ខេត្ត​បាត់​ដំបង​ ៖ កម្លាំងកងអន្តរាគមន៍​ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត បាន​ឆ្មក់ចូលទៅបង្ក្រាប​ក្រុមអ្នកញៀនល្បែងអាប៉ោង១​កន្លែង ​កាលពីរសៀលថ្ងៃទី២៥ មិថុនា នៅក្នុង​ភូមិ​ព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយ​ឃាត់​ខ្លួន​អ្នកលេង​​បាន​ចំនួន៥នាក់ និង​វត្ថុ​តាង​មួយចំនួនផង រីឯអ្នកលេង​ជាងពាក់កណ្ដាល​ទៀត​បានរត់ប្រសាចពេញវាលស្រែ ។

លោក កង សុផាណា ប្រធានក្រុមដឹកនាំ​កម្លាំងកង​អន្តរាគមន៍​ចុះបង្រ្កាបវង់​ល្បែង​ខុស​ ច្បាប់នេះ​និយាយថា ក្រុមអ្នក​លេង​អាប៉ោង​ទាំងនោះខ្លះបានផ្លោះចេញតាមរបង ឯខ្លះទៀត​រត់​ចេញទៅវាលស្រែខាងក្រោយភូមិ ។ លោក​បន្តថា ម្ចាស់ផ្ទះ​បើក​​លេង​ល្បែង​ស៊ីសង​នេះ​ឈ្មោះ ប្រុញ ផាន់ ហៅយាយភា អាយុ៧៤ឆ្នាំ ដែល​​គេ​រាយ​ការណ៍​ថា បានដំណើរការ​ជិត​១​ខែ​មក​ហើយ​ ។ អ្នកញៀនល្បែងចំនួន៥នាក់ ដែល​ត្រូវ​ឃាត់ខ្លួនមាន ១-ឈ្មោះ សឿន ភ័ក្រ្ត​អាយុ​២៤​​ឆ្នាំ ២-ឈ្មោះ សឿន ដូ អាយុ​៣៣ឆ្នាំ ៣-ឈ្មោះ​ ទិព សឿន អាយុ៨២ឆ្នាំ ទាំង៣នាក់​នេះ​នៅភូមិ​ព្រៃរកា សង្កាត់អូរម៉ាល់ ៤-ឈ្មោះ រឿន រ៉ាត់ អាយុ៥៤ឆ្នាំ និង៥-ឈ្មោះ មាស ធឿន អាយុ​៥៣​ឆ្នាំ ទាំង២នាក់នៅភូមិអណ្ដូងព្រីង សង្កាត់​អូរ​ម៉ាល់ ។ ជាមួយគ្នានេះ សមត្ថ​កិច្ច​រឹបអូស​បាន​ចាន​សម្រាប់បាញ់អាប៉ោង១ និង​សម្ភារ​មួយ​ចំនួនទៀត​ជាវត្ថុតាង ។

សមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ ប្រុញ ផាន់ ហៅយាយភាទេ ដោយឃើញគាត់​ចាស់ជរាទៅហើយ ។ យាយ​​ភា​បានប្រាប់​សមត្ថ​កិច្ចនៅកន្លែងកើតហេតុថា គាត់មិនបាន​ផ្ដល់ទី​កន្លែងឲ្យពួកអ្នកញៀនល្បែងនោះលេងទេ ប៉ុន្តែ​ពួកគេចេះតែនាំគ្នាមកលេងហាមមិនស្ដាប់ឡើយ ។ គាត់បញ្ជាក់ថា គាត់​រស់នៅម្នាក់​ឯង​ក្នុង​ផ្ទះ​នោះ ព្រោះកូនចៅបែកអស់ហើយ។ គាត់បាន​ស្ដីប​​ន្ទោស​ក្រុមអ្នកញៀនល្បែងទាំងនោះ តែ​ពួកគេចេះតែថា គ្មានបញ្ហាព្រោះគេត្រូវ​រ៉ូវ​គ្នា​ជាមួយសមត្ថកិច្ចមូលដ្ឋានអស់ហើយ លុះពេល​នេះ​ត្រូវសមត្ថកិច្ចចាប់ល្មម ។

សូមបញ្ជាក់ថា បច្ចុប្បន្នល្បែង​ស៊ីសង​ហាក់​ដូច​ជាស្ងប់ស្ងាត់បន្តិចនៅក្នុងក្រុងបាត់ដំបង ប៉ុន្តែតាមប្រភពព័ត៌​មានបានឲ្យដឹងថា ក្រុមអ្នក​លេងមួយចំនួនកេណ្ឌគ្នា​ចេញទៅលេងតាមបណ្ដាស្រុកឆ្ងាយៗ ដូចជានៅក្នុងស្រុក​មោងប្ញ​ស្សី​ជា​ដើម ។ ចំពោះនៅក្នុងក្រុងបាត់ដំបង មានលេង​លួចលាក់ ​គឺ​មិនចេញមុខដូច​កាលពី​​ប៉ុន្មានខែ​មុន​ទេ ។ ទោះជាយ៉ាងណាក្រុមអ្នកញៀន​ល្បែង​ប៉ុន្មាន​នាក់ខាងលើនេះ បើតាមសមត្ថ​កិច្ច​ប្រាប់​ថា ​គ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យ​បញ្ឈប់​​សកម្ម​ភាព​តែប៉ុណ្ណោះ។ ប៉ុន្តែតាមការ​កត់​សម្គាល់​កន្លងមកពេលមានការបង្រ្កាបម្តងៗ គេឃើញ​ក្រុម​អ្នកលេងមុខដដែលៗ​ទេ ដែលខ្លះមាន​កិច្ច​សន្យាស្ទើររាប់ភ្លេចទាំង​កិច្ចសន្យា​នៅ​ឯតុលាការផង តែពួកគេមិនដែល​រាងចាលឡើយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]