រាជធានីភ្នំពេញ​​ ៖ តា​រា​សម្តែង​​​កាយ​វិការ​​ខារ៉ា​អូ​ខេ ​ភាព​យន្ត​​ ​និង​ជា​តារា​​បង្ហាញ​​ម៉ូដ​​ក្នុង​ក្រុម​​ដួង​ ហ្សូ​រី​ដា ​គឺ​​កញ្ញា​​​ពិន ចរិយាពេជ្រ​ ​ក្នុង​វ័យ​២០​ឆ្នាំ​ដ៏​ស្រស់​​សោ​ភារូប​​នេះ ទើប​តែ​ឈាន​ជើង​ចូល​​ប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​​សម្តែង​​បាន​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ តែ​​នាង​បាន​ក្លាយ​ជា​តួ​ឯក​ក្នុង​ភាព​យន្ត​​​ភាគ​ដែល​​កំពុង​​ត្រៀម​ចាក់​​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ។​ ជា​ពិសេស​មក​ទល់​ពេល​នេះ​​​​ ក្រៅ​ពី​អាជីព​សិល្បៈ​​សម្តែង​​ និង​ដើរ​​បង្ហាញ​ម៉ូដ​ ចរិយ​ា​ពេជ្រ​​កំពុង​តែ​ពង្រីក​​អាជីព​​មួយ​ទៀត​ គឺ​បើក​ហាង​កាត់​សក់​បុរស​-​នារី ​ដោយ​​ដាក់​យី​ហោ​ឈ្មោះ​​របស់​នាង​ថា «​ចរិយា​ពេជ្រ​សាឡន» កាត់​សក់​បុរស​នារី​​ នៅ​ម្តុំ​​ខាង​លិច​​រោង​ភាព​យន្ត​​​លុច្ស​ ផ្ទះ​លេខ​​២៣​E0 ផ្លូវលេខ​១៤៥ ។

ពេល​វេ​លា​កន្លង​ផុត​ទៅ​​ជាង​២​ឆ្នាំ​មក​នេះ ​​​គេ​សង្កេត​ឃើញ​កញ្ញា​​​ពិន ចរិយា​ពេជ្រ​ មិន​ត្រឹម​​តែ​ក្លាយ​​ខ្លួន​ជា​តា​រា​សម្តែង​​កាយ​វិការ​​​ខា​រ៉ា​អូ​ខេ​​​តាម​បទ​ចម្រៀង ​​ជា​តា​​រា​ភាព​យន្ត​ភាគ និង​ជា​តារា​បង្ហាញ​ម៉ូដ​​ដែល​កំពុង​​រីក​ក្នុង​​សួន​សិល្បៈ​​នោះ​ទេ គឺ​នាង​​ក្លាយ​​ជា​ម្ចាស់​ហាង​កាត់​សក់​បុរស​-​នារី​ទៀត​ផង​ ។ ​នាង​​កំពុង​​តែ​បន្ត​ហាត់​រៀន​ច្រៀង​​​មួយ​ផ្នែក​ទៀត​​ផង ដើម្បី​​ទាក់​ទាញ​​ប្រិយ​មិត្ត​​​ មហាជន​ទូ​ទៅ​ឱ្យ​គាំ​ទ្រ​​​​នាង និង​​ឈាន​ទៅ​​រក​ភាព​ល្បី​កេរ្តិ៍​​ឈ្មោះ​ក្នុង​សង្គម​សិល្បៈ។

កញ្ញា ​ពិន ចរិយា​ពេជ្រ ​បា​ន​​​ឱ្យ​អ្នក​យក​ព័ត៌មាន​​​កោះ​សន្តិ​ភាព​​​​​ដឹង​​ថា ​​នាង​បាន​បោះ​ជំហាន​​ចូ​ល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​សម្តែង​នេះ កាល​ពី​ឆ្នាំ​​​២០១០ ហើយ​នៅ​ឆ្នាំ​​២០១១​​​នាង​បាន​ចូល​រួម​ប្រកួត​​សម្រស់​នៅ​ក្នុង​កម្ម​វិធី​​កញ្ញា​ឯក BRIDGESTONE ​នៃ​ស្ថានីយ​ទូរទស្សន៍​​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ហើយ​ទទួល​បាន​ជ័យ​លាភី​ចំណាត់​ថ្នាក់​​លេខ​២​ប្រចាំ​ឆ្នាំ ។ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​ជា​កញ្ញា​​ឯក​លេខ​​២ កញ្ញា​ ពិន ​ចរិយា​ពេជ្រ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​​​សម្តែង​កាន់​តែ​ជ្រៅ​ គឺ​មិន​ត្រឹម​តែ​ក្លាយ​ជា​តា​រា​សម្តែង​​​កាយ​វិការ​​ខា​រ៉ា​អូ​ខេ​​នោះ​ទេ កញ្ញា​​ក៏​បាន​ក្លាយ​ជា​តា​រ​ា​ភាព​យន្ត​​ភាគ​ដែល​បាន​ចូល​រួម​សម្តែង​​ថត​​ជា​ច្រើន​រឿង ​ដូច​ជា​រឿង​​​«ឧត្តម​ដួង​ចិត្ត» រឿង​«រាជិនី​បញ្ចពណ៌» និង​ភាព​យន្ត​ខ្នាត​ខ្លី​បែប​អប់​រំ​ និង​ថត​ស្ប៉ត​​ជា​ដើម ។ ​​ក្នុង​ឆ្នាំ​២០១២​នេះ ​កញ្ញា​​ពិន ចរិយាពេជ្រ​ ក៏​បាន​​​ក្លាយ​ជា​តួ​ឯក​​ក្នុង​ភាព​យន្ត​ភាគ​រឿង «​របង​ស្នេហ៍​​​ពិសោធចិត្ត» ​ដែល​កំពុង​​ថត​ជិត​ចប់​ ហើយ​ត្រៀម​​ចាក់​ផ្សាយ​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ទៀត​ផង ​។ មិន​តែ​ប៉ុណ្ណោះ​កញ្ញា ចរិយា​ពេជ្រ ជា​រៀង​រាល់​​ល្ងាច​ថ្ងៃ​សុក្រ​​ រាល់​​សប្តាហ៍​នាង​តែង​តែ​​បង្ហាញ​​សមត្ថភាព ​​​​​ទេព​កោសល្យ​សម្តែង​​ និង​ដើរ​​ម៉ូដ​នៅ​ក្នុង​កម្ម​វិធី​​​​តន្ត្រី My TV នៃ​​ស្ថា​នីយ​ទូរទស្ស​ន៍​ My TV​ ផង​​ដែរ ។

