ភ្នំពេញ៖ លោក អ៊ិត សេដ្ឋា ពិធីករជើងចាស់សម្បូរវោហាស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ិន ពិសេសក្នុង កម្មវិធី "មន្តស្នេហ៍សំនៀង" បានច្រានចោលភ្លាមៗ នូវព័ត៌មានដែលបានលើកឡើងថា ភរិយារបស់លោក អ្នកស្រី ស សុភាព ប្តឹងឡើងទៅកាន់តុលាការ សុំលែងលះតាមផ្លូវច្បាប់ កាលពីពេលថ្មីៗនេះ ដោយសារការ រស់នៅមិនចុះសម្រុងនឹងគ្នា ដោយផ្ដើមចេញពីជំលោះដាក់គ្នា យ៉ាងតឹងសរសៃក កាលពីជាងកន្លះខែមុន ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២នេះ លោក អ៊ិត សេដ្ឋា បាន បញ្ជាក់ថា " មានឯណាអូន...! អត់មានរឿងលែងលះអីកើតឡើងទេ ប្រពន្ធខ្ញុំក៏គាត់បដិសេដដែរ ប្រហែល ជាអ្នសារ ព៍ត៌ មានគាត់យល់ច្រឡំ ខ្ញុំនឹងប្រពន្ធនៅដេកឱបគ្នារាល់ថ្ងៃតើ ....? អត់អីទេណា ! សូមទោសផង! អូន! " ។

លោក អ៊ិត សេដ្ឋា បានឆ្លើយបដិសេដ បែបនេះរាល់ពេលមានអ្នកសារព័ត៌មានចោទសួរ ខណៈដែលការបែក ធ្លាយឡើងដល់តុលាការ ហើយគេពុំដឹងថា រវាង អ៊ិត សេដ្ឋា និង ភរិយា មានជំលោះផ្ទៃក្នុង កើតឡើងតាំង ពីពេលណាមកទេ ទើបតែថ្មីនេះផ្ទុះរឿងលែងលះកើតឡើង និងរហូតឈានដល់ការប្ដឹងទៅតុលាការ ។

បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នាដែលធ្លាប់រាប់អានជិតស្និទ្ធ ជាមួយលោក អ៊ិត សេដ្ឋា បាន បង្ហើបឲ្យដឹងថា រយៈពេល១៣ឆ្នាំ នៃការរួមរស់ជាមួយគ្នា រវាងលោក អ៊ិត សេដ្ឋា និងភរិយា រហូតមានកូន ដល់ទៅបីនាក់ គឺមិនសូវជាចុះសម្រុងនឹងគ្នាប៉ុន្មានឡើយ ពោលដោយសារតែលោក អ៊ិត សេដ្ឋា មិនសូវសម្បូរ ធនធានទ្រព្យសម្បតិ្ត ឯភរិយាគឺជាកូនអ្នកមាន ហើយក៏មិនសូវផ្តល់កិត្តិយស ឬគោរពសិទ្ធិប្តីនោះឡើយ ទោះបី ជាលោក អ៊ិត សេដ្ឋា ក្លាយជាពិធីករដែលមានប្រជាប្រិយភាពទទួលបានការគាំទ្រពីមហាជន រហូតមានឈ្មោះ ល្បីតាមកញ្ជាក់ទូរទស្សន៍យ៉ាងណាក្តី។

ផ្ទុយពីការអះអាងខាងលើនេះ អ្នកស្រី ស សុភាព ដែលជាភរិយាពេញច្បាប់របស់លោកអ៊ិត សេដ្ឋា ប្រាប់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅថា បញ្ហាទាំងអស់នេះ អ្នកស្រី សុំមិននិយាយអ្វីច្រើននោះទេ ព្រោះត្រូវរង់ចាំការកាត់សេចក្តី របស់តុលាការ ៕

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]