រាជធានីភ្នំពេញ ៖ តារាចម្រៀង កញ្ញាឆៃលី ដាឡែន បានចំណាយ ប្រាក់១ម៉ឺនដុល្លារ បើកហាងកាត់សក់ បែបយុវវ័យទាន់សម័យ ។ នេះជាអាជីព ថ្មីមួយទៀតបន្ទាប់ ពីអាជីពសិល្បៈ របស់ដាឡែន ។ ហាងកាត់សក់នោះ បើកសម្ពោធ កាលពីពេលថ្មីៗ កន្លងទៅ ។
កញ្ញាឆៃលី ដាឡែន បញ្ជាក់ថា ហាងកាត់សក់ របស់នាងឈ្មោះ «Drកាត់សក់បុរស» ស្ថិតនៅបុរីពិភពថ្មី (បឹងឈូក) ក្បែរវត្ត សំរោងអណ្តែត ។ ពេលនាងរៀបចំបើក សម្ពោធហាងនោះ មិនបានអញ្ជើញភ្ញៀវ ចូលរួមច្រើនទេ គឺគ្រាន់តែធ្វើពិធី ជប់លៀង ធម្មតាប៉ុណ្ណោះ ព្រោះជាហាងតូចមួយ ។

ឆៃលី ដាឡែន រំឭកថា ពីមុននាងធ្លាប់ បើកហាងលក់ខោអាវ ប៉ុន្តែមកពីមិន រីកចម្រើនក៏បិទវិញ ។ ពេលនេះនាង បើកហាងកាត់សក់ មកពីយល់ថា យុវជនចូលចិត្ត លេងម៉ូដសក់ ប្លែកៗតាមតារាខ្មែរ និងតារាបរទេស ។ បើកហាងកាត់សក់ មិនចំណាយ ដើមទុនច្រើនទេ គឺត្រឹមតែ ១ម៉ឺនដុល្លារប៉ុណ្ណោះ ហើយអាចតុបតែង ហាងបានស្អាតទៀត ។ ម្យ៉ាងហាងកាត់សក់ នៅតំបន់ដែល នាងបើកនោះ មានមនុស្ស រស់នៅច្រើន និងចំផ្លូវធំ ។

ហាងកាត់សក់នោះ ឆៃលី ដាឡែន បញ្ជាក់ថា អត់មានចូលហ៊ុន ជាមួយអ្នកណាទេ គ្រាន់តែមានចំណែក ជួយមើលការ ខុសត្រូវខ្លះពី បងប្អូនរបស់ គូសង្សារនាង ព្រោះគេចេះជំនាញ ផ្នែករចនាម៉ូដសក់ ។ ទន្ទឹមបានមុខរបរថ្មី ឆៃលី ដាឡែន អះអាងថា ចំណងស្នេហ៍ របស់នាងជាមួយ តារាថ្មីវ័យក្មេង នៅតែរឹងមាំដដែល ថ្វីដ្បិតតែមិនទាន់ ដឹងច្បាស់ពីវេលា ចូលរោងការក្តី ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]