ទន្ទឹម​​នឹង​លេច​មុខ​​លេច​មាត់​ក្នុង​វិស័យ​សិល្បៈ​​សម្តែង​​នេះដែរ កន្លង​​​​មក​ក៏​​មាន​លេច​ឮ​​ពាក្យច​ចាម​អារ៉ាម​​​មួយ​ចំនួន​ដូច​ជា ថា​មាន​ម៉ែ​យ៉ែម​​ទាក់​ទង​នាង​​ឱ្យ​ទៅ​ញ៉ាំ​បាយ​​ជា​មួយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​ និង​មន្ត្រី​ធំ​​ និង​ឮ​ថា​​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​​ចិញ្ចឹម​​ និង​បើក​ហាង​ឱ្យ​នាង​ទៀត​ផង ។ ​​នៅ​ពេល​ដែល​យើង​​ជួ​ប​សម្ភាស​ន៍​​នាង​​​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១២ ​ នៅ​ហាង​​របស់​នាង​​ កញ្ញា​ពិន ចរិយា​ពេជ្រ​ ​បាន​ឆ្លើយ​នឹង​ពាក្យ​ចចាម​អារ៉ាម​​​ខាង​លើ​ថា ​ពាក្យ​ចចាម​អារ៉ាម​​​​ខាង​លើ​នោះ​ជា​ការ​ពិត​ ព្រោះ​ថា​កន្លង​មក​​មាន​ម៉ែ​យ៉ែម​​ទូរស័ព្ទ​មកទាក់​ទង​នាង​ញឹក​ញាប់ សុំ​នាង​ឱ្យ​ទៅ​ញ៉ាំ​​បាយ​ជា​មួយ​គេ ​តែ​នាង​មិន​រញ៉េ​រញ៉ៃ​តាម​មេ​អណ្តើក​អត់​ស្នូក​ដែល​ជា​ម៉ែ​យ៉ែម​នោះ​ទេ ព្រោះ​នាង​ខ្លាច​សន្តិ​សុខ​ផ្ទាល់​ខ្លួន។ ​មួយ​វិញ​ទៀត​​ថា​មាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​បើក​ហាង​កាត់​សក់​បុរស​-នារី ​​ឱ្យ​នាង​​នោះ​ក៏​ជា​​ការ​ពិត​ដែរ គឺ​អ្នក​ដែល​គាំ​ទ្រ​​ និង​បើក​​ហាង​ឱ្យ​នាង​នោះ​គឺ​ជា​បង​ស្រី​បង្កើត​របស់​​នាង ​គ្មាន​​អ្នក​មាន​ណា​គេ​​ចំណាយ​ប្រាក់​ឱ្យ​នាង​បើក​ហាង​​នោះ​ទេ។

ទាក់​ទង​នឹង​ជីវិត​ស្នេហា​​​ផ្ទាល់​ខ្លួន​​ ​ក្រៅ​ពី​ជួប​ប្រទះ​នឹង​ពាក្យ​​ចចាម​អារ៉ាម​កន្លង​មក​ខាង​លើ​នេះ ​កញ្ញា​ពិន ចរិយា​ពេជ្រ បាន​អះ​អាង​ឱ្យ​ដឹង​ថា ​នាង​ពិត​​ជា​នៅ​​ទំនេរ​គ្មាន​​ជាប់​ពាក់​ព័ន្ធ​​ស្នេហា​ជា​មួយ​បុរស​ណា​​ម្នាក់​​ទេ ​ហើយ​ក៏​មិន​ទាន់​​ចង់​បាន​ដែរ ៕​

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]