌដូនពេញ លោក ឯក ឃុនឌឿន បាននិយាយថា បន្ទាប់ពីមានករណីកម្រើកឡើងវិញ នូវសកម្មភាពបាញ់ប្លន់ជនរងគ្រោះ ជាអាជីវករលក់មាស ប្ដូរប្រាក់ ពេលធ្វើដំណើរទៅដល់ផ្ទះនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ2012 កន្លងទៅថ្មីៗ នេះ បានអញ្ជើញម្ចាស់បុរី ម្ចាស់ខុនដូ ចំនួន៥២នាក់ មកជួបប្រជុំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដាក់ចេញនូវវិធានការ បន្ថែមមួយចំនួនទៀត ក្នុង គោលបំណង ដើម្បីកាត់បន្ថយ សកម្មភាពប្លន់ប្រដាប់អាវុធ ដែលបានកើតឡើងនៅក្នុង បុរីមួយចំនួននៃរាជធានីភ្នំពេញ។

យុទ្ធនាការ ចុះពង្រឹងសន្តិសុខ ទាំងកណ្តាលយប់បែបនេះ ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ច តាមបណ្តាខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញ បាននិងកំពុងយក ចិត្តទុកដាក់រឹតបន្តឹងសន្តិសុខដូចគ្នា ។

ក្នុងប្រតិបត្តិការ រយៈពេលជាង1ម៉ោង កាលពីយប់ម៉ិញ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការផាកពិន័យ ទៅលើអ្នកបើកបរយានជំនិះ គ្រប់ប្រភេទបានជាច្រើនគ្រឿង ខណៈដែលអ្នកបើកបរមួយចំនួន បានបំពានច្បាប់ចរាចរណ៍។

ជាមួយគ្នានោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ 3នាក់ ដែលស្លៀកឯកសណ្ឋាន ជាមន្រ្តីនគរបាល និងអង្គរក្សផងដែរ បន្ទាប់ពីមានការសង្ស័យថា បានក្លែងបន្លំ ជាសមត្ថកិច្ច បើកម៉ូតូ 2គ្រឿង ប្រដេញជនសង្ស័យ 3នាក់ រហូតបង្កជារឿងគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមនុស្សម្នាក់ដួលសន្លប់ នៅក្បែររង្វង់មូលស្តាតចាស់ ចំណុច ផ្លូវប្រសព្វព្រះមុនីវង្ស កែងផ្លូវទំនប់70 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីនគរបាលមួយរូប បាននិយាយថាជនសង្ស័យ 3នាក់ ដែលស្លៀកឯកសណ្ឋាន ជាមន្រ្តីនគរបាល 2នាក់ និងអង្គរក្សម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីមានការ សង្ស័យថា ក្លែងបន្លំជាសមត្ថកិច្ច ។

សមត្ថកិច្ចខណ្ឌដូនពេញ បានដកស្រង់សម្តីប្រជាពលរដ្ឋថា កាលពីយប់ថ្ងៃទី26 ខែមិថុនា មនុស្ស 3នាក់ បានរងគ្រោះថ្នាក់ ក្រោយពីមានម៉ូតូ 2គ្រឿង ជិះគ្នា 3នាក់ ស្លៀកឯកសណ្ឋានសមត្ថកិច្ច បានប្រដេញម៉ូតូ 1គ្រឿងផ្សេងទៀត ដែលជិះគ្នា 3នាក់ ដូចគ្នា បណ្តាលឲ្យដួលសន្លប់ម្នាក់ និង 2នាក់ទៀត រត់គេចខ្លួន ។ ដោយឡែក
អ្នកប្រដេញ ដែលស្លៀកឯកសណ្ឋានសមត្ថកិច្ច ក៏រងរបួស 2នាក់ ក្នុងចំណោម 3នាក់ ផងដែរ ក្រោយពីដួលម៉ូតូហើយនោះ ។

ក្រុមប្រជាពលរដ្ឋមួយចំនួន បានធ្វើការរិះគន់ថា កន្លងមកធ្លាប់មានជនក្លែងបន្លំ ជាសមត្ថកិច្ចទៅធ្វើសកម្មភាពមិនប្រក្រតី ដូចជាឆក់ និងប្លន់ កៀបស៊ីជាដើម ដែលធ្វើ ឲ្យសមត្ថកិច្ចភាគច្រើន ត្រូវគេយល់ច្រឡំ ថាបានប្រព្រឹត្តទង្វើ មិនស័កិ្តសមជាសមត្ថកិច្ចដ៏ល្អ សម្រាប់ប្រទេសកម្ពុជា៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]